កីឡាអន្តរជាតិ
អន្តរជាតិ
Fabregas ចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ក្រោយប្រកបអាជីព២០ឆ្នាំ
× Cesc Fabregas អតីតខ្សែបម្រើឆ្នើម Arsenal, Barcelona និង Chelsea បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៦ឆ្នាំ។ ២០ឆ្នាំក្នុងអាជីព Fabregas ធ្លាប់ឈ្នះ World Cup, Premier League និង La Liga តែមិនដែលស្គាល់ជាតិ Champions League ឡើយ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ដែលធ្លាប់ប្រកបអាជីពឱ្យក្លិបបាល់ទាត់ចំនួន៥ បានជួយជម្រើសជាតិឈ្នះជើងឯក FIFA World Cup ឆ្នាំ២០១០ ជួយ Chelsea ឈ្នះ Premier League ២សម័យ និង Barcelona ឈ្នះ La Liga មួយលើក។ Arsenal ជាក្លិបកម្រិតអាជីពដំបូងរបស់ Fabregas ឯ Como 1907 នៃលីគទីពីរអ៊ីតាលី Serie B ជាក្លិបចុងក្រោយ។
នៅថ្ងៃទី២ ខែកក្កដា Fabregas បានបង្ហោះនៅលើបណ្តាញសង្គម Instagram ខ្លួនអំពីការបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅត្រឹមវ័យ៣៦ឆ្នាំ។ «វាជារឿងសោកសៅបំផុត ដែលដល់ពេលដែលខ្ញុំត្រូវព្យួរស្បែកជើងពីអាជីពកីឡាករបាល់ទាត់»។ Fabregas ប្រកាសដូច្នេះ ក្រោយលេងឱ្យ Como បានរយៈពេលមួយឆ្នាំដំបូង ស្របពេលកិច្ចសន្យារបស់គូជាមួយក្រុម Serie B មានសុពលភាព២ឆ្នាំ។
យ៉ាងណាក៏ដោយ អតីតខ្សែបម្រើឆ្នើមក្រុមកាំភ្លើងធំបញ្ជាក់ថា ចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ប៉ុន្តែរូបគេទទួលបានការងារថ្មីនៅក្លិប Como ជាអ្នកបង្វឹកក្រុមបម្រុង និងក្រុមយុវជនរបស់ក្លិបអ៊ីតាលីមួយនេះ។
«វាមិនមែនជារឿងសោកសៅទាំងអស់នោះទេ ព្រោះថាឥឡូវនេះខ្ញុំត្រូវចូលដល់បន្ទាត់ថ្មី ដោយចាប់ផ្តើមបង្វឹកក្រុមឈុត B និង Primavera របស់ក្រុម Como 1907»។ នេះជាការបញ្ជាក់របស់ Fabregas មុនបន្ថែមថារូបគេពិតជារំភើបចិត្តចំពោះគម្រោងរបស់ក្លិប Como ហើយថាក្លិប Como បានផ្តល់មន្តស្នេហ៍ និងអន្តងបេះដូងរបស់គេតាំងពីនាទីដំបូងក្នុងក្លិបនេះ។
Fabregas លេចធ្លោខ្លាំងនៅពេលលេងឱ្យ Arsenal អំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ មុនទៅចូលរួមជាមួយ Barcelona ដល់ឆ្នាំ២០១៤។ ឆ្នាំ២០១៤ រូបគេបានផ្លាស់ទៅអង់គ្លេសវិញដោយចូលរួមជាមួយ Chelsea រយៈពេល៥រដូវកាល។ ផ្លាស់ទៅក្លិបបារាំង Monaco បាន៣រដូវកាលពីឆ្នាំ២០១៩ដល់២០២២ Fabregas ត្រូវបន្តដំណើរទៅអ៊ីតាលីដោយចូលរួមជាមួយ Como នៅឆ្នាំ២០២២ បាន១ដូវកាល មុនប្រកាសចូលនិវត្តន៍៕
Tag:
(Cesc Fabregas
ចូលនិវត្តន៍)
© រក្សាសិទ្ធិដោយ thmeythmey.com