ជាតិ
សង្គមជាតិ
កម្ពុជា ជាប្រទេសទី១នៅអាស៊ី ដែលនឹងធ្វើប្រធាននៃអនុសញ្ញាអូតាវ៉ា ប្រឆាំងគ្រាប់មីននៅឆ្នាំ ២០២៤ 
លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦វិច្ឆិកា។ រូបថត៖ ហ្វេសប៊ុកផេក លោក លី ធុជ
×![]()
កម្ពុជា នឹងធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នៅក្នុងឆ្នាំ២០២៤។ លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជា ជាប្រទេសទីមួយនៅអាស៊ី ដែលធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា។
លោក លី ធុជ នឹងដឹកនាំក្រុមការងារអាជ្ញាធរមីនកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋភាគី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី២០ដល់២៥វិច្ឆិកា ឆ្នាំ២០២៣។ នាគ្រានោះ លោក លី ធុជ តំណាងឱ្យរដ្ឋាភិបាលកម្ពុជា នឹងឡើងទទួលញញួរធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៤។ លោក លី ធុជ បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦វិច្ឆិកា។
ក្នុងនាមជាប្រធាននៃអនុសញ្ញាអូតាវ៉ា កម្ពុជាមានភារកិច្ចច្រើនក្នុងការដឹកនាំកិច្ចប្រជុំនានាទាំងក្នុងនិងក្រៅប្រទេសពេញមួយឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន។ ជាពិសេស កម្ពុជា នឹងផ្តោតលើការងារអាទិភាពសំខាន់ចំនួន២។ លោកទេសរដ្ឋមន្ត្រី លី ធុជ បន្តរៀបរាប់យ៉ាងដូច្នេះ៖ « កម្ពុជា នឹងជំរុញការអនុវត្ត គាំទ្រ អនុសញ្ញាអូតាវ៉ាឱ្យខ្ជាប់ខ្ជួនម៉ត់ចត់ពីរដ្ឋភាគីទាំងអស់។ ព្រោះយើងសង្កេតឃើញក្នុងចំណោមសមាជិក១៦៤ប្រទេស មានប្រទេសមួយចំនួនក៏មិនបានអនុវត្តឱ្យខ្ជាប់ខ្ជួននូវស្មារតី ខ្លឹមសារនៃអនុសញ្ញាអូតាវ៉ានេះ ដែរ»។
បើតាមអនុប្រធានទី១នៃអាជ្ញាធរមីនរូបនេះ ការងារអាទិភាពទីពីររបស់កម្ពុជា គឺនឹងបញ្ចុះបញ្ចូលដល់ប្រទេសណាមិនទាន់ជាសមាជិកនៃរដ្ឋភាគីអូតាវ៉ា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន រួមមាន សិង្ហបុរី វៀតណាម មីយ៉ាន់ម៉ា និងឡាវ។ លោកបន្តនិយាយថា៖ «កម្ពុជា ពិតជាសាកសមណាស់ក្នុងការធ្វើជាប្រធាននៃអនុសញ្ញអូតាវ៉ានេះ ព្រោះតែការបង្កើតឡើងនៃស្មារតី និងព្រលឹងនៃអនុសញ្ញនេះ ស្តីពីការបញ្ចប់ការឈឺចាប់របស់មនុស្សលោកដោយសារសំណល់ជាតិផ្ទុះសង្គ្រាម បានកើតចេញពីការឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងទឹកដីកម្ពុជារបស់យើង»។
អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) មានសមាជិកចំនួន ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដោយបានចុះហត្ថលេខា និងគាំទ្រលើអនុសញ្ញាអូតាវ៉ានេះ។ កម្ពុជា បានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញានេះ តាំងពីឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជា ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ដោយកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ ពីគ្រប់រដ្ឋភាគី៕
Tag:
មីន
អនុសញ្ញាអូតាវ៉ា
លី ធុជ
© រក្សាសិទ្ធិដោយ thmeythmey.com