ជាតិ
ភរិយាកវី គង្គ ប៊ុនឈឿន ឱ្យ​លោក បឺត សំរេច ច្រៀង​បទដែល​​ស្វាមីនិពន្ធ​ថ្មី និង​មិនពាក់ព័ន្ធមរតកដើម
22, Jun 2023 , 4:37 pm        
រូបភាព
រូបពីហ្វេសប៊ុក Tat Kimlorn (គាត គឹមលន)
រូបពីហ្វេសប៊ុក Tat Kimlorn (គាត គឹមលន)
បឺត សំរេច ជាកូន​បង្កើត​របស់​អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត? ទោះជាសំណួរ​ដែលមិន​ទាន់​បានចម្លើយ​ផ្លូវ​ការ​ក៏ដោយ​ចុះ ប៉ុន្តែ​អតីតកីឡាករ​ប្រដាល់​រូបនេះ ទទួលបាន​ការអនុញ្ញាត​ដ៏ពិសេសមួយពីភរិយា​ លោក គង្គ ប៊ុនឈឿន សម្រាប់​ការ​ច្រៀង​បទដែល​កវី​ម្ចាស់ស្ទឹង​សង្កែនិពន្ធថ្មី ទាំង​បទភ្លេង និងទំនុក​ច្រៀង ពោល​គឺមិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មរកតដើម។

 
តាមរយៈសារ Messenger អ្នក​ស្រី តាត គឹម​លន ​ភរិយា​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​ គង្គ ប៊ុនឈឿន​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ អ្នក​ចង់​ដឹង​សមត្ថភាព ជាពិសេសទឹក​ដម​សំឡេង​របស់​លោក បឺត សំរេច ដែលទើបតែ​ប្រកាស​ថា ខ្លួន​ជាកូនប្រុស​បង្កើត​របស់​លោក ស៊ីន ស៊ីសាមុត។ ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ អ្នក​ស្រីមិន​មាន​បំណង​ឱ្យ​លោក សំរេច ច្រៀង​បទ​ចម្រៀង​មរតក​ដើម​ឡើយ​។ ប៉ុន្តែការសម្រេចឲ្យច្រៀង បទចម្រៀងមរតកដើម នៅពេលណាចាំសម្រេចពេលក្រោយ។
 
ទាក់ទង​នឹង​ទំនាក់ទំនង​សាច់​ឈាមរវាង​លោក ស៊ីន ស៊ីសាមុត និង​លោក បឺត សំរេច អ្នក​ស្រី តាត គឹម​លន ហាក់​ដូចជាមិនមាន​មតិ​បដិសេធឡើយ តែក៏មិនបា​ន​លើកភស្តុតាងមក​បញ្ជាក់នោះដែរ ដោយគ្រាន់តែធ្លាប់​លើកឡើងថា មាន​តែ​ចាស់ៗជំនាន់​មុនប៉ុណ្ណោះ ទើប​បាន​ដឹងរឿង។
 
ចង់ដឹង​សមត្ថភាព ព្រោះទឹក​ដមក៏ស្រដៀងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតដែរ

ហេតុ​អ្វីបាន​ជាអនុញ្ញាតឱ្យ​ បឺត សំរេច ច្រៀង​បទនិពន្ធថ្មី​របស់ស្វាមី? ស្ត្រីដែល​កំពុង​រស់នៅ​ប្រទេសន័រវេស​រូបនេះ អះអាងបន្ថែមថា បឺត សំរេច មាន​ទឹក​ដម​ស្រដៀងលោក ស៊ីន​ ស៊ីសាមុត​ ផងដែរ ហើយ​ទៅ​ថ្ងៃមុខ​ ប្រសិន​បើគាត់​ប្រឹង​ប្រែង​ហ្វឹកហាត់បច្ចេកទេស​ច្រៀង​បន្ថែម គាត់ច្បាស់ជា​ជឿន​លឿន​ទៅមុខ​ខ្លាំង។
 
អ្នក​ស្រីពន្យល់៖ «គ្រាន់​តែ​ចង់​ជួយ​ សំរេច​​ ឱ្យ​ច្រៀង​បទ​តា [លោក គង្គ ប៊ុនឈឿន​] ​ ដើម្បី​ឱ្យ​គេ [សាធារណជន] យល់​ថា​គ្នា​អាច​ច្រៀង​បាន​ ឬ​ច្រៀង​ពីរោះ​ដូច​ជា “​ឪពុក” ​ឬ​ទេ​? នេះ​ជាការ​ជួយ​លើក​ទឹក​ចិត្ត និង​ផ្ដល់​កម្លាំង​ចិត្ត។ សំរេច​ បាន​និយាយ​ថា ប្រសិន​មីង​ត្រូវ​ការ​ឱ្យ​ខ្ញុំ​ច្រៀង ខ្ញុំ​ជួយ​ច្រៀង​បាន​ ខ្ញុំ​មិន​គិតគូរ​អ្វី​ទេ​។ ខ្ញុំ​មាន​ចិត្ត​មួយ​ ដើម្បី​ដឹង​សំឡេង​ឱ្យ​បាន​ច្បាស់​លាស់ និង​ដើម្បី​ឱ្យ​គេ​ដឹង​យល់​ថា​ពិត​ជា​កូន​ ឬ​យ៉ាង​ម៉េច​ ​ខ្ញុំ​ត្រូវ​តែ​ឱ្យ​ក្មួយ​ សំរេច ​ច្រៀង​​»។
 
