ផលិតផលក្នុងស្រុកសរុប (GDP) របស់អាម៉េរិកត្រីមាសទី៣ បានកើនឡើង ៤,៩ ភាគរយ ដោយសារសន្ទុះនៃការប្រើប្រាស់ ទោះបីជាអត្រាការប្រាក់ខ្ពស់ សម្ពាធអតិផរណា និង បញ្ហាប្រឈមជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិក៏ដោយ។
GDP របស់អាម៉េរិក បានកើនដល់ ៤,៩ភាគរយ នៅក្នុងត្រីមាសទី៣។ អត្រានេះ ខ្ពស់ជាង ២,១ភាគរយ នៅត្រីមាសទី២ ហើយក៏ល្អជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចផងដែរ។ នេះ បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៦ ខែតុលា។
អត្រាកំណើននេះ បានមកពីការប្រើប្រាស់ ការនាំចេញ ការវិនិយោគលើលំនៅឋាន និងការចំណាយសាធារណៈ ពិសេសការប្រើប្រាស់បានកើនឡើង ៤ភាគរយ ខណៈការចំណាយ សាធារណៈ និងការវិនិយោគបានកើនឡើង ៤,៦ភាគរយ។
ត្រីមាសទី៣ ក៏ជាត្រីមាសដ៏រឹងមាំបំផុតនៃកំណើនសេដ្ឋកិច្ចនេះ ចាប់តាំងពីចុងឆ្នាំ ២០២១។ ទិន្នន័យខាងលើ អាចជួយឱ្យធនាគារកណ្តាលអាម៉េរិក (Fed) មានការលើកទឹកចិត្តបន្ថែម ទៀត ដើម្បីរក្សាការរឹតបន្តឹងរូបិយវត្ថុ។ យ៉ាងណា វិនិយោគិននៅតែជឿថា Fed នឹងមិនដំឡើងអត្រាការប្រាក់ នៅកិច្ចប្រជុំនៅសប្តាហ៍ក្រោយនោះទេ។ នៅអាម៉េរិក បច្ចុប្បន្ន អត្រាការប្រាក់យោងស្ថិតនៅចន្លោះ ៥,២៥ ភាគរយ ទៅ ៥,៥ ភាគរយ ខណៈអតិផរណានៅខែ កញ្ញា មានត្រឹមតែ ៣,៧ ភាគរយ។
លោក Jeffrey Roach ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនហិរញ្ញវត្ថុ LPL Financial បាននិយាយថា វិនិយោគិនមិនគួរភ្ញាក់ផ្អើលទេ ដែលឃើញការប្រើប្រាស់នៅតែមានភាពរស់រវើក នៅ ក្នុងត្រីមាសទី៣។ សំណួរបច្ចុប្បន្ននេះ គឺថាតើនិន្នាការនេះ អាចបន្តនៅក្នុងត្រីមាសខាង មុខនេះដែរឬទេ?
សេដ្ឋវិទូជាច្រើនធ្លាប់គិតថា អាម៉េរិកស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល។ យ៉ាងណាមិញ សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅតែរក្សាបាននូវអត្រាកំណើនរបស់ខ្លួន ដោយសារ ការប្រើប្រាស់លើសពីការព្យាករ។
ការប្រើប្រាស់បានរួមចំណែកប្រហែល ៦៨ភាគរយនៃ GDP នៅក្នុងត្រីមាសទី៣។ ចាប់ តាំងពីមានការគាំទ្រពីរដ្ឋាភិបាលអំឡុងពេលជំងឺកូវីដ-១៩ ការប្រើប្រាស់មានភាពរស់រវើក ដោយសារប្រជាជន បានដកប្រាក់សន្សំ និងប្រើប្រាស់ប័ណ្ណឥណទាន។
ទោះបីជាសេដ្ឋកិច្ចអាម៉េរិកបង្ហាញភាពធន់ក្នុងភាពប្រឈមមុខក៏ដោយ អ្នកសេដ្ឋកិច្ចភាគ ច្រើនព្យាករថា កំណើននឹងថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប៉ុន្តែក្រុមទាំងនេះយល់ថា អាម៉េរិកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប្រសិនបើមិនមាន វិបត្តិអ្វីផ្សេងមករារាំង៕