បឺត សំរេច ជាកូនបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត? ទោះជាសំណួរដែលមិនទាន់បានចម្លើយផ្លូវការក៏ដោយចុះ ប៉ុន្តែអតីតកីឡាករប្រដាល់រូបនេះ ទទួលបានការអនុញ្ញាតដ៏ពិសេសមួយពីភរិយា លោក គង្គ ប៊ុនឈឿន សម្រាប់ការច្រៀងបទដែលកវីម្ចាស់ស្ទឹងសង្កែនិពន្ធថ្មី ទាំងបទភ្លេង និងទំនុកច្រៀង ពោលគឺមិនជាប់ពាក់ព័ន្ធជាមួយមរកតដើម។
តាមរយៈសារ Messenger អ្នកស្រី តាត គឹមលន ភរិយារបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ អ្នកចង់ដឹងសមត្ថភាព ជាពិសេសទឹកដមសំឡេងរបស់លោក បឺត សំរេច ដែលទើបតែប្រកាសថា ខ្លួនជាកូនប្រុសបង្កើតរបស់លោក ស៊ីន ស៊ីសាមុត។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីមិនមានបំណងឱ្យលោក សំរេច ច្រៀងបទចម្រៀងមរតកដើមឡើយ។ ប៉ុន្តែការសម្រេចឲ្យច្រៀង បទចម្រៀងមរតកដើម នៅពេលណាចាំសម្រេចពេលក្រោយ។
ទាក់ទងនឹងទំនាក់ទំនងសាច់ឈាមរវាងលោក ស៊ីន ស៊ីសាមុត និងលោក បឺត សំរេច អ្នកស្រី តាត គឹមលន ហាក់ដូចជាមិនមានមតិបដិសេធឡើយ តែក៏មិនបានលើកភស្តុតាងមកបញ្ជាក់នោះដែរ ដោយគ្រាន់តែធ្លាប់លើកឡើងថា មានតែចាស់ៗជំនាន់មុនប៉ុណ្ណោះ ទើបបានដឹងរឿង។
ចង់ដឹងសមត្ថភាព ព្រោះទឹកដមក៏ស្រដៀងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតដែរ
ហេតុអ្វីបានជាអនុញ្ញាតឱ្យ បឺត សំរេច ច្រៀងបទនិពន្ធថ្មីរបស់ស្វាមី? ស្ត្រីដែលកំពុងរស់នៅប្រទេសន័រវេសរូបនេះ អះអាងបន្ថែមថា បឺត សំរេច មានទឹកដមស្រដៀងលោក ស៊ីន ស៊ីសាមុត ផងដែរ ហើយទៅថ្ងៃមុខ ប្រសិនបើគាត់ប្រឹងប្រែងហ្វឹកហាត់បច្ចេកទេសច្រៀងបន្ថែម គាត់ច្បាស់ជាជឿនលឿនទៅមុខខ្លាំង។
អ្នកស្រីពន្យល់៖ «គ្រាន់តែចង់ជួយ សំរេច ឱ្យច្រៀងបទតា [លោក គង្គ ប៊ុនឈឿន] ដើម្បីឱ្យគេ [សាធារណជន] យល់ថាគ្នាអាចច្រៀងបាន ឬច្រៀងពីរោះដូចជា “ឪពុក” ឬទេ? នេះជាការជួយលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្ត។ សំរេច បាននិយាយថា ប្រសិនមីងត្រូវការឱ្យខ្ញុំច្រៀង ខ្ញុំជួយច្រៀងបាន ខ្ញុំមិនគិតគូរអ្វីទេ។ ខ្ញុំមានចិត្តមួយ ដើម្បីដឹងសំឡេងឱ្យបានច្បាស់លាស់ និងដើម្បីឱ្យគេដឹងយល់ថាពិតជាកូន ឬយ៉ាងម៉េច ខ្ញុំត្រូវតែឱ្យក្មួយ សំរេច ច្រៀង»។
ភរិយាកវីម្ចាស់ស្ទឹងសង្កែ រៀបរាប់ថា ការដែលអ្នកស្រីឱ្យលោក បឺត សំរេច ច្រៀងបទចម្រៀងដែលស្វាមីអ្នកស្រីនិពន្ធថ្មី មិនមែនជាការឆ្លៀតឱកាសតោងល្បីឡើយ ប៉ុន្តែការណ៍នោះធ្វើឡើង ដើម្បីឱ្យសាធារណជន ដឹងកាន់តែច្បាស់ ថាសំឡេងលោក បឺត សំរេច អាចច្រៀងបទចម្រៀងថ្មី បានល្អមែនឬយ៉ាងណា។
អ្នកស្រីបន្ថែម៖«ខ្ញុំធ្លាប់ធ្វើការនេះ [ការងារលើវិស័យសិល្បៈ] ពីមុនមកដែរ ទើបខ្ញុំយកបទថ្មីរបស់តា [លោក គង្គ ប៊ុនឈឿន] ឱ្យ សំរេច ច្រៀង។ ខ្ញុំក៏ចង់ដឹងដែរថា សំរេច អាចច្រៀងបានពីរោះឬអត់? បើគាត់អាចច្រៀងរលូន គឺជាការល្អហើយ។ មានបទចាស់ជារឿងធម្មតា មានសំឡេង អាចច្រៀងបានទាំងអស់។ ប៉ុន្តែបទថ្មីតែងថ្មី យើងនឹងដឹងថាសំឡេងគាត់ មានទឹកដម ឬអាចច្រៀងបានឬអត់»។
បទថ្មី ត្រូវការពេលយូរ ព្រោះលោក គង្គ ប៊ុនឈឿន សរសេរណោតភ្លេងបែបបារាំង
