ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ភ្នំមានតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ រដ្ឋមន្ត្រីរ៉ែ មិន​ចង់ឃើញភ្នំនៅ​ខ្មែរ សុទ្ធតែកញ្ឆតនោះឡើយ
06, Nov 2023 , 9:29 pm        
រូបភាព
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ រូបថតពីក្រសួងធនធានរ៉ែ និងថាមពល
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ រូបថតពីក្រសួងធនធានរ៉ែ និងថាមពល
មិន​មាន​ការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ(វ៉ៃថ្មភ្នំ)ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ។ លោក កែវ រតនៈ រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បាន​អះអាង​យ៉ាង​ដូច្នេះ នាពេល​ដែល​លោក​ឆ្លើយ​តបទៅ​នឹង​ក្តីកង្វល់​របស់​តំណាងឯកជន​មួយ​រូប នា​កិច្ច​ប្រជុំ​ក្រុម​ការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម «ញ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១ ខែវិច្ឆិកា។

 

លោក ហាក់ ប៊ុនថន តំណាងសមាគមផ្នែក​ថ្មសំណង់ ចង់បាន​អន្តរាគមន៍​ ក៏ដូចជាមតិយោបល់​ពីរដ្ឋមន្ត្រី​រ៉ែ ពាក់ព័ន្ធ​នឹង​​ការកំណត់​តម្លៃអប្បបរមានៃ​ការលក់ចេញ។ ​លោកបាន​លើកឡើងថា តម្លៃ​វាទាបពេក រួម​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ខុស​រឿង បានធ្វើ​ឱ្យ​ក្រុមហ៊ុន ឬសហគ្រាស បិទទ្វារជាបន្ត​បន្ទាប់។
 
លោក កែវ រតនៈ បានបញ្ជាក់ថា ក្រសួងមិនមាន​ការ​ចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំ ណាមួយទៀតឡើយ​ដែលនេះគឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ ខណៈបច្ចុប្បន្នវិស័យឯកជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថ្មសំណង់​នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃល្អប្រសើរ។
 

លោក ហាក់ ប៊ុនថន តំណាងសមាគមផ្នែក​ថ្មសំណង់ ។ រូបថត៖​ ក្រសួងធនធានរ៉ែ និងថាមពល

ក្នុងន័យនេះ រដ្ឋមន្ត្រី​រ៉ែ មិនហាមឃាត់អ្នកដែលចង់ធ្វើអាជីវកម្មថ្មទេ ប៉ុន្តែត្រូវគិតគូរសំខាន់ លើ​ការងារអភិរក្ស។ លោក​បញ្ជាក់ថា៖ «កម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី! អ្នកណាដាក់ពាក្យ[សុំធ្វើអាជីវកម្មថ្ម] យើងអាចឱ្យ ប្រសិនបើគោរពតាមលក្ខខណ្ឌបរិស្ថាន សួយសារ និងពន្ធដារត្រឹមត្រូវ គឺយើងអាចឱ្យ[ធ្វើអាជីវកម្ម]»។ ប៉ុន្តែលោក​បន្តថា៖ « យើងក៏ថ្លឹងថ្លែង ជាមួយបញ្ហាអភិរក្ស!  ខ្ញុំមិនចង់ឃើញភ្នំទាំងអស់កញ្ឆតទាំងអស់នោះទេ។ ពីព្រោះ ភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ ភ្នំខ្លះមានតម្លៃអេកូទេសចរណ៍ ឬមួយការលម្អ។ បើយើងជិះឡានពីភ្នំពេញទៅកំពង់សោម ភ្នំតូច-ធំ ឆែបទាំងអស់! ឆែបច្រមុះ ឆែបមាត់ ឆែបតិចៗទាំងអស់ ដោយមិនមានការចាំបាច់»។
 
ជុំវិញការអភិរក្ស​ភ្នំនេះ លោក កែវ រតនៈ បានចាត់អគ្គនាយកដ្ឋានរ៉ែ ឱ្យធ្វើការងារជាមួយមន្ទីររ៉ែ និងថាមពលគ្រប់រាជធានី-ខេត្ត រួមទាំងឈានដល់ការពិគ្រោះយោបល់ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ​លើការងារអភិរក្សភ្នំនានានៅកម្ពុជា។ លោក បានលើកឡើងឧទាហរណ៍មកនិយាយបញ្ជាក់ថា ៖ «យើងមិនចង់បាត់ភ្នំនាងកង្រីយើង ទៅជាវាលទំនាបទេ។​ ថ្ម! យើងដោះស្រាយថ្ម ប៉ុន្តែមិនមែនភ្នំទាំងអស់ត្រូវឆែបទាំងអស់ឡើយ! ភ្នំណាក៏ឆែប ភ្នំណាក៏កញ្ឆតនោះ គឺមិនបានទេ»។​
 
រដ្ឋមន្ត្រី​រ៉ែ លើកឡើងថា ការពិនិត្យឡើង​វិញ​យ៉ាងហោច​៦ ទៅ៧​ខែ​លើបញ្ហានេះ អាច​កំណត់​បានគោលការណ៍ផ្គត់ផ្គង់ ហើយ​ក៏ជា​ការអភិរក្សមួយ​ដែលត្រូវឈាន​ដល់ការអនុវត្ត​ផងដែរ។ លោក កែវ រតនៈ បញ្ជាក់ថា ក្នុងទីផ្សារសេរី ការកំណត់ថ្លៃមិនអាចធ្វើទៅបាន ប៉ុន្តែ​រដ្ឋ និង​វិស័យ​ឯក​ជន​ អាច​រួមគ្នា​ជួយ​ចាត់​ការ​អ្នក​ដែល​គេច​ពី​សំណាញ់ច្បាប់ ជាពិសេស​អ្នក​ដែល​បង្កើតឱ្យមាន​ការ​ប្រកួត​ប្រជែងមិន​ស្មើភាព៕
 

Tag:
 បរិស្ថា​ន
  ភ្នំ
  លោក កែវ រតនៈ
© រក្សាសិទ្ធិដោយ thmeythmey.com