ជាតិ
វង់ទស្សនាប្រាសាទតាកែវ ធ្វើឱ្យទេសចរ​ទស្សនាប្រាសាទគ្រប់ជ្រុងជ្រោយ
14, Jul 2023 , 7:59 am        
រូបភាព
ការរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ការរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ លុយ សិរីរក្សា
 
សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងសិក្សា ​និងរៀបចំវង់ទស្សនា​នៅ​ប្រា​សាទ​​​តាកែវ ដើម្បីធានាសណ្តាប់ធ្នាប់កាន់តែប្រសើរ និងលើកតម្លៃបេតិកភណ្ឌនៅ​រមណីយដ្ឋា​នអង្គរ។

 
កញ្ញា ចំរើន វិនា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បាន​បញ្ជាក់​​ថា ការងារ​វង់ទស្សនានេះ គឺផ្តោតលើ​ការកែលម្អបរិស្ថាន​នៅជុំវិញប្រាសាទ​​ ដូចជា​ការ​កាត់លះមែកឈើខ្លះៗ, រៀបចំផ្លូវថ្មើរជើងជុំវិញប្រាសាទ, ​រៀបចំផ្ទាំងព័ត៌មានស្តី​ពីប្រវត្តិ​​ប្រាសាទ និង​ដាក់ស្លាកសញ្ញាបង្ហាញទិសដែលអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ ​ស្វែង​​យល់​ដោយខ្លួនឯងបាន។ មន្រ្តីបច្ចេកទេសដដែលបន្តថា ​រង់​ទស្សនា​នេះ នឹងនាំ​ទេសចរ​ទាំ​ងឡាយឲ្យដើរទស្សនាបានគ្រប់ជ្រុងជ្រោយ និង​​ផ្តិត​យករូប​ភាព​ស្អាតៗនៃ​ប្រា​សាទ​​តាកែវ។​ ​ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចដើរ​ក្រោមម្លប់ឈើធម្មជាតិយ៉ាងត្រជាក់ មុននឹងមក​ដល់​ប្រាសាទ ដែលជាលក្ខណៈពិសេសមួយ​នៃប្រាសាទតាកែវ។
  
ការរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ រូបភាពពីអាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែល​ចូល​មកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីដ្ឋានអង្គរ ត្រូវគោរពនូវក្រមប្រត្តិបត្តអង្គរ និង​ស្លាក​សញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាន​សុខសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ព្រមទាំង​លើកកម្ពស់​គុណតម្លៃបេតិកភណ្ឌអង្គរ​៕
 

Tag:
 វប្បធម៌
  អង្គរ
  ប្រាសាទតាកែវ
  វង់ទស្សនា
© រក្សាសិទ្ធិដោយ thmeythmey.com