ភរិយា​កវីម្ចាស់​ស្ទឹងសង្កែ រៀបរាប់ថា ការ​ដែលអ្នក​ស្រី​​ឱ្យ​លោក​ បឺត សំរេច ច្រៀង​បទ​ចម្រៀង​ដែល​ស្វាមី​អ្នក​ស្រី​និពន្ធ​ថ្មី មិន​មែន​ជាការ​​ឆ្លៀត​ឱកាស​​តោង​ល្បី​ឡើយ​ ប៉ុន្តែ​ការណ៍​នោះ​ធ្វើ​​ឡើង​ ដើម្បី​ឱ្យ​សាធារណជន​ ដឹង​កាន់​តែ​ច្បាស់​ ថា​សំឡេង​លោក បឺត សំរេច​ អាច​ច្រៀងបទ​ចម្រៀង​ថ្មី ​បាន​ល្អ​មែន​ឬ​យ៉ាង​ណា​។ 
 
អ្នក​ស្រីបន្ថែម​៖«ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នេះ [ការ​ងារ​លើ​វិស័យ​សិល្បៈ​] ​ពី​មុន​មក​ដែរ ទើប​ខ្ញុំ​យក​បទថ្មី​​របស់​តា [លោក គង្គ ប៊ុនឈឿន] ​ឱ្យ​ សំរេច​​ ​ច្រៀង​។ ​ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​ថា​ សំរេច​ អាច​ច្រៀង​បាន​ពីរោះ​ឬ​អត់​? បើ​គាត់​អាច​ច្រៀង​រលូន​ គឺ​ជា​ការ​ល្អ​ហើយ​​។ មាន​បទ​ចាស់​ជា​រឿង​ធម្មតា មាន​សំឡេង ​អាច​ច្រៀង​បាន​ទាំង​អស់​។ ប៉ុន្តែ​បទ​ថ្មី​តែង​ថ្មី យើង​នឹង​ដឹង​ថា​សំឡេង​​គាត់​ មាន​ទឹក​ដម ​ឬ​អាច​ច្រៀង​បាន​ឬ​អត់​»។
 
បទថ្មី ត្រូវការពេលយូរ ព្រោះ​លោក គង្គ ប៊ុនឈឿន សរសេរណោតភ្លេងបែបបារាំង

បច្ចុប្បន្ន​បទ​ចម្រៀង​ដែល​លោក គង្គ ប៊ុនឈឿន បាន​និពន្ធ​ថ្មី ពុំ​ទាន់​បាន​យក​ទៅ​ផលិត​ឬ​ច្រៀង​ មាន​ចំនួន​ប្រមាណ​១០​បទ​។ បទចម្រៀងទាំង១០នេះ គឺត្រូវបានលោក គង្គ ប៊ុនឈឿន តាក់តែងឡើង នាអំឡុងពេលលោកនៅមានជន្មាយុ។ កវីម្ចាស់ស្ទឹងសង្កែរូបនេះ បានទទួលមរណភាព កាលពីឆ្នាំ២០១៦ នៅក្នុងប្រទេសន័រវេស។ 
ជា​ការ​សាក​ល្បង​ ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​១០​បទ​នោះ​ លោក បឺត សំរេច​ មាន​ឱកាស​បាន​សាក​ល្បង​​ច្រៀង ដើម្បី​ដឹង​ពី​សមត្ថភាព​​សំឡេង​របស់​ខ្លួន​។ ដ្បិត​អី​ អ្នក​ស្រី​ តាត គឹមលន ថា​បទ​ចម្រៀង​​មួយ​ចំនួន​ ដែល​ជា​ស្នាដៃ​ស្វាមី​អ្នក​ស្រី សូម្បី​លោក​ ស៊ីន ស៊ីសាមុត​ ក៏​ពិបាក​​ច្រៀង​ដែរ​។ អ្នក​ស្រី​លើក​ឧទាហរណ៍​ដូច​ជា​បទ “អារសាច់​ជូន​ម្ដាយ​” ជា​ដើម​។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បទ​ចម្រៀង​ដែល​តម្រូវ​ឱ្យ​លោក បឺត​ សំរេច​ ច្រៀង​នោះ​ ពុំ​ទាន់​អា​ច​ផលិត​បាន​នៅ​ឡើយទេ​ ដោយ​សារ​តែ​ណោតភ្លេង​ លោក គង្គ ប៊ុនឈឿន និពន្ធ​តាម​បែប​​បារាំង​ ដូច្នេះ​ត្រូវ​ប្រែ​ណោត​​​នោះ​ មក​តាម​បែប​ខ្មែរ​សិន​។ ហេតុ​នោះ​ការ​ផលិត​បទ​ចម្រៀង​ថ្មី ដែល​ច្រៀង​ដោយ​ លោក បឺត សំរេច​ នេះ ត្រូវ​ការ​ពេល​យូរ​ទៅ​មុខ​ទៀត​។ អ្នក​ស្រី គឹម​លន​ ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ ថា​បទចម្រៀង​​នោះ​មាន​ចំណង​ជើង​ថា​យ៉ាង​ណា ហើយ​ពេល​ណា​ផលិត​រួច​រាល់​ និង​ផ្សាយ​ជា​សាធារណៈ​។
 
