ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ភ្នំមានតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ រដ្ឋមន្ត្រីរ៉ែ មិនចង់ឃើញភ្នំនៅខ្មែរ សុទ្ធតែកញ្ឆតនោះឡើយ 
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ រូបថតពីក្រសួងធនធានរ៉ែ និងថាមពល
×![]()
មិនមានការចេញអាជ្ញាបណ្ណធ្វើអាជីវកម្មលើថ្មភ្នំ(វ៉ៃថ្មភ្នំ)ដល់ក្រុមហ៊ុនណាមួយទៀតឡើយ លុះត្រាតែមានការពិនិត្យឡើងវិញ។ លោក កែវ រតនៈ រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល បានអះអាងយ៉ាងដូច្នេះ នាពេលដែលលោកឆ្លើយតបទៅនឹងក្តីកង្វល់របស់តំណាងឯកជនមួយរូប នាកិច្ចប្រជុំក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម «ញ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១ ខែវិច្ឆិកា។
លោក ហាក់ ប៊ុនថន តំណាងសមាគមផ្នែកថ្មសំណង់ ចង់បានអន្តរាគមន៍ ក៏ដូចជាមតិយោបល់ពីរដ្ឋមន្ត្រីរ៉ែ ពាក់ព័ន្ធនឹងការកំណត់តម្លៃអប្បបរមានៃការលក់ចេញ។ លោកបានលើកឡើងថា តម្លៃវាទាបពេក រួមជាមួយនឹងការប្រកួតប្រជែងខុសរឿង បានធ្វើឱ្យក្រុមហ៊ុន ឬសហគ្រាស បិទទ្វារជាបន្តបន្ទាប់។
លោក កែវ រតនៈ បានបញ្ជាក់ថា ក្រសួងមិនមានការចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំ ណាមួយទៀតឡើយដែលនេះគឺដើម្បីឱ្យមានតុល្យភាពគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ ខណៈបច្ចុប្បន្នវិស័យឯកជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថ្មសំណង់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃល្អប្រសើរ។
លោក ហាក់ ប៊ុនថន តំណាងសមាគមផ្នែកថ្មសំណង់ ។ រូបថត៖ ក្រសួងធនធានរ៉ែ និងថាមពល
ក្នុងន័យនេះ រដ្ឋមន្ត្រីរ៉ែ មិនហាមឃាត់អ្នកដែលចង់ធ្វើអាជីវកម្មថ្មទេ ប៉ុន្តែត្រូវគិតគូរសំខាន់ លើការងារអភិរក្ស។ លោកបញ្ជាក់ថា៖ «កម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី! អ្នកណាដាក់ពាក្យ[សុំធ្វើអាជីវកម្មថ្ម] យើងអាចឱ្យ ប្រសិនបើគោរពតាមលក្ខខណ្ឌបរិស្ថាន សួយសារ និងពន្ធដារត្រឹមត្រូវ គឺយើងអាចឱ្យ[ធ្វើអាជីវកម្ម]»។ ប៉ុន្តែលោកបន្តថា៖ « យើងក៏ថ្លឹងថ្លែង ជាមួយបញ្ហាអភិរក្ស! ខ្ញុំមិនចង់ឃើញភ្នំទាំងអស់កញ្ឆតទាំងអស់នោះទេ។ ពីព្រោះ ភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ ភ្នំខ្លះមានតម្លៃវប្បធម៌ ភ្នំខ្លះមានតម្លៃអេកូទេសចរណ៍ ឬមួយការលម្អ។ បើយើងជិះឡានពីភ្នំពេញទៅកំពង់សោម ភ្នំតូច-ធំ ឆែបទាំងអស់! ឆែបច្រមុះ ឆែបមាត់ ឆែបតិចៗទាំងអស់ ដោយមិនមានការចាំបាច់»។
ជុំវិញការអភិរក្សភ្នំនេះ លោក កែវ រតនៈ បានចាត់អគ្គនាយកដ្ឋានរ៉ែ ឱ្យធ្វើការងារជាមួយមន្ទីររ៉ែ និងថាមពលគ្រប់រាជធានី-ខេត្ត រួមទាំងឈានដល់ការពិគ្រោះយោបល់ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ លើការងារអភិរក្សភ្នំនានានៅកម្ពុជា។ លោក បានលើកឡើងឧទាហរណ៍មកនិយាយបញ្ជាក់ថា ៖ «យើងមិនចង់បាត់ភ្នំនាងកង្រីយើង ទៅជាវាលទំនាបទេ។ ថ្ម! យើងដោះស្រាយថ្ម ប៉ុន្តែមិនមែនភ្នំទាំងអស់ត្រូវឆែបទាំងអស់ឡើយ! ភ្នំណាក៏ឆែប ភ្នំណាក៏កញ្ឆតនោះ គឺមិនបានទេ»។
រដ្ឋមន្ត្រីរ៉ែ លើកឡើងថា ការពិនិត្យឡើងវិញយ៉ាងហោច៦ ទៅ៧ខែលើបញ្ហានេះ អាចកំណត់បានគោលការណ៍ផ្គត់ផ្គង់ ហើយក៏ជាការអភិរក្សមួយដែលត្រូវឈានដល់ការអនុវត្តផងដែរ។ លោក កែវ រតនៈ បញ្ជាក់ថា ក្នុងទីផ្សារសេរី ការកំណត់ថ្លៃមិនអាចធ្វើទៅបាន ប៉ុន្តែរដ្ឋ និងវិស័យឯកជន អាចរួមគ្នាជួយចាត់ការអ្នកដែលគេចពីសំណាញ់ច្បាប់ ជាពិសេសអ្នកដែលបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មើភាព៕

Tag:
បរិស្ថាន
ភ្នំ
លោក កែវ រតនៈ
© រក្សាសិទ្ធិដោយ thmeythmey.com