កីឡាជាតិ
ជាតិ
អគ្គលេខាធិការសហព័ន្ធបាល់ទះ ព្រមានក្លិបដែលអនុញ្ញាតឲ្យកីឡាករលេង «ចាប់បាល់បោក» ការប្រកួតបាល់ទះក្នុងសាល ថ្នាក់ឧត្តមសិក្សានាពេលកន្លងទៅ។ រូបពី VFC
× លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ពីការរៀបចំលក្ខន្តិកៈទាក់ទងនឹងការប្រកួតក្រៅផ្លូវការ «លេងបាយបាន» នៅតាមក្លិបក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ជាពិសេសការព្រមានជុំវិញការអនុញ្ញាតឲ្យកីឡាករលេង «ចាប់បាល់បោក» ដែលបង្ហាញគំរូមិនល្អ និងមិនមានស្តង់ដារត្រឹមត្រូវ។
«យើងក្នុងនាមជាសហព័ន្ធ តែងតែអំពាវនាវ ធ្វើយ៉ាងណាឲ្យមានការលេងតាមស្តង់ដារ ព្រោះការផ្សាយផ្ទាល់ [Live] ធ្វើឲ្យប៉ះពាល់ដល់ការលេងតាមបែបបច្ចេកទេសត្រឹមត្រូវ និងប៉ះពាល់ដល់សហព័ន្ធផ្ទាល់»។ នេះជាការបញ្ជាក់របស់លោក អាំង សិរីពិសិដ្ឋ ទាក់ទងនឹងការដាស់តឿនបណ្តាក្លិបបាល់ទះឲ្យគោរពលក្ខខណ្ឌកីឡា បើទោះបីជាការប្រកួតក្រៅផ្លូវការក៏ដោយ។
ការប្រកួតបាល់ទះនៅតាមខេត្ត(ក្រៅផ្លូវការ) កន្លងមក។ រូប Capture ពីSE
លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៤ ខែតុលា ថា វិស័យកីឡាបាល់ទះក្នុងស្រុកពិតជាមានសន្ទុះខ្លាំង ប៉ុន្តែការប្រកួតក្រៅផ្លូវការ មិនបានលេងស្របតាមបច្ចេកទេសត្រឹមត្រូវនោះឡើយ ដោយសហព័ន្ធកំពុងសិក្សា និងកំណត់ផែនការចំពោះបណ្តាក្លិបនានា។
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ថា៖«យើងក៏មានការចងក្រងច្បាប់ជិតចប់ដែរហើយ ដល់ពេលនោះអ្វីៗយើងនឹងអនុវត្តទៅតាមច្បាប់ ហើយអាចឈានទៅដល់ការបិទក្លិប និងដកអាជ្ញាប័ណ្ណដែលចេញតែម្តង»។ ជាមួយនឹងការរឹតបន្តឹងការលេងបែប ចាប់បាល់បោក ប៉ះសេជាប់ (លើកជាប់ៗ) គឺសហព័ន្ធគ្រាន់តែចង់យុវជនជំនាន់ក្រោយលេងដោយភាពត្រឹមត្រូវតាមបច្ចេកទេសកីឡាបាល់ទះ៕
Tag:
កីឡាបាល់ទះ
អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com