ជឿ! មិនជឿ! និងការជំរុញតេស្ត DNA
 
កាល​ពី​ពេលថ្មី​ៗ​​កន្លង​ទៅ​ លោក បឺត សំរេច អាយុ​៤៩​ឆ្នាំ ​បាន​អះអាង​ថា លោក គឺ​ជា​កូន​របស់​លោក ស៊ីន ស៊ីសាមុត​ ជា​មួយ​នឹង​ម្ដាយ ​ដែល​ជា​នាដការបាំព្រះរាជទ្រព្យ ឈ្មោះ ធីម វិជ្ជរ៉ា​។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឱ្យ​សាធារណជន​មួយ​ចំនួន​ជឿ ហើយ​មួយ​ចំនួន​ទៀត​ក៏​មិន​ជឿដែរ​។ មាន​សាធារណជន​មួយ​រូប បាន​ស្នើ​ឱ្យ​លោក​ បឺត សំរេច ធ្វើ​តេស្ត​ DNA​ ដើម្បី​ឱ្យ​ដឹង​ការ​ពិត​។ លោក បឺត សំរេច ក៏​បាន​ឆ្លើយ​តប​ថា លោក​យល់ព្រម​។
 
ក្នុង​ករណី​នេះ លោក សេង តារា អ្នក​ស្រាវ​ជ្រាវ​​បទ​ចម្រៀង​ និងប្រវត្តិតារា​​​ចម្រៀង​និង​សម្ដែង ​ទសវត្សរ៍​ឆ្នាំ​៦០​ ក៏​អះអាង​ថា​លោក​កំពុង​តែ​ស្វែង​រក​ភស្តុតាង​ ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ លោក បឺត​ សំរេច​ដែរ​។ សម្រាប់​អ្នក​ស្រី តាត គឹម​លន អ្នក​ស្រី​ទទួល​ស្គាល់​ថា លោក​ បឺត សំរេច​ គឺ​ជា​កូន​របស់​លោក ស៊ីន ស៊ីសាមុត​ ពិត​មែន​​។ អ្នក​ស្រី​ថា​ចាស់​ៗ​ជំនាន់​មុន ដែល​ធ្លាប់​ធ្វើ​ការ​ជា​មួ​យ​អ្នក​ស្រី និង​លោក ស៊ីន ស៊ីសាមុត​ ទើប​ដឹង​រឿង​នោះ​។
 
យ៉ាង​ណា​ក៏​ដោយ​ ​កញ្ញា ស៊ីន សេដ្ឋ​សុជ្ឈតា ដែល​ត្រូវ​ជា​ចៅ​ស្រី​ លោក ស៊ីន ស៊ីសាមុត ជា​មួយអ្នក​ស្រី ខាវ ថងញ៉ុត បាន​បង្ហោះ​សារ ​លើ​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​ហ្វេស​ប៊ុក បញ្ជាក់ថា ​កញ្ញា​បដិសេធ​មិន​​បក​ស្រាយ​អ្វី​ទាំង​អស់​ ជុំ​វិញ​ករណីនេះ​។
 
នៅថ្ងៃទី២២ ខែមិថុនា លោក សេង តារា បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា ភរិយាលោក ស៊ីន ស៊ីសាមុត គឺ​អ្នក​ស្រី ខាវ ថងញ៉ុត បដិសេធមិនឲ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ​ឡើយ​។ ហើយ​ក៏ប្រកាសមិនទទួលស្គាល់ថា រឿងរបស់លោក បឺត សំរេច ជា​កូន​របស់​លោក ស៊ីន ស៊ីសាមុត គឺ​​​ជា​ការ​ពិត​ដែរ។ 
 
ទោះបីជាយ៉ាងណាក៏ដោយ សិទ្ធិឯក​ជន​របស់​អ្នក​ស្រី ខាវ ថងញ៉ុត និង​ក្រុមគ្រួសារ ត្រូវតែ​ទទួលបាននូវការ​គោរព ហើយ​រឿងពិត​យ៉ាងណានោះ ក៏មិន​អាច​ដឹងច្បាស់​លាស់នៅពេល​ណាឡើយ ប៉ុន្តែអ្វីដែលគួរឱ្យ​ចាប់អារម្មណ៍ គឺ​សំនៀង​របស់ លោក បឺត សំរេច ដែលទទួលបាន​ការ​គាំទ្រ និង​កោត​សរសើរច្រើនពីសាធារណជន៕
 
 

Tag:
 សិល្បៈ​
  ចម្រៀង
 
© រក្សាសិទ្ធិដោយ thmeythmey.com