កីឡាអន្តរជាតិ
អន្តរជាតិ
Fabregas ចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ក្រោយប្រកបអាជីព២០ឆ្នាំ
03, Jul 2023 , 12:00 pm        
រូបភាព
Cesc Fabregas អតីតខ្សែបម្រើឆ្នើម Arsenal, Barcelona និង Chelsea បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៦ឆ្នាំ។ ២០ឆ្នាំក្នុងអាជីព Fabregas ធ្លាប់ឈ្នះ World Cup, Premier League និង La Liga តែមិនដែលស្គាល់ជាតិ Champions League ឡើយ។


ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ដែលធ្លាប់ប្រកបអាជីពឱ្យក្លិបបាល់ទាត់ចំនួន៥​ បានជួយជម្រើសជាតិឈ្នះជើងឯក FIFA World Cup ឆ្នាំ២០១០ ជួយ Chelsea ឈ្នះ Premier League ២សម័យ និង Barcelona ឈ្នះ La Liga មួយលើក។ Arsenal ជាក្លិបកម្រិតអាជីពដំបូងរបស់ Fabregas ឯ Como 1907 នៃលីគទីពីរអ៊ីតាលី Serie B ជាក្លិបចុងក្រោយ។
 
នៅថ្ងៃទី២ ខែកក្កដា Fabregas បានបង្ហោះនៅលើបណ្តាញសង្គម Instagram ខ្លួនអំពីការបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅត្រឹមវ័យ៣៦ឆ្នាំ។ «វាជារឿងសោកសៅបំផុត ដែលដល់ពេលដែលខ្ញុំត្រូវព្យួរស្បែកជើងពីអាជីពកីឡាករបាល់ទាត់»។ Fabregas ប្រកាសដូច្នេះ ក្រោយលេងឱ្យ Como បានរយៈពេល​មួយ​ឆ្នាំដំបូង ស្របពេល​​កិច្ចសន្យា​របស់គូ​ជាមួយ​ក្រុម Serie B មានសុពលភាព២ឆ្នាំ។
  


យ៉ាងណាក៏ដោយ អតីតខ្សែបម្រើឆ្នើមក្រុមកាំភ្លើងធំបញ្ជាក់ថា ចូល​និវត្តន៍ពីកីឡាករបាល់ទាត់ ប៉ុន្តែរូបគេទទួលបានការងារថ្មីនៅក្លិប Como ​ជាអ្នក​បង្វឹក​ក្រុម​បម្រុង ​និង​ក្រុម​យុវជន​របស់ក្លិបអ៊ីតាលីមួយនេះ។
 
«វាមិនមែនជារឿងសោកសៅទាំងអស់នោះទេ ព្រោះថាឥឡូវនេះខ្ញុំត្រូវចូលដល់បន្ទាត់ថ្មី ដោយចាប់ផ្តើមបង្វឹកក្រុមឈុត B និង Primavera របស់ក្រុម Como 1907»។ នេះជាការបញ្ជាក់របស់ Fabregas មុនបន្ថែមថារូបគេពិតជារំភើបចិត្តចំពោះ​គម្រោង​របស់ក្លិប Como ហើយថាក្លិប Como បានផ្តល់មន្តស្នេហ៍ និងអន្តងបេះដូងរបស់គេតាំងពីនាទីដំបូងក្នុងក្លិបនេះ។
 
Fabregas លេចធ្លោខ្លាំងនៅពេលលេងឱ្យ Arsenal អំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ មុនទៅចូលរួមជាមួយ Barcelona ដល់ឆ្នាំ២០១៤។ ឆ្នាំ២០១៤ រូបគេបានផ្លាស់ទៅអង់គ្លេសវិញដោយចូលរួមជាមួយ Chelsea រយៈពេល៥រដូវកាល។ ផ្លាស់ទៅក្លិបបារាំង Monaco បាន៣រដូវកាលពីឆ្នាំ២០១៩ដល់២០២២ Fabregas ត្រូវបន្តដំណើរទៅអ៊ីតាលីដោយចូលរួមជាមួយ Como នៅឆ្នាំ២០២២ បាន១ដូវកាល មុនប្រកាសចូលនិវត្តន៍៕

Tag:
 (Cesc Fabregas
  ចូលនិវត្តន៍)
© រក្សាសិទ្ធិដោយ thmeythmey.com