ជាតិ
វីដេអូ
សិល្បះ
លោក Oliva Kong ឈ្នះពានបង្ហាញម៉ូតនៅអុីតាលី ដោយសាររចនាម៉ូត ចេញពីអប្សរាអង្គរ រូបពីហ្វេសប៊ុកផេក Oliva Kong
× ភ្នំពេញ៖ លោក ម៉ែន សីហា ហៅ Oliva Kong បានឈ្នះពាន Top Fashion Designer ពីកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី កាលពីខែកញ្ញា ឆ្នាំ២០២៣ ។ លោក Oliva Kong ឈ្នះពានបង្ហាញម៉ូតនៅអ៊ីតាលី ដោយសាររចនាម៉ូត ចេញពីអប្សរាអង្គរ។
«អ្វីដែលខ្ញុំរំភើបខ្លាំង គឺជនជាតិនៃប្រទេសអ៊ីតាលី យល់ព្រមឱ្យអ្នកដើរម៉ូតរបស់ខ្ញុំ ដើរចុះពីលើឆាក។ ដោយសារ Designer ទាំងអស់ គេឱ្យដើរពីក្រោមឆាក។ ប៉ុន្តែខ្ញុំថាអត់! ដោយសារតែម៉ូតរបស់ខ្ញុំ ដកស្រង់ចេញពី “ស្ត្រីភាពជាអ្នកដឹកនាំ” ហើយបានដកស្រង់ចេញពីអប្សរាអង្គរ។ ពាក្យថាអប្សរាគឺទេពអប្សរ គឺយាងចុះពីឋានសួគ៌ ដូច្នេះមិនអាចឡើងពីក្រោមឆាកបានទេ»។
នេះជាសម្ដីរបស់លោក ម៉ែន សីហា ហៅ Oliva Kong ប្រាប់មូលហេតុទៅកាន់អ្នករៀបចំកម្មវិធី Milan Fashion Week ដើម្បីឱ្យការដើរម៉ូត សមនឹងតម្លៃគំនិតច្នៃប្រឌិត។
ទោះជាយ៉ាងណា មុនពេលដើរបង្ហាញម៉ូត បុរសមកពីខេត្តពោធិ៍សាត់ ម៉ែន សីហា ហៅ Oliva Kong បានតវ៉ាជាមួយអ្នករៀបចំកម្មវិធី Milan Fashion Week ដើម្បីឱ្យអ្នកដើរម៉ូតរបស់លោកទាំងអស់ ដើរចុះពីលើឆាកមកក្រោមវិញ។ ការស្នើសុំបែបនេះ បញ្ច្រស់ពីការរៀបចំខាងដើម ដ្បិតអីអ្នកដើរម៉ូតទាំងអស់ គេតម្រូវឱ្យដើរបង្ហាញសម្លៀកបំពាក់របស់ខ្លួន ពីក្រោមឆាកទៅ។
សូមទស្សនាវីដេអូបទសម្ភាស រវាងកញ្ញា ប៉ូ សាគុន និងលោក ម៉ែន សីហា ហៅ Oliva Kong ដោយមេត្រីភាព៖
ក្រោយស្ដាប់ការបកស្រាយ អ្នករៀបចំកម្មវិធី Milan Fashion Week បានយល់ព្រមតាមសំណើររបស់ បេក្ខភាពពីកម្ពុជា។ ហើយលោកពន្យល់ដូច្នេះ៖«ការដើរម៉ូតហ្នឹង មាន១៦ប្រទេសចូលរួម ដូច្នេះមានន័យថា មានអ្នកច្នៃម៉ូត១៦នាក់។ គេឱ្យអ្នកដើរម៉ូតទាំង១៦ប្រទេសហ្នឹង ដើរពីក្រោមឡើងមកលើឆាក។ ប៉ុន្តែខ្ញុំថាអត់ ដោយសារតែម៉ូតរបស់ខ្ញុំ ដកស្រង់ចេញពី “ស្ត្រីភាពជាអ្នកដឹកនាំ” ហើយបានដកស្រង់ចេញពីអប្សរាអង្គរ។ ពាក្យថាអប្សរាគឺទេពអប្សរ គឺយាងចុះពីឋានសួគ៌ ដូច្នេះមិនអាចឡើងពីក្រោមឆាកបានទេ»។
លោក ម៉ែន សីហា ហៅ Oliva Kong
សូមបញ្ជាក់ថា ការដើរម៉ូតក្នុងកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី កាលពីអំឡុងខែកញ្ញាកន្លងទៅ មាន១៦ប្រទេស ហើយមានតែកម្ពុជាមួយប៉ុណ្ណោះ ដែលទទួលបានពាន គឺពាន Top Fashion Designer។
ឈុតសម្លៀកបំពាក់របស់លោក ម៉ែន សីហា ហៅ Oliva kong មានឈ្មោះថា “ស្រ្តីភាពជាអ្នកដឹកនាំ” ដែលមាន២០ឈុត។ ឈុតទាំងនោះ ១០ឈុតបែបសម័យសុទ្ធ និង១០ឈុតទៀត បែបសហសម័យ ដែលបញ្ចូលក្បាច់ពីប្រាសាទអង្គរវត្ត និងការប៉ាក់ឌិនបែបបុរាណខ្មែរ។ ម៉ូតសក់អប្សរាចំនួន១០ម៉ូត បានស្រង់ពីប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូល ជាមួយឈុតសម្លៀកបំពាក់ទាំងនោះ។ អ្វីដែលធ្វើឱ្យឈុតរបស់លោក សីហា លេចធ្លោខ្លាំងក្នុងក្រសែភ្នែកជនបរទេស ពិសេសគណៈកម្មការ គឺម៉ូតសក់អប្សរា និងការប៉ាក់ឌិនដោយដៃ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់៕
Tag:
សិល្បៈ
ការច្នៃម៉ូត
ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com