សៀមរាប៖ ប្រវត្តិសាស្រ្តបានសរសេរពីការដូរសាសនា ពីព្រហ្មញ្ញសាសនា មកព្រះពុទ្ធសាសនាថេរវាទ ដែលសង្គមខ្មែរប្រណិប័តន៍សព្វថ្ងៃ។ អ្នកស្រាវជ្រាវនៅមានមន្ទិលច្រើនជុំវិញបញ្ហានេះ ពិសេសថាតើការដូរសាសនារបៀបនេះ បណ្តាលឲ្យមានការផ្លាស់ប្តូរសង្គម សេដ្ឋកិច្ច នយោបាយដូចម្ដេចខ្លះ? តើការផ្លាស់ប្តូរនេះ មានរយៈពេលវែង ឬខ្លី បើសង្គមមនុស្សភាគច្រើន ដែលធ្លាប់គោរពសាសនាព្រហ្មញ្ញ? តើមានវត្ថុតាងអ្វីខ្លះដែលបន្សល់ទុកនៅតាមសំណង់ព្រះវិហារ ឬទួលមនុស្សរស់នៅ?
ថ្មីៗនេះ គម្រោងសហប្រតិបត្តិអន្ដរជាតិមួយឈ្មោះថា «គម្រោងបុរាណវិទ្យាភូមិ» បាន សិក្សាលើករណីខាងលើ ដោយបាននិងកំពុងធ្វើកំណាយលើខឿនព្រះវិហារពុទ្ធសាសនានៅបរិវេណកំពែងប្រាសាទអង្គរវត្ត។ កំណាយនេះ ចង់ដឹងជាក់លាក់ពី សកម្មភាព មនុស្ស រស់នៅ មុននិងក្រោយការផ្លាស់ប្ដូរសាសនាចាប់ពីសតវត្សទី ១៣ ដល់ទី ១៦។
បណ្ឌិតបុរាណវិទ្យា លោក ហេង ពិភាល់ ដែលដឹកនាំការធ្វើកំណាយខាងលើ បាននិយាយ ថា ក្រុមស្រាវជ្រាវរបស់លោកនៅ តែចង់ដឹងភស្ដុតាងជាក់លាក់មួយពីរចនាសម្ព័ន្ធខឿនព្រះវិហារ និងទួលបុរាណដែលមានមនុស្សរស់នៅ ក្នុងបរិវេណប្រាសាទអង្គរវត្ត។ បរិវេណ អង្គរតូចនេះជាកូនក្រុងមួយនៅភាគខាងត្បូងរបស់ទីក្រុងអង្គរ ជាកន្លែងដែលធ្លាប់មាន មនុស្សរស់នៅច្រើននាសម័យអង្គរ ហើយប្រជាជនប្រកាន់ខ្ជាប់ និងគោរពព្រហ្មញ្ញ សាសនា។ តើហេតុអ្វីសំណង់ខឿនព្រះវិហារពុទ្ធសាសនា ដែលសង់កំឡុងសតវត្សទី១៤-១៦នេះ សង់ក្នុងបរិវេណប្រាសាទព្រហ្មញ្ញសាសនារបៀបនេះ? នេះជាចម្ងល់របស់អ្នកស្រាវជ្រាវ។
លោក ហេង ពិភាល់ ប្រធានគម្រោងបុរាណវិទ្យាភូមិ ពេលផ្តល់បទសម្ភាសនៅការដ្ឋានកំណាយស្រាវជ្រាវខឿនព្រះវិហារនៅកំពែងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
លោក ហេង ពិភាល់ លើកឡើងដូច្នេះ៖« តាមរយៈសន្លឹកសីមា គេអាចកំណត់អាយុទួលវិហារនេះនៅ អំឡុងសតវត្សទី១៤ ដល់១៦។ តាមការស្រាវជ្រាវពីលើកមុន នៅបរិវេណប្រាសាទអង្គរវត្តវាជាកូនក្រុងមួយ ដែលខ្មែរយើងនៅសៀមរាបហៅអង្គរតូច។ កូនក្រុងនេះមានប្រព័ន្ធទួល ស្រះ ផ្លូវខ្វាត់ខ្វែងជាក្រឡាចត្រង្គ។ ប្រសិនមើលទៅលើទីតាំងក្រឡាចត្រង្គឃើញថា ទួលវិហារធ្វើនៅលើទួលមនុស្សរស់នៅសម័យអង្គរ ក្នុងសតវត្សទី១២។ យើងចង់ដឹងថា ពេលណាទើបពុទ្ធសាសនា ដែលតំណាងដោយខឿនព្រះវិហារ នេះ គេយកមកជំនួសទីតាំងមនុស្សរស់នៅសម័យអង្គរ (ទួលបុរាណ)? អីចឹងទីតាំងមនុស្សរស់នៅនេះវាអាចទាក់ទិនជាមួយការប្ដូរសាសនា»។