បច្ចុប្បន្នបទចម្រៀងដែលលោក គង្គ ប៊ុនឈឿន បាននិពន្ធថ្មី ពុំទាន់បានយកទៅផលិតឬច្រៀង មានចំនួនប្រមាណ១០បទ។ បទចម្រៀងទាំង១០នេះ គឺត្រូវបានលោក គង្គ ប៊ុនឈឿន តាក់តែងឡើង នាអំឡុងពេលលោកនៅមានជន្មាយុ។ កវីម្ចាស់ស្ទឹងសង្កែរូបនេះ បានទទួលមរណភាព កាលពីឆ្នាំ២០១៦ នៅក្នុងប្រទេសន័រវេស។
ជាការសាកល្បង ក្នុងចំណោមបទចម្រៀងទាំង១០បទនោះ លោក បឺត សំរេច មានឱកាសបានសាកល្បងច្រៀង ដើម្បីដឹងពីសមត្ថភាពសំឡេងរបស់ខ្លួន។ ដ្បិតអី អ្នកស្រី តាត គឹមលន ថាបទចម្រៀងមួយចំនួន ដែលជាស្នាដៃស្វាមីអ្នកស្រី សូម្បីលោក ស៊ីន ស៊ីសាមុត ក៏ពិបាកច្រៀងដែរ។ អ្នកស្រីលើកឧទាហរណ៍ដូចជាបទ “អារសាច់ជូនម្ដាយ” ជាដើម។
ទោះជាយ៉ាងណាក៏ដោយ បទចម្រៀងដែលតម្រូវឱ្យលោក បឺត សំរេច ច្រៀងនោះ ពុំទាន់អាចផលិតបាននៅឡើយទេ ដោយសារតែណោតភ្លេង លោក គង្គ ប៊ុនឈឿន និពន្ធតាមបែបបារាំង ដូច្នេះត្រូវប្រែណោតនោះ មកតាមបែបខ្មែរសិន។ ហេតុនោះការផលិតបទចម្រៀងថ្មី ដែលច្រៀងដោយ លោក បឺត សំរេច នេះ ត្រូវការពេលយូរទៅមុខទៀត។ អ្នកស្រី គឹមលន ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ថាបទចម្រៀងនោះមានចំណងជើងថាយ៉ាងណា ហើយពេលណាផលិតរួចរាល់ និងផ្សាយជាសាធារណៈ។
ជឿ! មិនជឿ! និងការជំរុញតេស្ត DNA
កាលពីពេលថ្មីៗកន្លងទៅ លោក បឺត សំរេច អាយុ៤៩ឆ្នាំ បានអះអាងថា លោក គឺជាកូនរបស់លោក ស៊ីន ស៊ីសាមុត ជាមួយនឹងម្ដាយ ដែលជានាដការបាំព្រះរាជទ្រព្យ ឈ្មោះ ធីម វិជ្ជរ៉ា។ ការប្រកាសបែបនេះ ធ្វើឱ្យសាធារណជនមួយចំនួនជឿ ហើយមួយចំនួនទៀតក៏មិនជឿដែរ។ មានសាធារណជនមួយរូប បានស្នើឱ្យលោក បឺត សំរេច ធ្វើតេស្ត DNA ដើម្បីឱ្យដឹងការពិត។ លោក បឺត សំរេច ក៏បានឆ្លើយតបថា លោកយល់ព្រម។
ក្នុងករណីនេះ លោក សេង តារា អ្នកស្រាវជ្រាវបទចម្រៀង និងប្រវត្តិតារាចម្រៀងនិងសម្ដែង ទសវត្សរ៍ឆ្នាំ៦០ ក៏អះអាងថាលោកកំពុងតែស្វែងរកភស្តុតាង ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ លោក បឺត សំរេចដែរ។ សម្រាប់អ្នកស្រី តាត គឹមលន អ្នកស្រីទទួលស្គាល់ថា លោក បឺត សំរេច គឺជាកូនរបស់លោក ស៊ីន ស៊ីសាមុត ពិតមែន។ អ្នកស្រីថាចាស់ៗជំនាន់មុន ដែលធ្លាប់ធ្វើការជាមួយអ្នកស្រី និងលោក ស៊ីន ស៊ីសាមុត ទើបដឹងរឿងនោះ។
យ៉ាងណាក៏ដោយ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលត្រូវជាចៅស្រី លោក ស៊ីន ស៊ីសាមុត ជាមួយអ្នកស្រី ខាវ ថងញ៉ុត បានបង្ហោះសារ លើបណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក បញ្ជាក់ថា កញ្ញាបដិសេធមិនបកស្រាយអ្វីទាំងអស់ ជុំវិញករណីនេះ។
នៅថ្ងៃទី២២ ខែមិថុនា លោក សេង តារា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ភរិយាលោក ស៊ីន ស៊ីសាមុត គឺអ្នកស្រី ខាវ ថងញ៉ុត បដិសេធមិនឲ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ឡើយ។ ហើយក៏ប្រកាសមិនទទួលស្គាល់ថា រឿងរបស់លោក បឺត សំរេច ជាកូនរបស់លោក ស៊ីន ស៊ីសាមុត គឺជាការពិតដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សិទ្ធិឯកជនរបស់អ្នកស្រី ខាវ ថងញ៉ុត និងក្រុមគ្រួសារ ត្រូវតែទទួលបាននូវការគោរព ហើយរឿងពិតយ៉ាងណានោះ ក៏មិនអាចដឹងច្បាស់លាស់នៅពេលណាឡើយ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺសំនៀងរបស់ លោក បឺត សំរេច ដែលទទួលបានការគាំទ្រ និងកោតសរសើរច្រើនពីសាធារណជន៕