អន្តរជាតិ
កូនស្រីពៅលោក ថាក់ស៊ីន ឡើងកាន់តំណែងជាមេដឹកនាំបក្សភឿថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (ឆ្វេង) ជាមួយកូនស្រីពៅរបស់ខ្លួន លោកស្រី Paetongtarn Shinawatra។ រូបភាព AFP
× លោកស្រី Paetongtarn Shinawatra កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់បក្សភឿថៃ ដែលកំពុងដឹកនាំប្រទេស។
លោកស្រី Paetongtarn Shinawatra ត្រូវដឹកនាំបក្សភឿថៃជំនួសលោក Cholnan Srikaew ដែលលាលែងពីតំណែងនៅចុងខែសីហាកន្លងទៅ។ ពេលនេះ លោក Cholnan បានកាន់តំណែងជារដ្ឋមន្រ្តីសុខាភិបាលថៃ។
លោកស្រី Paetongtarn Shinawatra មានវ័យ ៣៦ឆ្នាំ និងជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប៉ូលិស។
បន្ទាប់ពីក្លាយជាមេដឹកនាំថ្មី លោកស្រី Paetongtarn បានប្តេជ្ញាថា បក្សភឿថៃ នឹងបន្តកែលម្អជីវភាពរបស់ប្រជាជន ផ្តោតលើស្តង់ដារជីវិត និងសេរីភាព។ មេដឹកនាំរូបនេះ បានប្តេជ្ញាសិក្សាពីភាពបរាជ័យរបស់បក្សនៅក្នុងការបោះឆ្នោតក្នុងពេលកន្លងទៅ ដែលមិនអាចទទួលបានសំឡេងភាគច្រើនលើសគេ ដ់ើម្បីអាចទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតអាណត្តិក្រោយ។
ជំនួបសមាជិកប្រតិបត្តិ និងសំខាន់ៗរបស់បក្សភឿថៃក្នុងថ្ងៃដដែលនេះ ក៏បានជ្រើសលោក Sorawong Thienthong ជាអគ្គលេខាធិការបក្ស និងលោក Danuporn Punnakan ជាអ្នកនាំពាក្យផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com