ជាតិ
សង្គមជាតិ
កម្ពុជា ជាប្រទេសទី១នៅអាស៊ី ដែលនឹងធ្វើប្រធាននៃអនុសញ្ញាអូតាវ៉ា ប្រឆាំងគ្រាប់មីននៅឆ្នាំ ២០២៤
17, Nov 2023 , 2:59 pm        
រូបភាព
លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦វិច្ឆិកា។ រូបថត៖ ហ្វេសប៊ុកផេក លោក លី ធុជ
លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦វិច្ឆិកា។ រូបថត៖ ហ្វេសប៊ុកផេក លោក លី ធុជ
កម្ពុជា នឹងធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា   និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅក្នុងឆ្នាំ២០២៤។ លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជា ជាប្រទេសទីមួយនៅអាស៊ី ដែលធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា។



លោក លី ធុជ​ នឹងដឹកនាំក្រុមការងារអាជ្ញាធរមីនកម្ពុជា​ ចូលរួមកិច្ចប្រជុំរដ្ឋភាគី នៅទីក្រុងហ្សឺណែវ  ប្រទេសស្វីស ពីថ្ងៃទី២០ដល់២៥វិច្ឆិកា ឆ្នាំ២០២៣។ នាគ្រានោះ លោក លី ធុជ​ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា នឹងឡើងទទួលញញួរធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៤។ លោក លី ធុជ បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦វិច្ឆិកា។​
 
ក្នុងនាមជាប្រធាននៃអនុសញ្ញាអូតាវ៉ា កម្ពុជា​មានភារកិច្ចច្រើនក្នុងការដឹកនាំកិច្ចប្រជុំនានាទាំងក្នុងនិងក្រៅប្រទេស​ពេញមួយឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន។​ ជាពិសេស កម្ពុជា នឹងផ្តោតលើការងារអាទិភាពសំខាន់ចំនួន២។​ លោកទេសរដ្ឋមន្ត្រី លី​ ធុជ បន្តរៀបរាប់យ៉ាងដូច្នេះ៖ « កម្ពុជា នឹងជំរុញការអនុវត្ត គាំទ្រ អនុសញ្ញាអូតាវ៉ាឱ្យខ្ជាប់ខ្ជួនម៉ត់ចត់ពីរដ្ឋភាគីទាំងអស់។ ព្រោះយើងសង្កេតឃើញក្នុងចំណោមសមាជិក១៦៤ប្រទេស មានប្រទេសមួយចំនួនក៏មិនបានអនុវត្តឱ្យខ្ជាប់ខ្ជួននូវស្មារតី ខ្លឹមសារនៃអនុសញ្ញាអូតាវ៉ានេះ ដែរ»។​
 
បើតាមអនុប្រធានទី១នៃអាជ្ញាធរមីនរូបនេះ ការងារអាទិភាពទីពីររបស់កម្ពុជា​ គឺនឹងបញ្ចុះបញ្ចូលដល់ប្រទេសណាមិនទាន់ជាសមាជិកនៃរដ្ឋភាគីអូតាវ៉ា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន​ រួមមាន​ សិង្ហបុរី វៀតណាម មីយ៉ាន់ម៉ា និងឡាវ​។ លោកបន្តនិយាយថា៖ «កម្ពុជា ពិតជាសាកសមណាស់ក្នុងការធ្វើជាប្រធាននៃអនុសញ្ញអូតាវ៉ានេះ ព្រោះតែការបង្កើតឡើងនៃស្មារតី និងព្រលឹងនៃអនុសញ្ញនេះ ស្តីពីការបញ្ចប់ការឈឺចាប់របស់មនុស្សលោកដោយសារសំណល់ជាតិផ្ទុះសង្គ្រាម បានកើតចេញពីការឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងទឹកដីកម្ពុជារបស់យើង»។ 
 
អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) មានសមាជិកចំនួន ១​៦​៤​​ប្រទេស​ ​និង​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត​ ដោយបានចុះហត្ថលេខា ​និងគាំទ្រលើអនុសញ្ញាអូតាវ៉ានេះ។ កម្ពុជា បានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញានេះ តាំងពីឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជា ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ដោយកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ ពីគ្រប់រដ្ឋភាគី៕

Tag:
 មីន
  អនុសញ្ញាអូតាវ៉ា
  លី ធុជ
© រក្សាសិទ្ធិដោយ thmeythmey.com