ជាតិ
វង់ទស្សនាប្រាសាទតាកែវ ធ្វើឱ្យទេសចរទស្សនាប្រាសាទគ្រប់ជ្រុងជ្រោយ ការរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
×
ដោយ៖ លុយ សិរីរក្សា
សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងសិក្សា និងរៀបចំវង់ទស្សនានៅប្រាសាទតាកែវ ដើម្បីធានាសណ្តាប់ធ្នាប់កាន់តែប្រសើរ និងលើកតម្លៃបេតិកភណ្ឌនៅរមណីយដ្ឋានអង្គរ។
កញ្ញា ចំរើន វិនា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបញ្ជាក់ថា ការងារវង់ទស្សនានេះ គឺផ្តោតលើការកែលម្អបរិស្ថាននៅជុំវិញប្រាសាទ ដូចជាការកាត់លះមែកឈើខ្លះៗ, រៀបចំផ្លូវថ្មើរជើងជុំវិញប្រាសាទ, រៀបចំផ្ទាំងព័ត៌មានស្តីពីប្រវត្តិប្រាសាទ និងដាក់ស្លាកសញ្ញាបង្ហាញទិសដែលអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្វែងយល់ដោយខ្លួនឯងបាន។ មន្រ្តីបច្ចេកទេសដដែលបន្តថា រង់ទស្សនានេះ នឹងនាំទេសចរទាំងឡាយឲ្យដើរទស្សនាបានគ្រប់ជ្រុងជ្រោយ និងផ្តិតយករូបភាពស្អាតៗនៃប្រាសាទតាកែវ។ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចដើរក្រោមម្លប់ឈើធម្មជាតិយ៉ាងត្រជាក់ មុននឹងមកដល់ប្រាសាទ ដែលជាលក្ខណៈពិសេសមួយនៃប្រាសាទតាកែវ។
ការរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីដ្ឋានអង្គរ ត្រូវគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបានសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ព្រមទាំងលើកកម្ពស់គុណតម្លៃបេតិកភណ្ឌអង្គរ៕
Tag:
វប្បធម៌
អង្គរ
ប្រាសាទតាកែវ
វង់ទស្សនា
© រក្សាសិទ្ធិដោយ thmeythmey.com