ជាតិ
​​​ន​យោ​បាយ​ជាតិ​
តួនាទី​រដ្ឋលេខាធិការ​ប្រចាំការ៖ ជួយការងារប្រចាំថ្ងៃរបស់រដ្ឋមន្ត្រី និងឡើង​ស្តីទីពេលរដ្ឋមន្ត្រីអវត្តមាន
29, Aug 2023 , 10:29 pm        
រូបភាព
រដ្ឋលេខាធិការប្រចាំការជាស្ត្រីរួមមាន លោកស្រី គឹម សេដ្ឋានី លោកស្រី ចាន់ សុទ្ធាវី លោកស្រី កុយ សុដានី លោកស្រី សុខ វិឡាយ លោកស្រី ជា ស៊ុនដាណែត លោកស្រី សុវណ្ណ វណ្ណារតន៍ លោកស្រី គឹម ស៊ីផាត់
រដ្ឋលេខាធិការប្រចាំការជាស្ត្រីរួមមាន លោកស្រី គឹម សេដ្ឋានី លោកស្រី ចាន់ សុទ្ធាវី លោកស្រី កុយ សុដានី លោកស្រី សុខ វិឡាយ លោកស្រី ជា ស៊ុនដាណែត លោកស្រី សុវណ្ណ វណ្ណារតន៍ លោកស្រី គឹម ស៊ីផាត់
ដោយ: រួបរួម
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញសេចក្តីសម្រេចជាប​ន្តបន្ទាប់ស្តីការ​ចាត់តាំង​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង និង​រដ្ឋលេខាធិការ​ដ្ឋាន​នីមួយៗ។ ក្រៅពី​ទទួល​បន្ទុក​ជួយ​ចាត់ចែង​ការងារ​ប្រចាំ​ថ្ងៃ​ រដ្ឋលេខាធិការ​ប្រចាំការក៏នឹងទទួល​ដឹកនាំក្នុងឋានៈជារដ្ឋមន្ត្រីស្តីទីផងដែរ​ក្នុងករណីរដ្ឋមន្ត្រីអវត្តមាន ឬមិន​អាចដឹកនាំគ្រប់គ្រង​បាន។

 
ក្នុងចំណោមរដ្ឋមន្ត្រី​ប្រចាំការនៅក្រសួងចំនួន​២៨ និង​រដ្ឋលេខាធិការ​ដ្ឋាន​១ មាន​រដ្ឋលេខាធិការ​ប្រចាំ​ការ​ជាស្ត្រី​ចំនួន៧នាក់។ ដោយឡែករដ្ឋលេខាធិការ​ដ្ឋានកិច្ចការព្រំដែន ដែលមាន​លោក ឡាំ ជា ជារដ្ឋមន្ត្រី មិនទាន់មានរចនាសម្ព័ន្ធគ្រប់គ្រង​ឡើយ ដោយស្ថាប័ន​ថ្មីមួយនេះ ទើបតែត្រូវបាន​គណៈរដ្ឋមន្ត្រីឯកភាព​លើ​សេចក្តីព្រាងច្បាប់ ដើម្បីជំនួស​អាជ្ញាធរជាតិទទួលបន្ទុក​កិច្ចការព្រំដែន។
 
រដ្ឋលេខាធិការ​ប្រចាំការ ដែលមាន​សមាសភាពជា​ស្ត្រី​រួមមាន លោកស្រី គឹម សេដ្ឋានី នៃក្រសួង​អប់រំ យុវជន និងកីឡា ដែលមាន​លោក ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី, លោកស្រី ចាន់ សុទ្ធាវី នៃក្រសួង​យុត្តិធម៌ ក្រោម​ការ​ដឹកនាំ​របស់​លោករដ្ឋមន្ត្រី កើត រិទ្ធ , លោកស្រី កុយ សុដានី នៃ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន របស់លោក​រដ្ឋមន្ត្រីប៉េង ពោធិ៍នា។
 
ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលនឹងប្តូរ​ទៅជាក្រសួង​អធិការកិច្ច ក្រោម​ការ​ដឹកនាំ​លោក​រដ្ឋមន្ត្រី ហួត ហាក់ មានលោកស្រី សុខ វិឡាយ ជារដ្ឋលេខាធិការ​ប្រចាំ​ការ ខណៈ​លោកស្រី ជា ស៊ុនដាណែត ជារដ្ឋលេខាធិការ​ប្រចាំការក្រសួងព័ត៌មាន ជាមួយ​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា។
 
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​លោកស្រី សុវណ្ណ វណ្ណារតន៍ ជា​រដ្ឋលេខាធិការ​ប្រចាំការ ខណៈ ក្រសួងកិច្ច​ការនារី ជាក្រសួង​តែមួយគត់ដែលមាន​សមាសភាព​ស្ត្រីជាអ្នក​ដឹកនាំកំពូល ពោលគឺ​លោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ត្រី  លោកស្រី គឹម ស៊ីផាត់ ជារដ្ឋលេខាធិការ​ប្រចាំការ។ 
 
