RFI
អន្តរជាតិ
ហេតុអ្វីបានជាហុងកុងចាំបាច់ត្រូវបង្កើតច្បាប់សន្តិសុខជាតិដាច់ដោយឡែករបស់ខ្លួន?
26, Oct 2023 , 9:59 pm        
រូបភាព
មេដឹកនាំហុងកុងលោកចន លី។ AP - Chan Long Hei
មេដឹកនាំហុងកុងលោកចន លី។ AP - Chan Long Hei
ដោយ៖ RFI
 
មេដឹកនាំ​ហុងកុង​លោក​ចន លី​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី២៥ តុលា​ថា ហុងកុង​នឹង​បង្កើត​ច្បាប់សន្តិសុខជាតិ​ដាច់​ដោយឡែក​របស់​ខ្លួន​នៅ​ឆ្នាំ ២០២៤ ខាង​មុខ។ គម្រោង​បំពាក់​ច្បាប់សន្តិសុខជាតិ​របស់​ហុងកុង​នេះ​បាន​ធ្វើ​ឡើង ៤ឆ្នាំ​ក្រោយ​ពី​ចិន​ដីគោក​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់សន្តិសុខជាតិ​របស់​ខ្លួន​លើ​ទឹកដី​ហុងកុង និង ២៦ឆ្នាំ​ក្រោយ​ពី​ទឹកដី​ស្វយ័ត​មួយ​នេះ​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​កាល​ពី​ឆ្នាំ ១៩៩៧។

 
ការ​ប្រកាស​របស់​លោក​ចន លី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តីពី​នយោបាយ​ទូទៅ។ ក្រៅ​ពី​ចង់​បាន​ច្បាប់សន្តិសុខជាតិ​ដាច់​ដោយឡែក​សម្រាប់​ហុងកុង​នៅ​ឆ្នាំ ២០២៤ លោក​ចន លី​បាន​ឆ្លៀត​ចោទ​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ឲ្យ​ខូច​រូបភាព​របស់​ចិន និង​ការ​អនុវត្តន៍​លើ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ តាម​លោក​ចន លី កម្លាំង​បរទេស​កំពុង​បន្ត​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង និង​ថា ហុងកុង​នឹង​បន្ត​រក្សាសន្តិសុខជាតិ កែលម្អ​ប្រព័ន្ធច្បាប់ និង​យន្តការត្រួតពិនិត្យ​របស់​ខ្លួន។ គួរ​បញ្ជាក់​ថា ទឹកដី​ហុងកុង​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិនដីគោក​វិញ​ក្នុង​ឆ្នាំ ១៩៩៧។
 
តាម​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​ចិនដីគោក​កាល​ណោះ ហុងកុង​ត្រូវ​ស្ថិត​ជា​ដែនដី​ស្វយ័ត​រហូត​ដល់​ឆ្នាំ ២០៤៧។ តែ​គេ​បាន​សង្កេត​ឃើញ​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​ប៉េកាំង​បាន​ផ្តើម​យក​ហុងកុង​មក​ក្តាប់​ណែន​ក្នុង​ដៃ​បន្តិច​ម្តងៗ។ គំនាប​របស់​ចិន​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នកប្រជាធិបតេយ្យ​នៅ​ហុងកុង​ឈរ​ឱបដៃ​នៅ​ស្ងៀម​ទេ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៩ មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​សេរីភាព និង​ស្វ័យភាព​សម្រាប់​ហុងកុង។ ចិន​ដី​គោក​បាន​ឆ្លើយ​តប​នឹង​បាតុកម្ម​របស់​ពលរដ្ឋ​ហុងកុង​កាល​ណោះ​ដោយ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់សន្តិសុខជាតិ​របស់​ខ្លួន​ក្នុង​ថ្ងៃទី១ កក្កដា ឆ្នាំ ២០២០។
 
តាម​រយៈ​ច្បាប់សន្តិសុខជាតិ​របស់​ចិន​មួយ​នេះ មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ក្រោម​បទ​ចោទប្រកាន់​ផ្សេងៗ​ដូច​ជា​ការ​បះបោរ វិទ្ធង្សនា អំពើភេរវកម្ម និង​ឃុបឃិតជាមួយ​កម្លាំង​បរទេស​ដែល​អាច​ជាប់​គុក​អស់​មួយ​ជីវិត។ ចុះ​បើ​មាន​ច្បាប់សន្តិសុខជាតិ​របស់​ចិនដីគោក​ហើយ តើ​ចាំ​បាច់​អី​ដែល​ហុងកុង​ត្រូវ​បង្កើត​ច្បាប់​សន្តិសុខជាតិ​ដាច់​ដោយឡែក​របស់​ខ្លួន។ តាម​ពិត ហុងកុង​ដែល​ជា​ដែនដី​ស្វយ័ត​មាន​កាតព្វកិច្ច​បង្កើត​ច្បាប់​សន្តិសុខជាតិ​របស់​ខ្លួន​ទាក់ទង​នឹង​បទល្មើស​ចំនួន ៧ ដូច​ជា​រឿង​ក្បត់ជាតិ និង​ចារកិច្ច។
 
តែ​នៅ ២៦ឆ្នាំ​ក្រោយ​ការ​រួច​ពី​នឹម​អាណានិគមនិយម​អង់គ្លេស​មក​ដល់​សព្វថ្ងៃ ហុងកុង​នៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​មួយ​នេះ​នៅ​ឡើយ​ទេ។ កន្លង​មក រដ្ឋអំណាច​ហុងកុង​ធ្លាប់​បាន​ព្យាយាម​ដែរ តែ​មិន​បាន​ជោគជ័យ។ ការ​ព្យាយាម​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០០៣ ត្រូវ​បាន​បោះបង់​ចោល ក្រោយ​ពី​មាន​ពលរដ្ឋ​ហុងកុង​កន្លះ​លាន​នាក់​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង។ ក្រៅ​ពី​ច្បាប់សន្តិសុខជាតិ មេដឹកនាំ​ហុងកុង​លោក​ចន លី​ក៏​បាន​បញ្ជាក់​ពី​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​អប់រំ​ដោយ​ដាក់​បញ្ចូល​ការ​អប់រំ​ស្នេហាជាតិ​ដូច​ដែល​ចិន​ដីគោក​ទើប​បាន​ធ្វើ​ដើម្បី​ពង្រឹង​អត្តសញ្ញាណ ឯកភាព និង​សាមគ្គីភាព​ជាតិ៕
 
ដោយ៖ គួច​ គន្ធារ៉ា/RFI

© រក្សាសិទ្ធិដោយ thmeythmey.com