ជាតិ
«គម្រោងបុរាណវិទ្យាភូមិ» សិក្សាពីទីតាំងមនុស្សនៅ និងការដូរសាសនានៅចុងសម័យ​អង្គរ
16, Jul 2023 , 8:19 pm        
រូបភាព
ការស្រាវជ្រាវនៅខឿនព្រះវិហារក្នុងបរិវេណកំពែងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ការស្រាវជ្រាវនៅខឿនព្រះវិហារក្នុងបរិវេណកំពែងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ប្រវត្តិសាស្រ្តបានសរសេរពីការដូរសាសនា ពីព្រហ្មញ្ញសាសនា​ មកព្រះពុទ្ធ​សាសនា​ថេរវាទ ដែលសង្គមខ្មែរប្រណិប័តន៍សព្វថ្ងៃ។ អ្នកស្រាវជ្រាវនៅមានមន្ទិលច្រើន​ជុំវិញបញ្ហានេះ ពិសេសថាតើការដូរសាសនារបៀបនេះ ​បណ្តាលឲ្យមានការផ្លាស់ប្តូរសង្គម សេដ្ឋកិច្ច នយោបាយដូចម្ដេចខ្លះ​​​? តើការផ្លាស់ប្តូរនេះ មានរយៈពេលវែង ឬខ្លី បើសង្គម​មនុស្សភាគច្រើន​ ដែលធ្លាប់​គោរព​សាសនាព្រហ្មញ្ញ? តើមានវត្ថុតាងអ្វីខ្លះ​ដែលបន្សល់ទុក​នៅតាមសំណង់ព្រះវិហារ ឬទួលមនុស្សរស់នៅ?

 
ថ្មីៗនេះ គម្រោងសហប្រតិបត្តិអន្ដរជាតិមួយឈ្មោះថា «គម្រោងបុរាណវិទ្យាភូមិ» បាន សិក្សាលើ​​​ករណីខាងលើ​ ដោយបាននិងកំពុងធ្វើកំណាយលើខឿន​ព្រះវិហារពុទ្ធសាសនា​នៅបរិវេណ​កំពែង​ប្រាសាទអង្គរវត្ត។ កំណាយនេះ ចង់ដឹងជាក់លាក់ពី សកម្មភាព មនុស្ស រស់នៅ មុននិងក្រោយ​​ការផ្លាស់ប្ដូរ​សាសនាចាប់ពីសតវត្សទី ១៣ ដល់ទី ១៦។  
 
បណ្ឌិតបុរាណវិទ្យា លោក ហេង ពិភាល់ ដែលដឹកនាំការធ្វើកំណាយខាងលើ បាននិយាយ ថា ក្រុមស្រាវជ្រាវរបស់លោកនៅ តែចង់ដឹងភស្ដុតាងជាក់លាក់មួយ​ពីរចនាសម្ព័ន្ធខឿន​ព្រះវិហារ និងទួលបុរាណដែលមានមនុស្សរស់នៅ ក្នុងបរិវេណប្រាសាទអង្គរវត្ត។ បរិវេណ អង្គរតូចនេះ​ជាកូនក្រុងមួយនៅភាគខាងត្បូងរបស់ទីក្រុងអង្គរ ជាកន្លែងដែលធ្លាប់មាន មនុស្សរស់នៅ​ច្រើន​នាសម័យអង្គរ ហើយប្រជាជនប្រកាន់ខ្ជាប់ និងគោរពព្រហ្មញ្ញ សាសនា។ តើហេតុអ្វី​សំណង់ខឿនព្រះវិហារពុទ្ធសាសនា ដែលសង់កំឡុងសតវត្សទី១៤-១៦នេះ សង់ក្នុងបរិវេណប្រាសាទ​ព្រហ្មញ្ញសាសនារបៀបនេះ? នេះជាចម្ងល់របស់​អ្នក​ស្រាវ​ជ្រាវ។

លោក ហេង ពិភាល់ ប្រធានគម្រោងបុរាណវិទ្យាភូមិ ពេលផ្តល់បទសម្ភាសនៅការដ្ឋានកំណាយស្រាវជ្រាវខឿនព្រះវិហារនៅកំពែងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា 

