សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចគុយបាអាចកើនដល់ ៩ភាគរយ បើគ្មានការដាក់ទណ្ឌកម្មពីអាម៉េរិក ទិដ្ឋភាពតាមដងផ្លូវនៅគុយបា ។ រូបភាព ៖ AFP
× រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodríguez អះអាងថា ផ្អែកតាមការគណនាយ៉ាងម៉ត់ចត់សេដ្ឋកិច្ចគុយបាអាចកើនដល់ ៩ភាគរយក្នុងឆ្នាំ២០២២ ប្រសិនបើមិនមានការហ៊ុមព័ទ្ធនៃការដាក់ទណ្ឌកម្មដោយអាម៉េរិក។
គុយបាទើបតែបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការខូចខាតដែលបណ្តាលមកពី គោលនយោបាយដាក់ទណ្ឌកម្មរបស់អាម៉េរិក ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេស Bruno Rodríguez បាននិយាយថា សេដ្ឋកិច្ចគុយបាអាចកើនដល់៩ភាគរយក្នុងឆ្នាំ២០២២ ប្រសិនបើមិនមានការហ៊ុមព័ទ្ធទេនោះដែលជំនួសឱ្យត្រឹម១,៨ភាគរយ។
ប្រមុខការទូតគុយបារូបនេះបានឲ្យដឹងថា គុយបាបានខាតបង់ប្រមាណ ៤៨៦៧ ពាន់លានដុល្លារចាប់ពីដើមខែមីនា ឆ្នាំ២០២២ ដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារការដាក់ទណ្ឌកម្ម ។
យោងតាមស្ថិតិគុយបា ការខាតបង់បង្គរក្នុងរយៈពេលជាង ៦០ឆ្នាំនៃគោលនយោបាយអរិភាពរបស់អាម៉េរិកចំពោះគុយបាមានចំនួន ១៥៩ពាន់លានដុល្លារ ឬ ១៣៣៧ពាន់លានដុល្លារប្រសិនបើគណនាតាមរតម្លៃស្តង់ដារមាស។
យោងតាមការប៉ាន់ប្រមាណវិស័យសុខាភិបាលគុយបាខាតបង់ ៨០ លានដុល្លារនៅឆ្នាំ ២០២២ វិស័យទេសចរណ៍ខាតបង់ ១.០៨៩ លានដុល្លារ ខណៈវិស័យកសិកម្មខាត ២៧៣ លានដុល្លារ និងវិស័យផលិតអគ្គិសនី ២៣៩លានដុល្លារ។
គុយបាត្រូវបានរំពឹងថា នឹងដាក់សំណើរជូនមហាសន្និបាតអង្គការសហប្រជាជាតិនៅដើមខែវិច្ឆិកាជុំវិញសេចក្តីព្រាងសេចក្តីសម្រេចថ្កោលទោសគោលនយោបាយឯកតោភាគីរបស់អាម៉េរិក។ នេះជាលើកទី៣១ហើយដែលគុយបាបានបញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចនេះ។
នៅឆ្នាំ ១៩៦២ ប្រធានាធិបតីអាម៉េរិក ចន អេហ្វ ខេននឺឌី បានអនុវត្តការបិទផ្លូវសេដ្ឋកិច្ចរបស់គុយបា ក្រោមច្បាប់ប្រឆាំងការធ្វើពាណិជ្ជកម្មជាមួយសត្រូវ។ ច្បាប់នេះអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកដាក់និងរក្សាការរឹតត្បិតសេដ្ឋកិច្ចលើប្រទេសដែលគេចាត់ទុកជាអរិភាព ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក្នុងគ្រាមានសង្គ្រាម ឬប្រទេសដទៃ និងហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសត្រូវ ឬសម្ព័ន្ធមិត្តរបស់សត្រូវក្នុងជម្លោះប្រដាប់អាវុធ។ គុយបាជាប្រទេសតែមួយគត់ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់ខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com