អ្នកស្រាវជ្រាវ ចង់ស្វែងរកតឹកតាងដែលបញ្ជាក់កាន់តែច្បាស់ ពីការផ្លាស់ប្តូរសង្គមនានា ដែលទាក់ទងនឹងការដូរសាសនានាពេលនោះ។ ពួកគេរំពឹងថា កំណាយស្រាវជ្រាវលើក ទី២ នៅបរិវេណប្រាសាទអង្គរវត្តនេះ នឹងអាចប្រទះឃើញធ្យូង ឬឆ្អឹងសត្វ ដែលអាចយក ទៅវិភាគដឹងពីអាយុកាលនៃកាបូននោះបាន។ កំណាយលើកទី១ ត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ ដោយបានបើករណ្ដៅទៅផ្នែកខាងត្បូង និងខាងកើតខឿនវិហារ។ តែលើកនេះ ធ្វើនៅរចនាសម្ព័ន្ធខាងលើ និងខាងជើងនៃខឿនវិហារ។ កំណាយនៅពេលនោះ គេប្រទះឃើញចានចិនចំនួន៣ ដែលគេយកមកដាក់ធាតុ ហើយ ចានទាំងនោះ ធ្វើឡើងនៅសតវត្សទី១៨ ដល់ដើមសតវត្សទី២០។ នេះជាការបញ្ជាក់ពី លោក ហេង ពិភាល់។
ក្រៅពីតំបន់ប្រាសាទអង្គរវត្ត ក្នុងនោះគម្រោងស្រាវជ្រាវដែលមានសាកលវិទ្យាល័យហាវ៉ៃ សាកលវិទ្យាល័យកាលីហ្វរញ៉ាសហរដ្ឋអាមេរិក សហការជាមួយអាជ្ញាធរជាតិអប្សរា បាន ធ្វើកំណាយនៅទីតាំងពីរផ្សេងទៀត មាននៅវត្តអធ្វា និងវត្តចេតិយ ដែលស្ថិតនៅខាងក្រៅរាជធានី។ លោក ហេង ពិភាល់ ពន្យល់ថា៖« ទីតាំងដែលយើងស្រាវជ្រាវមាន៣ធំៗ មានវត្តអធ្ធា វត្តចេតិយ និងអង្គរវត្ត។ បំណងដូចគ្នា គឺចង់ដឹងពីការផ្លាស់ប្ដូរសាសនា ទំហំរបស់ប្រជាជនក្នុងតំបន់អង្គរ ដោយចែកជា២ក្រុម ទី១នៅបរិវេណក្រុងអង្គរតូច ទី២នៅក្រៅក្រុង។ បើយើងយកមកធៀបគ្នា បើសិនក្រុងអង្គរលែងជារាជធានី តើការប្រើប្រាស់ទួលមនុស្សរស់នៅដូរអ្វីខ្លះ? ខាងវត្តអធ្ធាដូរអីខ្លះ ខាងវត្តចេតិយដូរអីខ្លះ? ទើបយើងអាចនិយាយពីការផ្លាស់ប្តូរអារ្យធម៌មួយបាន»។
ការស្រាវជ្រាវនៅពេលនេះ មានការប្រើប្រាស់ឧបករណ៍ទំនើប ដែលសម្រួលដល់ការរុះរកមួយផ្នែកធំ។ ប្រធានគម្រោង លោក ហេង ពិភាល់ លើកឡើងថា ក្រុមលោកបាននាំបច្ចេកវិទ្យា Ground Penetrating Radar និង Magnetometry ដែលមានលទ្ធភាពស្ទង់ឃើញរចនាសម្ព័ន្ធក្រោមដី ដោយប្រើរលកវិទ្យុ និងម៉ាញេទិក។ ពេលណាវាស្ទង់ទៅ ប៉ះសម្ភារដូចជាដុំ ថ្ម ឬដីបង្ហាប់ជាដើម វានឹងផ្តល់សញ្ញា និងទិន្នន័យ ដែលអាចឲ្យយើងកំណត់ទីតាំងធ្វើកំណាយបានលឿនជាងមុន។
ជាផ្នែកមួយសំខាន់ នៃកិច្ចការស្រាវជ្រាវក្នុងគម្រោងបុរាណវិទ្យាភូមិដែរនោះ គឺការផ្សព្វផ្សាយអប់រំ ដល់សហគមន៍។ បុរាណវិទូ ហេង ពិភាល់ ប្រាប់ថា គម្រោងនេះមាន ទាំងនិស្សិតក្នុង និងក្រៅស្រុក និងអ្នកបុរាណវិទ្យាខ្មែរបរទេស បានធ្វើការរួមគ្នា ដើម្បីស្រាវជ្រាវពីវប្បធម៌ អារ្យធម៌ខ្មែរ ការមករៀនពីគ្នា ផ្លាស់ប្ដូរបទពិសោធន៍ ស្របតាមនិន្នាការ សាកលភាវូបនីយកម្ម និងសមាហរណកម្មអាស៊ាន។ ជាងនេះទៅទៀត បំណងសំខាន់នៃគម្រោងនេះ គឺចង់បណ្ដុះបណ្ដាល ផ្សព្វផ្សាយដល់សហគមន៍ជុំវិញទីតាំងស្រាវជ្រាវ និងសិស្សានុសិស្ស ឱ្យយល់ពីការស្រាវជ្រាវបុរាណវិទ្យាថ្មីៗ និងតម្លៃនៃអារ្យធម៌ ដែលពួកគេគួរចូលរួមថែរក្សា ទាំងនៅក្នុងមូលដ្ឋាន និងទូទាំងប្រទេស។ លោក ហេង ពិភាល់ សង្ឃឹមថាការស្រាវជ្រាវនេះ នឹងបន្តទទួលបាននូវការគាំទ្រ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដើម្បីពង្រីការស្រាវជ្រាវ និងអប់រំពីអារ្យធម៌ខ្មែរទៅថ្ងៃមុខទៀត៕