លោក ហេង ពិភាល់ លើកឡើងដូច្នេះ៖«​ តាមរយៈសន្លឹកសីមា គេអាចកំណត់អាយុ​ទួល​វិហារ​នេះ​នៅ អំឡុងសតវត្សទី១៤ ដល់១៦។ តាមការស្រាវជ្រាវពីលើកមុន នៅ​បរិវេណប្រាសាទអង្គរវត្ត​វាជាកូនក្រុងមួយ ដែលខ្មែរយើងនៅសៀមរាបហៅអង្គរតូច។ កូន​ក្រុង​នេះមានប្រព័ន្ធទួល ស្រះ ផ្លូវខ្វាត់ខ្វែងជា​ក្រឡាចត្រង្គ។ ប្រសិនមើលទៅលើទីតាំង​ក្រឡាចត្រង្គឃើញថា ទួលវិហារធ្វើ​នៅលើទួល​មនុស្ស​រស់នៅ​សម័យអង្គរ ក្នុងសតវត្ស​ទី១២។ យើងចង់ដឹងថា ពេលណាទើប​ពុទ្ធសាសនា ដែលតំណាងដោយខឿនព្រះវិហារ នេះ គេយកមកជំនួសទីតាំង​មនុស្សរស់នៅ​សម័យអង្គរ (ទួលបុរាណ)? អីចឹងទីតាំងមនុស្ស​រស់នៅ​នេះ​​វាអាចទាក់ទិន​ជាមួយការ​ប្ដូរសាសនា»។
 
អ្នកស្រាវជ្រាវ ចង់ស្វែងរកតឹកតាងដែលបញ្ជាក់កាន់តែច្បាស់ ពីការផ្លាស់ប្តូរសង្គមនានា ដែលទាក់ទងនឹងការដូរសាសនានាពេលនោះ។ ពួកគេរំពឹងថា កំណាយស្រាវជ្រាវលើក ទី២ ​នៅបរិវេណប្រាសាទអង្គរវត្ត​នេះ នឹងអាចប្រទះឃើញធ្យូង ឬឆ្អឹងសត្វ ដែលអាចយក ទៅ​វិភាគដឹង​ពីអាយុកាលនៃកាបូននោះបាន។ កំណាយលើកទី១ ត្រូវបាន​ធ្វើឡើង​នៅ​ក្នុង​ខែធ្នូ ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ ដោយបានបើករណ្ដៅទៅផ្នែកខាងត្បូង និង​ខាងកើត​ខឿនវិហារ។ តែលើកនេះ ធ្វើនៅរចនាសម្ព័ន្ធខាងលើ និងខាងជើងនៃខឿនវិហារ។ កំណាយនៅពេលនោះ គេប្រទះឃើញ​ចានចិនចំនួន៣ ដែលគេយកមកដាក់ធាតុ ហើយ ចាន​ទាំងនោះ ធ្វើឡើង​នៅសតវត្ស​ទី​១៨ ​ដល់ដើមសតវត្សទី២០។ នេះជាការបញ្ជាក់ពី លោក ហេង ពិភាល់។ 
 
ក្រៅពីតំបន់ប្រាសាទអង្គរវត្ត ក្នុងនោះគម្រោងស្រាវជ្រាវដែលមានសាកលវិទ្យាល័យហាវ៉ៃ សាកលវិទ្យាល័យកាលីហ្វរញ៉ាសហរដ្ឋអាមេរិក សហការជាមួយអាជ្ញាធរជាតិអប្សរា បាន ធ្វើកំណាយ​នៅ​ទីតាំងពីរផ្សេងទៀត មាននៅវត្តអធ្វា និងវត្តចេតិយ ដែលស្ថិតនៅ​ខាងក្រៅ​រាជធានី។ លោក ហេង ពិភាល់ ពន្យល់ថា៖« ទីតាំងដែលយើងស្រាវជ្រាវមាន៣ធំៗ មានវត្ត​អធ្ធា វត្តចេតិយ និងអង្គរវត្ត។ បំណងដូចគ្នា គឺចង់ដឹងពីការផ្លាស់ប្ដូរសាសនា ទំហំរបស់​ប្រជាជន​​ក្នុងតំបន់អង្គរ ដោយចែកជា២ក្រុម ទី១នៅបរិវេណ​ក្រុងអង្គរតូច ទី២នៅក្រៅ​ក្រុង​។ បើយើងយកមកធៀបគ្នា បើសិនក្រុងអង្គរលែងជារាជធានី តើការប្រើប្រាស់ទួលមនុស្ស​រស់នៅ​ដូរអ្វីខ្លះ? ខាងវត្តអធ្ធាដូរអីខ្លះ ខាងវត្តចេតិយដូរអីខ្លះ? ទើបយើងអាច​និយាយពីការ​ផ្លាស់ប្តូរអារ្យធម៌មួយបាន»។
 
