ជាតិ
ពីនេះ ពីនោះ
«ឆក់ឱកាស» ឆ្លៀតឱកាស​ធ្វើអ្វីមួយ, «ឆក់កណ្តៀត» ឆ្លៀត​ពេលធ្វើអ្វីមួយ ដោយមិនពេញលេញ
13, Oct 2023 , 7:29 am        
រូបភាព
បន្ថែម​លើ «ឆក់» ដែលជាមេពាក្យ វចនានុក្រម​ខ្មែរ២០២២​របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា ក៏ពន្យល់ពាក្យ «ឆក់ឱកាស, ឆក់កណ្តៀត និង ឆក់ជីវិត» ផងដែរ។

 
«ឆក់» ថ្នាក់ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ចាប់យកដោយប្រញាប់ :  ចោរឆក់អីវ៉ាន់គេ។  រងគ្រោះដោយចរន្តអគ្គិសនី :  ខ្សែភ្លើងឆក់។  ភ្ញោចដោយចរន្តអគ្គិសនី :  ឧបករណ៍ឆក់។  
 
«ឆក់ឱកាស» ជាពាក្យ​ប្រៀប ដែលអាចជាកិរិយាសព្ទ និងជាគុណនាម ដែលមានន័យថា ឆ្លៀតឱកាស រកឱកាសល្អដើម្បីនឹងធ្វើអ្វីមួយ :  ឆក់ឱកាសជួញដូរគ្រឿងញៀន, ជនឆក់ឱកាស។  រីឯ «ឆក់កណ្តៀត» វិញ គឺ ​ឆ្លៀតឱកាសឬពេលធ្វើអ្វីមួយ ដោយមិនពេញលេញ :  រកស៊ីឆក់កណ្ដៀត, ការងារឆក់កណ្ដៀត។  
 
វចនានុក្រម២០២២ ក៏​លើក​យកពាក្យ «ឆក់ជីវិត» មកពន្យល់​ផងដែរ ដោយពាក្យនេះ មានន័យថា បណ្ដាលឱ្យបាត់បង់ជីវិត, សម្លាប់ :  គ្រោះថ្នាក់ចរាចរណ៍ឆក់ជីវិតមនុស្ស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com