សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចអាម៉េរិកកើនដល់ ៤,៩ភាគរយ ក្រោយមានសន្ទុះនៃការប្រើប្រាស់
27, Oct 2023 , 10:29 pm        
រូបភាព
អតិថិជនទិញទំនិញនៅផ្សារទំនើបមួយនៅ Millbrae រដ្ឋ California ។ រូបភាព​ ៖ Xinhua
អតិថិជនទិញទំនិញនៅផ្សារទំនើបមួយនៅ Millbrae រដ្ឋ California ។ រូបភាព​ ៖ Xinhua
ផលិតផលក្នុងស្រុកសរុប (GDP) របស់អាម៉េរិកត្រីមាសទី៣ បានកើនឡើង ៤,៩ ភាគរយ ដោយសារសន្ទុះនៃការប្រើប្រាស់ ទោះបីជាអត្រាការប្រាក់ខ្ពស់ សម្ពាធអតិផរណា និង បញ្ហាប្រឈមជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិក៏ដោយ។

 
GDP របស់អាម៉េរិក បានកើនដល់ ៤,៩ភាគរយ នៅក្នុងត្រីមាសទី៣។ អត្រានេះ ខ្ពស់ជាង ២,១ភាគរយ នៅត្រីមាសទី២ ហើយក៏ល្អជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចផងដែរ។ នេះ បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៦ ខែតុលា។ 
 
អត្រាកំណើន​នេះ​ បាន​មក​ពី​ការ​ប្រើប្រាស់ ការ​នាំ​ចេញ ការ​វិនិយោគ​លើ​លំនៅឋាន និង​ការ​ចំណាយ​សាធារណៈ ពិសេសការប្រើប្រាស់បានកើនឡើង ៤ភាគរយ ខណៈការចំណាយ សាធារណៈ និងការវិនិយោគបានកើនឡើង ៤,៦ភាគរយ។
 
ត្រីមាសទី៣ ក៏ជាត្រីមាសដ៏រឹងមាំបំផុតនៃកំណើនសេដ្ឋកិច្ចនេះ ចាប់តាំងពីចុងឆ្នាំ ២០២១។ ទិន្នន័យខាងលើ អាចជួយឱ្យធនាគារកណ្តាលអាម៉េរិក (Fed) មានការលើកទឹកចិត្តបន្ថែម ទៀត ដើម្បីរក្សាការរឹតបន្តឹងរូបិយវត្ថុ។ យ៉ាងណា វិនិយោគិននៅតែជឿថា Fed នឹងមិន​ដំឡើងអត្រាការប្រាក់ នៅកិច្ចប្រជុំនៅសប្តាហ៍ក្រោយនោះទេ។ នៅអាម៉េរិក បច្ចុប្បន្ន អត្រា​ការប្រាក់យោងស្ថិតនៅចន្លោះ ៥,២៥ ភាគរយ ទៅ ៥,៥ ភាគរយ ខណៈអតិផរណានៅខែ កញ្ញា មានត្រឹមតែ ៣,៧ ភាគរយ។
 
លោក Jeffrey Roach ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនហិរញ្ញវត្ថុ LPL Financial បាន​និយាយ​ថា វិនិយោគិនមិនគួរភ្ញាក់ផ្អើលទេ ដែលឃើញការប្រើប្រាស់នៅតែមានភាពរស់រវើក នៅ ក្នុងត្រីមាសទី៣។ សំណួរបច្ចុប្បន្ននេះ គឺថាតើនិន្នាការនេះ អាចបន្តនៅក្នុងត្រីមាសខាង មុខនេះដែរឬទេ?
 
សេដ្ឋវិទូជាច្រើនធ្លាប់គិតថា អាម៉េរិកស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល។ យ៉ាងណាមិញ សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅតែរក្សាបាននូវអត្រាកំណើនរបស់ខ្លួន ដោយសារ ការប្រើប្រាស់លើសពីការព្យាករ។
 
ការប្រើប្រាស់បានរួមចំណែកប្រហែល ៦៨ភាគរយនៃ GDP នៅក្នុងត្រីមាសទី៣។ ចាប់ តាំង​ពីមានការគាំទ្រពីរដ្ឋាភិបាលអំឡុងពេលជំងឺកូវីដ-១៩ ការប្រើប្រាស់មានភាពរស់រវើក ដោយសារប្រជាជន បានដកប្រាក់សន្សំ និងប្រើប្រាស់ប័ណ្ណឥណទាន។
 
ទោះបីជាសេដ្ឋកិច្ចអាម៉េរិកបង្ហាញភាពធន់ក្នុងភាពប្រឈមមុខក៏ដោយ អ្នកសេដ្ឋកិច្ចភាគ ច្រើនព្យាករថា កំណើននឹងថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែក្រុមទាំងនេះយល់ថា អាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប្រសិនបើមិនមាន វិបត្តិអ្វីផ្សេងមករារាំង៕  
 

Tag:
 សេដ្ឋកិច្ច
  GDP
  អតិផរណា
  អាម៉េរិក
  Fed
© រក្សាសិទ្ធិដោយ thmeythmey.com