ការស្រាវជ្រាវនៅពេលនេះ មានការប្រើប្រាស់ឧបករណ៍ទំនើប ​ដែលសម្រួលដល់ការរុះរក​មួយផ្នែកធំ។ ប្រធានគម្រោង លោក ហេង ពិភាល់ លើកឡើងថា ក្រុមលោកបាននាំបច្ចេក​វិទ្យា Ground Penetrating Radar និង Magnetometry ដែលមានលទ្ធភាពស្ទង់ឃើញ​រចនា​សម្ព័ន្ធក្រោមដី ដោយប្រើរលកវិទ្យុ និងម៉ាញេទិក។ ពេលណាវាស្ទង់ទៅ ប៉ះសម្ភារដូចជាដុំ ថ្ម ឬដីបង្ហាប់ជាដើម វានឹងផ្តល់សញ្ញា និងទិន្នន័យ ដែលអាចឲ្យយើងកំណត់​ទីតាំងធ្វើ​កំណាយ​​បានលឿនជាងមុន។
 
ជាផ្នែកមួយសំខាន់ នៃកិច្ចការស្រាវជ្រាវក្នុងគម្រោងបុរាណវិទ្យាភូមិដែរនោះ គឺការ​ផ្សព្វផ្សាយ​អប់រំ​ ដល់សហគមន៍។ បុរាណវិទូ ហេង ពិភាល់ ប្រាប់ថា គម្រោងនេះមាន ទាំង​និស្សិត​ក្នុង និងក្រៅស្រុក និងអ្នកបុរាណវិទ្យាខ្មែរបរទេស ​បាន​ធ្វើការរួមគ្នា ដើម្បី​​ស្រាវជ្រាវ​ពី​វប្បធម៌ អារ្យធម៌ខ្មែរ ការមករៀនពីគ្នា ផ្លាស់ប្ដូរបទពិសោធន៍ ស្របតាមនិន្នាការ សាកលភាវូបនីយកម្ម និងសមាហរណកម្មអាស៊ាន។ ជាងនេះទៅទៀត បំណងសំខាន់​នៃគម្រោងនេះ គឺចង់បណ្ដុះបណ្ដាល ផ្សព្វផ្សាយដល់សហគមន៍ជុំវិញទីតាំងស្រាវជ្រាវ និង​សិស្សានុសិស្ស ឱ្យយល់ពីការស្រាវជ្រាវបុរាណវិទ្យាថ្មីៗ និងតម្លៃនៃអារ្យធម៌​ ដែលពួកគេ​គួរចូលរួម​ថែរក្សា ​ទាំងនៅក្នុងមូលដ្ឋាន និងទូទាំងប្រទេស។ លោក ហេង ពិភាល់ សង្ឃឹម​ថា​ការស្រាវជ្រាវនេះ ​នឹងបន្តទទួលបាននូវការគាំទ្រ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រីការស្រាវជ្រាវ និងអប់រំ​ពីអារ្យធម៌ខ្មែរទៅថ្ងៃមុខទៀត៕
 

Tag:
 បុរាណវិទ្យា
  ការប្ដូរសាសនា
  ហេង ពិភាល់
© រក្សាសិទ្ធិដោយ thmeythmey.com