ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភាទទួលស្គាល់តំណាងរាស្ត្រថ្មី២៩រូប និងជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
31, Aug 2023 , 9:53 am        
រូបភាព
អ្នក​តំណាងរាស្ត្រថ្មីទាំង​២៩​រូប បង្ហាញវត្តមាន​។ រូប រដ្ឋសភា
អ្នក​តំណាងរាស្ត្រថ្មីទាំង​២៩​រូប បង្ហាញវត្តមាន​។ រូប រដ្ឋសភា
ដោយ: រួបរួម
រដ្ឋសភា នាថ្ងៃទី៣១ ខែសីហា នេះ បានបន្តសម័យប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ដោយមានសមាជិកចូល៨៧រូប។ កិច្ចប្រជុំ បានឈានដល់ការសម្រេចផ្តល់សុពលភាពអាណត្តិរបស់បេក្ខជនជាប់ឆ្នោត២៩រូប ជំនួសតំណាងរាស្ត្រដដែលបានសុំលាលែង ហើយនិងការបោះឆ្នោតជ្រើសតាំង លោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

 
តំណាងរាស្ត្រថ្មីទាំង២៩រូប ដែលសុទ្ធតែជាមន្ត្រីគណបក្សប្រជាជនកម្ពុជា រួមមាន លោកស្រី លី គឹមលៀង និងលោក ភួ ពុយ នៅមណ្ឌលបាត់ដំបង, លោក ណៅ ធួក និងលោកស្រី កុល ធារិន នៅមណ្ឌលខេត្តកំពង់ចាម, លោក ឡុង ឈុនឡៃ និងលោកស្រី កុប ម៉ារីយ៉ាស នៅមណ្ឌលខេត្តកំពង់ឆ្នាំង។
 
លោក អ៊ួ សំអួន នៅមណ្ឌលកំពង់ស្ពឺ, លោក ថា យ៉ាវ នៅមណ្ឌលកំពង់ធំ, លោក វ៉ាន់ ដារ៉ា នៅមណ្ឌលកំពត, លោក សុះ មុះសិន, លោក ឈុន ស៊ីរុន និងលោក ខឹម ច័ន្ទគីរី នៅមណ្ឌលខេត្តកណ្តាល, លោក អ៊ឹម ចាន់ថុល នៅមណ្ឌលក្រចេះ, លោក សួន រិនឌី និងលោក ហ៊ូ ស្រ៊ី នៅមណ្ឌលរាជធានីភ្នំពេញ។
 
លោក ពេជ្រ ជីវ័ន និង លោក ម៉ៅ ប៊ុនណារិន នៅមណ្ឌលខេត្តព្រៃវែង, លោក រ៉ូហ្វី អូស្មាន នៅមណ្ឌលពោធិ៍សាត់, លោក ប៊ុន ថាឫទ្ធិ នៅមណ្ឌលសៀមរាប, លោក ចេវ គឹមហេង, លោក នេន ម៉ាល័យ និងលោក តាក វណ្ណថា នៅមណ្ឌលខេត្តព្រះសីហនុ។
 
នៅមណ្ឌលតាកែវ មាន លោក លី ស៊ុគ្រី, លោក សៅ សារ៉ាត់ នៅមណ្ឌលប៉ៃលិន, លោក នៅ សំ នៅមណ្ឌលខេត្តឧត្តរមានជ័យ។ នៅមណ្ឌលខេត្តត្បូងឃ្មុំ មានលោកស្រី សាន្ត អរុណ, លោក ម៉ូត យូសុះ, លោក យិន ប៊ុនណាង និងលោក សន សារ៉ាណា។
 
ក្នុងសម័យប្រជុំដដែល លោក យក់ ង៉ុយ ក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក សំ ព្រហ្មនា ដែលបានទទួលមរណភាព ក្រោមសំឡេងយល់ព្រមចំនួន៨៧សំឡេងនៃចំនួនសមាជិកសភាទាំងមូល។ លោក យក់ ង៉ុយ ជាអតីតរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com