RFI
អន្តរជាតិ
ហេតុអ្វីបានជាហុងកុងចាំបាច់ត្រូវបង្កើតច្បាប់សន្តិសុខជាតិដាច់ដោយឡែករបស់ខ្លួន? 
មេដឹកនាំហុងកុងលោកចន លី។ AP - Chan Long Hei
×![]()
ដោយ៖ RFI
មេដឹកនាំហុងកុងលោកចន លីបានប្រកាសក្នុងថ្ងៃពុធ ទី២៥ តុលាថា ហុងកុងនឹងបង្កើតច្បាប់សន្តិសុខជាតិដាច់ដោយឡែករបស់ខ្លួននៅឆ្នាំ ២០២៤ ខាងមុខ។ គម្រោងបំពាក់ច្បាប់សន្តិសុខជាតិរបស់ហុងកុងនេះបានធ្វើឡើង ៤ឆ្នាំក្រោយពីចិនដីគោកបានដាក់ឲ្យប្រើប្រាស់នូវច្បាប់សន្តិសុខជាតិរបស់ខ្លួនលើទឹកដីហុងកុង និង ២៦ឆ្នាំក្រោយពីទឹកដីស្វយ័តមួយនេះត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញកាលពីឆ្នាំ ១៩៩៧។
ការប្រកាសរបស់លោកចន លីបានធ្វើឡើងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំស្តីពីនយោបាយទូទៅ។ ក្រៅពីចង់បានច្បាប់សន្តិសុខជាតិដាច់ដោយឡែកសម្រាប់ហុងកុងនៅឆ្នាំ ២០២៤ លោកចន លីបានឆ្លៀតចោទប្រទេសមួយចំនួនដែលកំពុងធ្វើឲ្យខូចរូបភាពរបស់ចិន និងការអនុវត្តន៍លើគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ។ តាមលោកចន លី កម្លាំងបរទេសកំពុងបន្តលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ហុងកុង និងថា ហុងកុងនឹងបន្តរក្សាសន្តិសុខជាតិ កែលម្អប្រព័ន្ធច្បាប់ និងយន្តការត្រួតពិនិត្យរបស់ខ្លួន។ គួរបញ្ជាក់ថា ទឹកដីហុងកុងត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនដីគោកវិញក្នុងឆ្នាំ ១៩៩៧។
តាមកិច្ចព្រមព្រៀងរវាងអង់គ្លេស និងចិនដីគោកកាលណោះ ហុងកុងត្រូវស្ថិតជាដែនដីស្វយ័តរហូតដល់ឆ្នាំ ២០៤៧។ តែគេបានសង្កេតឃើញថានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានផ្តើមយកហុងកុងមកក្តាប់ណែនក្នុងដៃបន្តិចម្តងៗ។ គំនាបរបស់ចិននេះមិនបានធ្វើឲ្យអ្នកប្រជាធិបតេយ្យនៅហុងកុងឈរឱបដៃនៅស្ងៀមទេ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ មនុស្សជាច្រើនពាន់នាក់បានចុះផ្លូវធ្វើបាតុកម្មទាមទារសេរីភាព និងស្វ័យភាពសម្រាប់ហុងកុង។ ចិនដីគោកបានឆ្លើយតបនឹងបាតុកម្មរបស់ពលរដ្ឋហុងកុងកាលណោះដោយដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិរបស់ខ្លួនក្នុងថ្ងៃទី១ កក្កដា ឆ្នាំ ២០២០។
តាមរយៈច្បាប់សន្តិសុខជាតិរបស់ចិនមួយនេះ មានមនុស្សជាច្រើនរយនាក់ត្រូវបានចាប់ខ្លួន និងកាត់ទោសក្រោមបទចោទប្រកាន់ផ្សេងៗដូចជាការបះបោរ វិទ្ធង្សនា អំពើភេរវកម្ម និងឃុបឃិតជាមួយកម្លាំងបរទេសដែលអាចជាប់គុកអស់មួយជីវិត។ ចុះបើមានច្បាប់សន្តិសុខជាតិរបស់ចិនដីគោកហើយ តើចាំបាច់អីដែលហុងកុងត្រូវបង្កើតច្បាប់សន្តិសុខជាតិដាច់ដោយឡែករបស់ខ្លួន។ តាមពិត ហុងកុងដែលជាដែនដីស្វយ័តមានកាតព្វកិច្ចបង្កើតច្បាប់សន្តិសុខជាតិរបស់ខ្លួនទាក់ទងនឹងបទល្មើសចំនួន ៧ ដូចជារឿងក្បត់ជាតិ និងចារកិច្ច។
តែនៅ ២៦ឆ្នាំក្រោយការរួចពីនឹមអាណានិគមនិយមអង់គ្លេសមកដល់សព្វថ្ងៃ ហុងកុងនៅមិនទាន់បានបំពេញកាតព្វកិច្ចមួយនេះនៅឡើយទេ។ កន្លងមក រដ្ឋអំណាចហុងកុងធ្លាប់បានព្យាយាមដែរ តែមិនបានជោគជ័យ។ ការព្យាយាមចុងក្រោយក្នុងឆ្នាំ ២០០៣ ត្រូវបានបោះបង់ចោល ក្រោយពីមានពលរដ្ឋហុងកុងកន្លះលាននាក់បានធ្វើបាតុកម្មប្រឆាំង។ ក្រៅពីច្បាប់សន្តិសុខជាតិ មេដឹកនាំហុងកុងលោកចន លីក៏បានបញ្ជាក់ពីគម្រោងអភិវឌ្ឍលើវិស័យអប់រំដោយដាក់បញ្ចូលការអប់រំស្នេហាជាតិដូចដែលចិនដីគោកទើបបានធ្វើដើម្បីពង្រឹងអត្តសញ្ញាណ ឯកភាព និងសាមគ្គីភាពជាតិ៕
ដោយ៖ គួច គន្ធារ៉ា/RFI
© រក្សាសិទ្ធិដោយ thmeythmey.com