ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ស្នើពលរដ្ឋកុំទិតៀនរដ្ឋមន្ត្រីសាធារណការ ចំពោះបញ្ហាខូចផ្លូវពីកំពត-វាលរេញ
08, Nov 2023 , 2:39 pm        
រូបភាព
(ឆ្វេង) លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃCDC និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ
(ឆ្វេង) លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃCDC និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ
បច្ចុប្បន្ន ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញប្រវែង២០គីឡូម៉ែត្រ កំពុងខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កការលំបាកក្នុងការធ្វើដំណើរ ខណៈលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារ​ណការ និងដឹកជញ្ជូន កំពុងរងការរិះគន់ពីពលរដ្ឋលើបញ្ហាផ្លូវនេះ។ ជុំវិញរឿងនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើទៅកាន់ពលរដ្ឋកុំឱ្យទិតៀនរដ្ឋមន្ត្រីសាធារណការ។

 
«រាល់ការទិតៀនលើបញ្ហាផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ខ្ញុំសុំទទួលជំនួសលោក ប៉េង ពោធិ៍នា ដោយសារខ្ញុំធ្វើមិនបាននៅក្នុងអាណត្តិទី៦​ ព្រោះតែអត់ទាន់មានថវិកា»។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី៧វិច្ឆិកា។​
 
បើតាមលោក ស៊ុន ចាន់ថុល ការសិក្សាស្តារឡើងវិញនូវកំណត់ពីកំពតទៅវិលរេញនេះ គឺបានចប់សព្វគ្រប់តាំងពីលោក​នៅកាន់តំណែងជារដ្ឋមន្ត្រីសាធារណការមកម្ល៉េះ ក៏ប៉ុន្តែរដ្ឋាភិបាល​ខ្វះហិរញ្ញវត្ថុក្នុងការសាងសង់។ ទោះជាយ៉ាងនេះក្តី លោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសន្យា ខិតខំស្វែងរកថវិកាពីប្រទេសចិន ដើម្បីកសាងកំណាត់ផ្លូវនេះជូនប្រជាពលរដ្ឋ។ 
 
ជាមួយគ្នានេះ លោកអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងទៅកាន់លោក​ វ៉ាង វិនធាន​ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយជំរុញរដ្ឋាភិបាលប្រទេសចិនផ្តល់ថវិកាឱ្យបានលឿនបំផុត ដើម្បីយកមកអភិវឌ្ឍន៍ផ្លូវប្រវែង២០គីឡូម៉ែត្រ ពីកំពត ទៅវាលរេញនេះ។ 
 
កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤គីឡូម៉ែត្រ។ ក្នុងនោះ មានផ្លូវ២០គីឡូម៉ែត្រតែងតែខូចជាប្រចាំ(ធ្វើមុខ ខូចក្រោយ! ធ្វើក្រោយ ខូចមុខ)។ បើតាមក្រសួងសាធារណការ ផ្លូវដែលខូចនេះ ក៏ព្រោះតែមានដីស្អុយ រហូតដល់ជម្រៅ១៨ម៉ែត្រ និងបៀបទឹកខ្លាំង។ ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះរឹងមាំនោះ គឺត្រូវទាមទារឱ្យប្រើប្រាស់បច្ចេកទេសខ្ពស់ និងចំណាយច្រើន។
 
កន្លងមក​លោក ស៊ុន ចាន់ថុល បានលើកឡើងពីទំហំចំណាយលើការសាងសង់កំណត់ផ្លូវប្រវែង២០គីឡូម៉ែត្រនេះ ក្នុងរង្វង់ទឹកប្រាក់៧០លានដុល្លារ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានដាក់សំណើ ដើម្បីសុំកម្ចីពីរដ្ឋាភិបាលចិន តាំងពីពាក់កណ្តាលឆ្នាំ២០២២មក។ ប៉ុន្តែមកទល់បច្ចុប្បន្ន ការសុំកម្ចីនេះ មិនទាន់មានឆ្លើយតបពីចិនឡើយ៕ 
 

Tag:
 ផ្លូវល្បឿនលឿន
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com