កីឡាជាតិ
ជាតិ
អគ្គលេខាធិការសហព័ន្ធបាល់ទះ ព្រមាន​ក្លិបដែលអនុញ្ញាតឲ្យកីឡាករលេង «ចាប់បាល់បោក»
15, Oct 2022 , 9:29 pm        
រូបភាព
ការប្រកួតបាល់ទះក្នុងសាល ថ្នាក់ឧត្តមសិក្សានាពេលកន្លងទៅ។ រូបពី VFC
ការប្រកួតបាល់ទះក្នុងសាល ថ្នាក់ឧត្តមសិក្សានាពេលកន្លងទៅ។ រូបពី VFC
ដោយ:
 លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ពី​ការ​រៀបចំ​លក្ខន្តិកៈទាក់ទងនឹង​ការ​ប្រកួតក្រៅផ្លូវការ «លេង​បាយ​បាន» នៅតាម​ក្លិប​ក្នុងរាជធានីភ្នំពេញ និង​បណ្តា​ខេត្ត ជាពិសេស​ការព្រមាន​ជុំវិញ​ការអនុញ្ញាតឲ្យ​កីឡាករលេង «ចាប់បាល់បោក» ដែល​បង្ហាញ​គំរូមិនល្អ និងមិនមាន​ស្តង់ដារត្រឹមត្រូវ។

 
«យើងក្នុងនាមជាសហព័ន្ធ តែងតែអំពាវនាវ ធ្វើយ៉ាងណាឲ្យមាន​ការ​លេង​តាមស្តង់ដារ ព្រោះការផ្សាយ​ផ្ទាល់ [Live] ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​លេង​តាមបែបបច្ចេក​ទេសត្រឹមត្រូវ និងប៉ះពាល់ដល់សហព័ន្ធផ្ទាល់»។ នេះជាការ​បញ្ជាក់​របស់​លោក អាំង សិរីពិសិដ្ឋ ទាក់ទងនឹងការដាស់តឿន​បណ្តា​ក្លិប​បាល់ទះឲ្យគោរពលក្ខខណ្ឌកីឡា បើទោះបីជាការប្រកួតក្រៅផ្លូវការក៏ដោយ។


 ការប្រកួតបាល់ទះនៅតាមខេត្ត(ក្រៅផ្លូវការ) កន្លងមក។ រូប Capture ពីSE
 
លោក​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី​១៤ ខែតុលា ថា វិស័យ​កីឡា​បាល់ទះក្នុងស្រុកពិតជាមានសន្ទុះ​ខ្លាំង ប៉ុន្តែការ​ប្រកួតក្រៅផ្លូវការ មិន​បាន​លេងស្របតាមបច្ចេក​ទេស​ត្រឹមត្រូវនោះឡើយ ដោយ​សហព័ន្ធកំពុងសិក្សា និងកំណត់ផែនការចំពោះបណ្តា​ក្លិបនានា។
 
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ថា៖«យើងក៏មានការចងក្រងច្បាប់​ជិតចប់ដែរហើយ ដល់ពេលនោះអ្វីៗយើងនឹងអនុវត្តទៅតាមច្បាប់ ហើយអាចឈានទៅដល់ការបិទក្លិប និងដកអាជ្ញាប័ណ្ណដែលចេញតែម្តង»។ ជាមួយនឹងការរឹតបន្តឹងការលេងបែប ចាប់បាល់បោក ប៉ះសេជាប់ (លើកជាប់ៗ) គឺសហព័ន្ធគ្រាន់តែចង់យុវជនជំនាន់ក្រោយលេងដោយភាពត្រឹមត្រូវតាមបច្ចេកទេសកីឡាបាល់ទះ៕
 
 
 
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com