សៀមរាប៖ គ្រូបង្រៀនហែលទឹកជនជាតិជប៉ុន បានសហការជាមួយក្លិបហែលទឹកនៅសៀមរាប ផ្តល់វគ្គបណ្ដុះបណ្ដាលជូនសិស្សនៅសាលារៀនចំនួនពីរក្នុងទីក្រុងសៀមរាប ដោយផ្ដល់សារសុវត្ថិភាព ពីការលង់ទឹក និងរបៀបជួយសង្រ្គោះអ្នកលង់ទឹក។
លោក Yu Sugahara បានធ្វើដំណើរមកដល់ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ និងបានរៀបចំបណ្ដុះបណ្ដាលសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យវត្តចក និងសាលាបឋមសិក្សាវត្តបូព៌ ពីការសារសុវត្ថិភាពពីការលង់ទឹក និងរបៀបជួយសង្រ្គោះអ្នកលង់ទឹក។ ប្រធានក្លិបបង្រៀនហែលទឹក Swimmy inc. of Japan រូបនេះបញ្ជាក់ថា តាមរយៈស្ថានទូតជប៉ុនលោកបានដឹងថា មានកុមារកម្ពុជាជាច្រើន ត្រូវបានរាយការណ៍ថាស្លាប់ ដោយសារការលង់ទឹក។ ជនជាតិជប៉ុនរូបនេះ បានជ្រើសរើសការធ្វើដំណើរមកកម្ពុជា ស្របពេលមានការប្រារព្ធខួប៧០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន ហើយការចូលរួមរបស់លោក ក៏ជាផ្នែកមួយនៃការជំរុញចំណងមិត្តភាពនេះដែរ ពិសេសលើការងារ ជួយកាត់បន្ថយអត្រាកុមារស្លាប់ដោយសារលង់ទឹកនេះតែម្ដង។
លោក Yu Sugahara បានសហការជាមួយក្លិបហែលទឹក សឺវ៉ាយវ៉ល (Survival Swim Club=SSC) ដោយព្រឹកថ្ងៃទី២៣ តុលា ផ្តល់ការបង្រៀនទ្រឹស្ដីដល់សិស្សថ្នាក់ទី៦ នៅសាលាអនុវិទ្យាល័យវត្តចក។ សារសុវត្ថិភាពពីការលង់ទឹក ការជួយសង្រ្គោះអ្នកលង់ទឹក ការជួយសង្រ្គោះបឋម និងការប្រើប្រាស់ឧបករណ៍សម្ភារសុវត្ថិភាពសម្រាប់ជួយជនរងគ្រោះ សុទ្ធសឹងត្រូវបានបង្ហាញដល់សិស្ស ប្រមាណ៦០នាក់នៅទីនោះ។ នារសៀលថ្ងៃដដែល ការអនុវត្តជាក់ស្ដែង ត្រូវបានផ្តល់ជូនដល់សិស្សសាលាបឋមសិក្សាវត្តបូព៌សរុប ៥៨នាក់ នៅអាងហែលទឹកតែម្ដង។
ប្រធានក្លិប Swimmy inc. of Japan បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលលោករៀបចំកម្មវិធី សប្បុរសធម៌នេះនៅកម្ពុជា តែលោកបញ្ជាក់ថា អាចនឹងមានជាបន្តបន្ទាប់ទៀតដើម្បីជួយកុមារកម្ពុជា។
នាយកសាលាបឋមសិក្សាវត្តបូព៌ លោក អន គុណរ័ត្ន បានចាត់ទុកសកម្មភាពនេះថាមាន សារសំខាន់ ដើម្បីបង្ការ និងជួយជីវិតកុមារពីការលង់ទឹក ខណៈបច្ចុប្បន្នមានករណីកុមារស្លាប់ច្រើន ដោយសារការលង់ទឹក និងមិនការចេះជួយខ្លួនឯង និងអ្នកដទៃ។
លោក អន គុណរ័ត្ន បន្ថែមថា៖ «យើងនៅចាំទេ ក្នុងកំឡុងឆ្នាំទៅ នៅស្រុកខ្សាច់កណ្ដាល ដែលមានកុមារសិស្សសាលាលង់ទឹក ដោយសារពួកគាត់មិនដឹងរបៀបហែលទឹក និងមិនដឹងជួយគ្នាម៉េច។ ថ្ងៃនេះសំណាងដែលសិស្សបានមករៀន និងធ្វើឱ្យពួកគេជួយផ្សព្វផ្សាយដល់មិត្តភក្តិ ពេលមានបញ្ហាអាចជួយគ្នាបាន»។
ប្រធានគ្រូបង្រៀនហែលទឹកក្លិប SSC លោក ឯក សាមឌី បានឱ្យដឹងថា កន្លងមក SSC តែងចុះបង្រៀននៅតាមសាលាមួយចំនួន ពីសារសុវត្ថិភាព និងការសង្រ្គោះអ្នកលង់ទឹក។ សកម្មភាពនេះ ធ្វើឡើងដោយសារមើលឃើញថា សិស្សសាលា និងកុមារមួយចំនួនធំ បានស្លាប់ដោយសារមិនចេះហែលទឹក និងមិនចេះពីរបៀបជួយសង្រ្គោះអ្នកលង់ទឹក។
លោកស្រី រ៉ា យ៉ា ប្រធានក្លិប SSC បានបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០១៨មក ក្លិបបានបង្រៀនសិស្សបានជិត៤ពាន់នាក់ហើយ។ លោកស្រី រ៉ា យ៉ា បន្ថែមថា កីឡាហែលទឹក គឺលើសពីកីឡា គឺបានទាំងសុខភាព និងសុវត្ថិភាព។ លោកស្រីពន្យល់ថា៖ «បំណងរបស់យើង គឺចង់ឱ្យពលរដ្ឋចេះហែលទឹក និងដឹងពីសុវត្ថិភាព និងសុខភាព ព្រោះការហែលទឹកមិនត្រឹមតែ ជួយចេះហែលទឹកទេ តែមានអត្ថប្រយោជន៍ច្រើន។ សូមលើកទឹកចិត្ត អាណាព្យាបាល ឱ្យកូនចេះរៀនហែលទឹក ទោះបីយើងរៀនបានខ្ពស់ប៉ុណ្ណា តែពេលមានអាសន្ននៅកណ្ដាលទន្លេ យើងមិនអាចសង្រ្គោះជីវិតបានទេ»។
តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប អ្នកគ្រូ លាក់ ម៉ាល័យ ចាត់ទុកការបង្រៀនសិស្សទាក់ទងនឹងការសង្រ្គោះអ្នកលង់ទឹក និងសារសុវត្ថិភាពពីការលង់ទឹក ថាមានសារសំខាន់ និងជាចំណេះដឹងមួយដ៏ល្អ។ អ្នកគ្រូលើកទឹកចិត្តឱ្យក្លិប SSC បន្តសហការនៅតាមសាលារៀនផ្សេងៗទៀត ផ្ដល់វគ្គសិក្សាខ្លីនេះ ដល់សិស្សបានយល់ដឹងកាន់តែទូលំទូលាយ៕