សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ច​គុយបា​អាច​កើនដល់ ៩ភាគរយ បើ​គ្មាន​ការដាក់ទណ្ឌកម្មពីអាម៉េរិក
28, Oct 2023 , 10:10 am        
រូបភាព
ទិដ្ឋភាពតាមដងផ្លូវនៅគុយបា ។ រូបភាព ៖ AFP
ទិដ្ឋភាពតាមដងផ្លូវនៅគុយបា ។ រូបភាព ៖ AFP
រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodríguez អះអាងថា ផ្អែកតាមការគណនាយ៉ាងម៉ត់ចត់សេដ្ឋកិច្ចគុយបាអាចកើនដល់ ៩ភាគរយក្នុងឆ្នាំ២០២២  ប្រសិនបើមិនមានការហ៊ុមព័ទ្ធនៃការដាក់ទណ្ឌកម្មដោយអាម៉េរិក។

  
 
គុយបាទើបតែបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការខូចខាតដែលបណ្តាលមកពី គោលនយោបាយដាក់ទណ្ឌកម្មរបស់អាម៉េរិក ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេស Bruno Rodríguez បាននិយាយថា សេដ្ឋកិច្ចគុយបាអាចកើនដល់៩ភាគរយក្នុងឆ្នាំ២០២២  ប្រសិនបើមិនមានការហ៊ុមព័ទ្ធទេនោះដែលជំនួសឱ្យត្រឹម១,៨ភាគរយ។  
 
ប្រមុខការទូតគុយបារូបនេះបានឲ្យដឹងថា គុយបាបានខាតបង់ប្រមាណ ៤៨៦៧ ពាន់លានដុល្លារចាប់ពីដើមខែមីនា ឆ្នាំ២០២២ ដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារការដាក់ទណ្ឌកម្ម ។
 
យោងតាមស្ថិតិគុយបា ការខាតបង់បង្គរក្នុងរយៈពេលជាង ៦០ឆ្នាំនៃគោលនយោបាយអរិភាពរបស់អាម៉េរិកចំពោះគុយបាមានចំនួន ១៥៩ពាន់លានដុល្លារ ឬ ១៣៣៧ពាន់លានដុល្លារប្រសិនបើគណនាតាមរតម្លៃស្តង់ដារមាស។
 
យោងតាមការប៉ាន់ប្រមាណវិស័យសុខាភិបាលគុយបាខាតបង់ ៨០ លានដុល្លារនៅឆ្នាំ ២០២២ វិស័យទេសចរណ៍ខាតបង់ ១.០៨៩ លានដុល្លារ ខណៈវិស័យកសិកម្មខាត ២៧៣ លានដុល្លារ និងវិស័យផលិតអគ្គិសនី ២៣៩លានដុល្លារ។
 
គុយបាត្រូវបានរំពឹងថា នឹងដាក់សំណើរជូនមហាសន្និបាតអង្គការសហប្រជាជាតិនៅដើមខែវិច្ឆិកាជុំវិញសេចក្តីព្រាងសេចក្តីសម្រេចថ្កោលទោសគោលនយោបាយឯកតោភាគីរបស់អាម៉េរិក។ នេះ​ជា​លើក​ទី​៣១​ហើយ​ដែល​គុយបា​បាន​បញ្ជូន​សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ។
 
នៅឆ្នាំ ១៩៦២ ប្រធានាធិបតីអាម៉េរិក ចន អេហ្វ  ខេននឺឌី បានអនុវត្តការបិទផ្លូវសេដ្ឋកិច្ចរបស់គុយបា ក្រោមច្បាប់ប្រឆាំងការធ្វើពាណិជ្ជកម្មជាមួយសត្រូវ។ ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​អាម៉េរិក​ដាក់​និង​រក្សា​ការ​រឹតត្បិត​សេដ្ឋកិច្ច​លើ​ប្រទេស​ដែល​គេ​ចាត់ទុកជា​អរិភាព ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ក្នុង​គ្រា​មាន​សង្គ្រាម ឬ​ប្រទេស​ដទៃ និង​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សត្រូវ ឬ​សម្ព័ន្ធមិត្ត​របស់​សត្រូវ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ។ គុយបា​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់​ខាងលើ៕

Tag:
 គុយបា
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com