ដោយឡែក​ក្រសួង​ពីរ​ដែលមាន​ស្ត្រីជារដ្ឋមន្ត្រី តែរដ្ឋលេខាធិការ​ប្រចាំការជាបុរស ក្នុងនោះ​លោក ហាប់ ទូច ជារដ្ឋលេខាធិការ​ប្រចាំ​ការ​នៃក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​ការដឹកនាំ​របស់​លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា, លោក កឹម ស៊ីថន ជារដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​ពាណិជ្ជកម្ម ដែលមាន​លោកស្រី ចម និម្មល ជារដ្ឋមន្ត្រី។
 
លោក ម៉ៅ ច័ន្ទតារា ជា​រដ្ឋលេខាធិការ​ប្រចាំការក្រសួង​មហាផ្ទៃ (រដ្ឋមន្ត្រី លោក ស សុខា), លោក នាង​ ផាត ជារដ្ឋលេខាធិការ​ប្រចាំការក្រសួងការពារជាតិ (រដ្ឋមន្ត្រី លោក ទៀ សីហា), លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​ប្រចាំការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (រដ្ឋមន្ត្រី លោក សាយ សំអាល់), លោក ស៊ា កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (រដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា)។
 
រដ្ឋលេខាធិការ​ប្រចាំការផ្សេងទៀតរួមមាន លោក ឈឹម សៅគី នៃក្រសួងអភិវឌ្ឍជនបទ (រដ្ឋមន្ត្រី លោក ឆាយ ឫទ្ធិសែន),  លោក ទី នរិន្ទ នៃ​ក្រសួង​រ៉ែ និងថាមពល (រដ្ឋមន្ត្រី លោក កែវ រតនៈ), លោក ទួន ថាវរៈ នៃក្រសួងផែនការ (រដ្ឋមន្ត្រី​លោក ប៊ិន ត្រឈៃ), លោក ឈា ប៊ុនរិទ្ធ នៃក្រសួងធនធានទឹក និងឧតុនិយម (រដ្ឋមន្ត្រី លោក ថោ ជេដ្ឋា)។
 
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការនៃក្រសួង​បរិស្ថាន (រដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត), លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការ​ប្រចាំការនៃប្រៃសណីយ៍ និងទូរគមនាគមន៍ (រដ្ឋមន្ត្រី លោក ជា វណ្ណដេត), លោក ទិត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការនៃក្រសួងទេសចរណ៍ (រដ្ឋមន្ត្រី លោក សុខ សូកេន), លោក ម៉ី សំបូរ ជារដ្ឋលេខាធិការ​ប្រចាំការនៃក្រសួង​សុខាភិបាល (រដ្ឋមន្ត្រី លោក ឈាង រ៉ា)។
 
លោក សេង សុមុនី ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការ និង​សាសនា (រដ្ឋមន្ត្រី លោក ចាយ បូរិន), លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការនៃក្រសួងមុខងារសាធារណៈ (រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ានី), លោក ប្រាក់ សុខយូរ រដ្ឋលេខាធិការ​ប្រចាំការនៃ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (រដ្ឋមន្ត្រី លោក ជា សុមេធី)។
 
លោក ជា អូន ជារដ្ឋលេខាធិការប្រចាំការ​នៃ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមាន​លោក ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ត្រីទទួល​បន្ទុក។ រីឯក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍ របស់​លោក​រដ្ឋមន្ត្រី ហែម វណ្ឌី វិញ មិន​ឃើញមាន​ការប្រកាសពីសមាសភាពរដ្ឋលេខាធិការ​ប្រចាំការឡើយ ខណៈរដ្ឋលេខាធិការ​ដែលឈរលេខរៀងទី១ គឺ​លោក ញឹម ខេមរា។
 
តាមអនុក្រឹត្យ​ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋលេខាធិការ​ប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី​និង​ក្រសួងនានា របស់​រដ្ឋាភិបាល មាន​ភារកិច្ចជួយ​ការងារទូទៅ​ប្រចាំថ្ងៃ​តាមការណែនាំ​របស់​រដ្ឋមន្ត្រីក្រសួងសាមី, ចាត់ចែង ដឹកនាំការងារ​តាម​ការ​ប្រគល់​ភារកិច្ច​របស់រដ្ឋមន្ត្រី ដឹកនាំកិច្ច​ប្រជុំផ្សេងៗ និង​ទទួល​ដឹកនាំ​ការងារប្រចាំថ្ងៃក្នុងឋានៈជា​រដ្ឋមន្ត្រី​ស្តីទី ក្នុងករណី​រដ្ឋមន្ត្រីអវត្តមាន ឬមិន​អាច​ដឹកនាំគ្រប់គ្រងបាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com