ជាតិ
សង្គមជាតិ
គ្រូហែលទឹកជនជាតិជប៉ុន បង្រៀនសិស្សនៅសៀមរាបពីរបៀប​សង្រ្គោះអ្នកលង់ទឹក
25, Oct 2023 , 8:59 am        
រូបភាព
សៀមរាប៖ គ្រូបង្រៀនហែលទឹកជនជាតិជប៉ុន បានសហការជាមួយក្លិបហែលទឹកនៅសៀមរាប ផ្តល់វគ្គបណ្ដុះបណ្ដាលជូនសិស្សនៅសាលារៀនចំនួនពីរក្នុងទីក្រុងសៀមរាប ដោយផ្ដល់សារសុវត្ថិភាព ពីការលង់ទឹក និងរបៀបជួយសង្រ្គោះអ្នកលង់ទឹក។

 
លោក Yu Sugahara បានធ្វើដំណើរមកដល់ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ និងបានរៀបចំបណ្ដុះបណ្ដាលសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យវត្តចក និងសាលាបឋមសិក្សាវត្តបូព៌ ពីការសារសុវត្ថិភាពពីការលង់ទឹក និងរបៀបជួយសង្រ្គោះអ្នកលង់ទឹក។ ប្រធានក្លិបបង្រៀនហែលទឹក Swimmy inc. of Japan រូបនេះបញ្ជាក់ថា តាមរយៈស្ថានទូតជប៉ុនលោកបានដឹងថា មានកុមារកម្ពុជាជាច្រើន ត្រូវបានរាយការណ៍ថាស្លាប់ ដោយសារការលង់ទឹក។ ជនជាតិជប៉ុនរូបនេះ បានជ្រើសរើសការធ្វើដំណើរមកកម្ពុជា ស្របពេលមានការប្រារព្ធខួប៧០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន ហើយការចូលរួមរបស់លោក ក៏ជាផ្នែកមួយនៃការជំរុញចំណងមិត្តភាពនេះដែរ ពិសេសលើការងារ ជួយកាត់បន្ថយអត្រាកុមារស្លាប់ដោយសារលង់ទឹកនេះតែម្ដង។
 
លោក Yu Sugahara បានសហការជាមួយក្លិបហែលទឹក សឺវ៉ាយវ៉ល (Survival Swim Club=SSC) ដោយព្រឹកថ្ងៃទី២៣ តុលា ផ្តល់ការបង្រៀនទ្រឹស្ដីដល់សិស្សថ្នាក់ទី៦ នៅសាលាអនុវិទ្យាល័យវត្តចក។ សារសុវត្ថិភាពពីការលង់ទឹក ការជួយសង្រ្គោះអ្នកលង់ទឹក ការជួយសង្រ្គោះបឋម និងការប្រើប្រាស់ឧបករណ៍​សម្ភារសុវត្ថិភាពសម្រាប់ជួយជនរងគ្រោះ សុទ្ធសឹងត្រូវបានបង្ហាញដល់សិស្ស ប្រមាណ៦០នាក់នៅទីនោះ។ នារសៀលថ្ងៃដដែល ការអនុវត្តជាក់ស្ដែង ត្រូវបានផ្តល់ជូនដល់សិស្ស​សាលាបឋមសិក្សាវត្តបូព៌សរុប ៥៨នាក់ នៅអាងហែលទឹកតែម្ដង។ 
 


ប្រធានក្លិប Swimmy inc. of Japan បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលលោករៀបចំកម្មវិធី សប្បុរសធម៌នេះនៅកម្ពុជា តែលោកបញ្ជាក់ថា អាចនឹងមានជាបន្តបន្ទាប់ទៀតដើម្បីជួយកុមារកម្ពុជា។
 
នាយកសាលាបឋមសិក្សាវត្តបូព៌ លោក អន គុណរ័ត្ន  បានចាត់ទុកសកម្មភាព​នេះថាមាន សារសំខាន់ ដើម្បីបង្ការ និងជួយជីវិតកុមារពីការលង់ទឹក ខណៈបច្ចុប្បន្នមានករណីកុមារស្លាប់ច្រើន ដោយសារការលង់ទឹក និងមិនការចេះជួយខ្លួនឯង និងអ្នកដទៃ។
 
លោក អន គុណរ័ត្ន បន្ថែមថា៖ «យើងនៅចាំទេ ក្នុងកំឡុងឆ្នាំទៅ នៅស្រុកខ្សាច់កណ្ដាល ដែលមានកុមារសិស្សសាលាលង់ទឹក ដោយសារពួកគាត់មិនដឹងរបៀបហែលទឹក និងមិនដឹងជួយគ្នាម៉េច។ ថ្ងៃនេះសំណាងដែលសិស្សបានមករៀន និងធ្វើឱ្យពួកគេជួយផ្សព្វផ្សាយដល់​មិត្តភក្តិ ​​ពេលមានបញ្ហា​អាចជួយគ្នាបាន»។ 
 


ប្រធានគ្រូបង្រៀនហែលទឹកក្លិប SSC លោក ឯក សាមឌី បានឱ្យដឹងថា កន្លងមក SSC តែងចុះបង្រៀននៅតាមសាលាមួយចំនួន ពីសារសុវត្ថិភាព និងការសង្រ្គោះអ្នកលង់ទឹក។ សកម្មភាពនេះ ធ្វើឡើងដោយសារមើលឃើញថា សិស្សសាលា និងកុមារមួយចំនួនធំ បានស្លាប់ដោយសារ​មិនចេះហែលទឹក និងមិនចេះពីរបៀបជួយសង្រ្គោះអ្នកលង់ទឹក។ 
 
លោកស្រី រ៉ា យ៉ា ប្រធានក្លិប SSC បានបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០១៨មក ក្លិបបានបង្រៀនសិស្សបានជិត៤ពាន់នាក់ហើយ។ លោកស្រី រ៉ា យ៉ា បន្ថែមថា កីឡាហែលទឹក គឺលើសពីកីឡា គឺបានទាំងសុខភាព និងសុវត្ថិភាព។ លោកស្រីពន្យល់ថា៖ «បំណងរបស់យើង គឺចង់ឱ្យពលរដ្ឋចេះហែលទឹក និងដឹងពីសុវត្ថិភាព និងសុខភាព ព្រោះការហែលទឹកមិនត្រឹមតែ ជួយចេះហែលទឹកទេ តែមានអត្ថប្រយោជន៍ច្រើន។ សូមលើកទឹកចិត្ត អាណាព្យាបាល ឱ្យកូនចេះរៀនហែល​ទឹក​ ទោះបីយើងរៀនបានខ្ពស់ប៉ុណ្ណា តែពេលមានអាសន្ននៅកណ្ដាលទន្លេ យើងមិនអាចសង្រ្គោះជីវិតបានទេ»។
 
តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប អ្នកគ្រូ លាក់ ម៉ាល័យ ចាត់ទុកការបង្រៀន​សិស្ស​ទាក់ទងនឹងការសង្រ្គោះអ្នកលង់ទឹក និងសារសុវត្ថិភាពពីការលង់ទឹក ថាមានសារសំខាន់ និងជាចំណេះដឹងមួយដ៏ល្អ។ អ្នកគ្រូលើកទឹកចិត្តឱ្យក្លិប SSC បន្តសហការនៅតាមសាលារៀន​ផ្សេងៗទៀត ផ្ដល់វគ្គសិក្សាខ្លីនេះ ដល់សិស្សបានយល់ដឹងកាន់តែទូលំទូលាយ៕













Tag:
 អប់រំ
  ហែលទឹក
  លង់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com