ជាតិ
សេដ្ឋកិច្ច
ចិន ចំណាយ​អស់ជាង ៣ ០០០លានដុល្លារ លើការអភិវឌ្ឍផ្លូវថ្នល់ និងស្ពាននៅកម្ពុជា
08, Nov 2023 , 10:59 am        
រូបភាព
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។រូបថត៖ CDC
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។រូបថត៖ CDC
មកទល់សព្វថ្ងៃ ចិនបានផ្តល់កម្ចី​ និងជំនួយឥតសំណងដល់កម្ពុជា​អស់ ៣​ ៣៤០លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន។ ក្នុងនោះ មានផ្លូវធ្វើរួច៣១ខ្សែ ប្រវែង៣០៧៧គីឡូម៉ែត្រ ប្រើថវិកាអស់២១៨០លានដុល្លារ ​ខណៈផ្លូវ៦ខ្សែទៀត កំពុងសាងសង់ឡើង មានតម្លៃ​៦៧៥លាន និងស្ពានធំៗចំនួន១១ រួមទាំងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានតម្លៃជិត៥០០លានដុល្លារ។​ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

 
បើតាមលោក ស៊ុន ចាន់ថុល​ ក្រៅពីផ្លូវថ្នល់​ និងស្ពាននេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលបានពីរដ្ឋាភិបាលចិន តាមរយៈគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ(BRI) នៃគំនិតផ្តួចផ្តើមលោកប្រធានាធិបតីចិន ស៊ី ជីនពីង។  ក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧វិច្ឆិកា លោកអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបញ្ជាក់ថា គម្រោង BRI បានជួយកម្ពុជាច្រើន ក៏ដូចប្រទេសនានា ដែលជាសមាជិក BRI ក្នុងការកសាងប្រទេសជាតិ។ 
 
« BRI មិនបានធ្វើបាបកម្ពុជាទេ!»។ នេះជាការអះអាងសារជាថ្មីរបស់លោក ស៊ុន ចាន់ថុល ​ដោយបន្តថ្លែងថា​៖ « BRI​ មិនបានដាក់បន្ទុក ឬ ជាអន្ទាក់ឱ្យខ្មែរជាប់បំណុលវ័ណ្ឌ ក នោះទេ។ ផ្ទុយទៅវិញ BRI បានជួយយកថវិកាមកកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាយើង ដើម្បីឱ្យសេដ្ឋកិច្ចជាតិយើងមានការរីកចម្រើន»។ ​

លោក ស៊ុន ចាន់ថុល បានបន្ថែម ថា មុនផ្ទុះជំងឺកូវីដ-១៩  សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើន៧ភាគរយក្នុងមួយឆ្នាំនោះ មានមួយចំណែក គឺបានពី BRI។ ហេតុដូច្នេះហើយ បានជារដ្ឋាភិបាលកម្ពុជា គាំទ្រនូវគម្រោង​របស់ចិននេះ។ 
 
គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាជំពាក់បំណុលបរទេសចំនួន ១០,៦៧ពាន់លានដុល្លារ។ រហូតដល់ដំណាច់ឆ្នាំនេះ បំណុលក្រៅបរទេសរបស់កម្ពុជាកើនដល់ ១១,១៩ពាន់លានដុល្លារ។ នេះបើយោងតាមសន្និធិបំណុលសាធារណៈ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្និន័យដដែលបានបង្ហាញថា ប្រទេសដែលកម្ពុជា​ជាប់បំណុលច្រើនជាងនោះ គឺចិនមានជាង ៤ ០០០លានដុល្លារអាម៉េរិក។​
 
  


ជុំវិញនៃស្ថានភាពបំណុលក្រៅបរទេសនេះ កាលពីព្រឹកថ្ងៃទី២វិច្ឆិកា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត បានថ្លែង នៅចំពោះមុខកម្មករ និយោជិតជាង១,៨ម៉ឺននាក់ នៅស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ថាលុយដែលកម្ពុជា​ខ្ចីពីបរទេស​ គឺយកមកដើម្បីវិនិយោគប្រកបដោយការទទួលខុសត្រូវលើអភិវឌ្ឍប្រទេសជាតិ​ មិនមែនយកលុយគេមក ដើម្បីទិញឡាន ទិញយន្តហោះនោះឡើយ។ ប្រមុខរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ដូច្នេះ ៖  «យើងមិនខ្ចីបំណុល[លុយគេ]ដោយគ្មានហេតុផល រហូតជំពាក់គេវ័ណ្ឌកនោះទេ។ មានតិចបំផុតក្នុងពិភពលោកដែលប្រទេសអត់មានបំណុល ហើយប្រទេសដែលអត់មានបំណុល[ក្រៅបរទេស] ក៏ខ្ចីលុយពីពលរដ្ឋខ្លួនឯងដែរ»។ បើតាមសម្តេច ហ៊ុន ម៉ាណែត កុំថាឡើយកម្ពុជា សូម្បីតែជប៉ុន បារាំង អាម៉េរិក ក៏មានបំណុលសាធារណៈដែរ។
 
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា មានតម្រូវការហិរញ្ញប្បទានជាង១ ៦៥០លានដុល្លារ​ទៀត ស្មើនឹង៤,៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស/GDP) ដើម្បីការបំពេញការចំណាយប្រចាំឆ្នាំ ​ដែលមានជាង ៩ ០០០លានដុល្លារ។ ក្នុងនោះ រដ្ឋគ្រោងខ្ចីលុយពីពលរដ្ឋក្នុងស្រុក តាមរយៈការបោះលក់មូលបត្ររដ្ឋចំនួន១០៨លានដុល្លារ   និងខ្ចីពីបរទេសប្រមាណ ១ ៥០០លានដុល្លារ ស្មើនឹង ៤,៣៩ភាគរយនៃ ផ.ស.ស។​ បើយោងតាមក្រសួងសេដ្ឋកិច្ច​ ផ.ស.ស របស់កម្ពុជាក្នុងឆ្នាំ២០២៤​ ស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ពាន់លានរៀល សមមូលនឹង ៣៥ ១៦៨លានដុល្លារ៕ 

Tag:
 ចិន
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com