លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ស្តីការចាត់តាំងរដ្ឋលេខាធិការប្រចាំការនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាននីមួយៗ។ ក្រៅពីទទួលបន្ទុកជួយចាត់ចែងការងារប្រចាំថ្ងៃ រដ្ឋលេខាធិការប្រចាំការក៏នឹងទទួលដឹកនាំក្នុងឋានៈជារដ្ឋមន្ត្រីស្តីទីផងដែរក្នុងករណីរដ្ឋមន្ត្រីអវត្តមាន ឬមិនអាចដឹកនាំគ្រប់គ្រងបាន។
ក្នុងចំណោមរដ្ឋមន្ត្រីប្រចាំការនៅក្រសួងចំនួន២៨ និងរដ្ឋលេខាធិការដ្ឋាន១ មានរដ្ឋលេខាធិការប្រចាំការជាស្ត្រីចំនួន៧នាក់។ ដោយឡែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមានលោក ឡាំ ជា ជារដ្ឋមន្ត្រី មិនទាន់មានរចនាសម្ព័ន្ធគ្រប់គ្រងឡើយ ដោយស្ថាប័នថ្មីមួយនេះ ទើបតែត្រូវបានគណៈរដ្ឋមន្ត្រីឯកភាពលើសេចក្តីព្រាងច្បាប់ ដើម្បីជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។
រដ្ឋលេខាធិការប្រចាំការ ដែលមានសមាសភាពជាស្ត្រីរួមមាន លោកស្រី គឹម សេដ្ឋានី នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានលោក ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី, លោកស្រី ចាន់ សុទ្ធាវី នៃក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី កើត រិទ្ធ , លោកស្រី កុយ សុដានី នៃក្រសួងសាធារណការ និងដឹកជញ្ជូន របស់លោករដ្ឋមន្ត្រីប៉េង ពោធិ៍នា។
ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលនឹងប្តូរទៅជាក្រសួងអធិការកិច្ច ក្រោមការដឹកនាំលោករដ្ឋមន្ត្រី ហួត ហាក់ មានលោកស្រី សុខ វិឡាយ ជារដ្ឋលេខាធិការប្រចាំការ ខណៈលោកស្រី ជា ស៊ុនដាណែត ជារដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ជាមួយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានលោកស្រី សុវណ្ណ វណ្ណារតន៍ ជារដ្ឋលេខាធិការប្រចាំការ ខណៈ ក្រសួងកិច្ចការនារី ជាក្រសួងតែមួយគត់ដែលមានសមាសភាពស្ត្រីជាអ្នកដឹកនាំកំពូល ពោលគឺលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ត្រី លោកស្រី គឹម ស៊ីផាត់ ជារដ្ឋលេខាធិការប្រចាំការ។
ដោយឡែកក្រសួងពីរដែលមានស្ត្រីជារដ្ឋមន្ត្រី តែរដ្ឋលេខាធិការប្រចាំការជាបុរស ក្នុងនោះលោក ហាប់ ទូច ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការដឹកនាំរបស់លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា, លោក កឹម ស៊ីថន ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម ដែលមានលោកស្រី ចម និម្មល ជារដ្ឋមន្ត្រី។
លោក ម៉ៅ ច័ន្ទតារា ជារដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ (រដ្ឋមន្ត្រី លោក ស សុខា), លោក នាង ផាត ជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ (រដ្ឋមន្ត្រី លោក ទៀ សីហា), លោក តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (រដ្ឋមន្ត្រី លោក សាយ សំអាល់), លោក ស៊ា កុសល រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (រដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា)។
រដ្ឋលេខាធិការប្រចាំការផ្សេងទៀតរួមមាន លោក ឈឹម សៅគី នៃក្រសួងអភិវឌ្ឍជនបទ (រដ្ឋមន្ត្រី លោក ឆាយ ឫទ្ធិសែន), លោក ទី នរិន្ទ នៃក្រសួងរ៉ែ និងថាមពល (រដ្ឋមន្ត្រី លោក កែវ រតនៈ), លោក ទួន ថាវរៈ នៃក្រសួងផែនការ (រដ្ឋមន្ត្រីលោក ប៊ិន ត្រឈៃ), លោក ឈា ប៊ុនរិទ្ធ នៃក្រសួងធនធានទឹក និងឧតុនិយម (រដ្ឋមន្ត្រី លោក ថោ ជេដ្ឋា)។
លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន (រដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត), លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃប្រៃសណីយ៍ និងទូរគមនាគមន៍ (រដ្ឋមន្ត្រី លោក ជា វណ្ណដេត), លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ (រដ្ឋមន្ត្រី លោក សុខ សូកេន), លោក ម៉ី សំបូរ ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសុខាភិបាល (រដ្ឋមន្ត្រី លោក ឈាង រ៉ា)។
លោក សេង សុមុនី ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការ និងសាសនា (រដ្ឋមន្ត្រី លោក ចាយ បូរិន), លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ (រដ្ឋមន្ត្រីលោក ហ៊ុន ម៉ានី), លោក ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (រដ្ឋមន្ត្រី លោក ជា សុមេធី)។
លោក ជា អូន ជារដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមានលោក ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ត្រីទទួលបន្ទុក។ រីឯក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់លោករដ្ឋមន្ត្រី ហែម វណ្ឌី វិញ មិនឃើញមានការប្រកាសពីសមាសភាពរដ្ឋលេខាធិការប្រចាំការឡើយ ខណៈរដ្ឋលេខាធិការដែលឈរលេខរៀងទី១ គឺលោក ញឹម ខេមរា។
តាមអនុក្រឹត្យចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងនានា របស់រដ្ឋាភិបាល មានភារកិច្ចជួយការងារទូទៅប្រចាំថ្ងៃតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសាមី, ចាត់ចែង ដឹកនាំការងារតាមការប្រគល់ភារកិច្ចរបស់រដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំផ្សេងៗ និងទទួលដឹកនាំការងារប្រចាំថ្ងៃក្នុងឋានៈជារដ្ឋមន្ត្រីស្តីទី ក្នុងករណីរដ្ឋមន្ត្រីអវត្តមាន ឬមិនអាចដឹកនាំគ្រប់គ្រងបាន៕