ជាតិ
វីដេអូ
សិល្បះ
លោក Oliva Kong ឈ្នះពានបង្ហាញម៉ូតនៅអុីតាលី ដោយសាររចនាម៉ូត ចេញពីអប្សរាអង្គរ
18, Nov 2023 , 9:59 am        
រូបភាព
រូបពីហ្វេសប៊ុកផេក Oliva Kong
រូបពីហ្វេសប៊ុកផេក Oliva Kong
ភ្នំពេញ​៖ លោក ម៉ែន សីហា ហៅ​ Oliva Kong ​បាន​ឈ្នះ​ពាន Top Fashion Designer​ ពី​​កម្ម​វិធី​ Milan Fashion Week នៅ​ប្រទេស​អ៊ីតាលី កាល​ពីខែ​កញ្ញា ឆ្នាំ​២០២៣​ ​​។ លោក Oliva Kong ឈ្នះពានបង្ហាញម៉ូតនៅអ៊ីតាលី ដោយសាររចនាម៉ូត ចេញពីអប្សរាអង្គរ។

 
 «អ្វី​ដែល​ខ្ញុំ​រំភើប​ខ្លាំង គឺ​ជន​ជាតិ​នៃ​ប្រទេសអ៊ីតាលី យល់​ព្រម​ឱ្យ​អ្នក​ដើរ​ម៉ូត​របស់​ខ្ញុំ​ ដើរ​ចុះ​ពី​លើ​ឆាក​។ ដោយ​សារ Designer ទាំង​អស់​ គេ​ឱ្យ​ដើរ​ពី​​ក្រោម​ឆាក។ ប៉ុ​ន្តែ​ខ្ញុំ​ថា​អត់!​ ដោយ​សារតែ​ម៉ូត​របស់​ខ្ញុំ​ ដក​ស្រង់​ចេញ​ពី​ “​ស្ត្រី​ភាព​ជា​អ្នក​ដឹក​នាំ​” ហើយ​បាន​ដក​ស្រង់​ចេញ​ពី​អប្សរា​អង្គរ​។ ពាក្យថាអប្សរា​គឺ​ទេព​អប្សរ គឺ​យាង​ចុះ​ពី​ឋាន​សួគ៌ ដូច្នេះ​មិន​អាច​ឡើង​ពី​ក្រោម​ឆាក​បាន​ទេ»​។

នេះ​ជា​សម្ដី​​របស់​លោក ម៉ែន​ សីហា ហៅ​ Oliva Kong ប្រាប់​មូល​ហេតុ​ទៅ​កាន់​អ្នក​រៀប​ចំ​កម្ម​វិធី Milan Fashion Week ដើម្បី​ឱ្យ​ការ​ដើរ​ម៉ូត​ សម​នឹង​តម្លៃ​គំនិត​ច្នៃ​ប្រឌិត​។ 
 
ទោះ​ជា​យ៉ាង​ណា មុន​ពេល​​ដើរ​បង្ហាញ​ម៉ូត​ បុរស​មក​ពី​​​ខេត្ត​ពោធិ៍សាត់​ ម៉ែន​ សីហា ហៅ  Oliva Kong បាន​តវ៉ា​ជា​មួយ​អ្នក​រៀប​ចំ​កម្ម​វិធី Milan Fashion Week ដើម្បី​​ឱ្យ​អ្នក​ដើរ​ម៉ូត​របស់​លោក​​ទាំង​អស់​ ដើរ​ចុះ​ពី​លើ​ឆាកមក​ក្រោម​វិញ​។ ការ​ស្នើ​សុំ​បែប​នេះ បញ្ច្រស់​ពី​ការ​រៀប​ចំ​ខាង​ដើម​ ដ្បិត​អី​អ្នក​ដើរ​ម៉ូត​ទាំង​អស់ គេ​តម្រូវ​ឱ្យ​ដើរ​បង្ហាញ​សម្លៀក​បំពាក់​របស់​ខ្លួន​ ពី​ក្រោម​ឆាក​ទៅ​។ 
 
សូម​ទស្សនា​វីដេអូបទ​សម្ភាស​ រវាង​កញ្ញា ប៉ូ សាគុន និង​លោក​ ម៉ែន សីហា ហៅ Oliva Kong ដោយ​មេត្រី​ភាព​៖​


ក្រោយ​ស្ដាប់​ការ​បក​ស្រាយ អ្នក​រៀប​ចំ​កម្ម​វិធី​ Milan Fashion Week បាន​យល់​ព្រម​តាម​សំណើរ​​របស់​ បេក្ខ​ភាព​ពី​កម្ពុជា​។ ហើយ​លោក​ពន្យល់​ដូច្នេះ​៖«​​ការ​ដើរ​ម៉ូត​ហ្នឹង​ មាន​​១៦​ប្រទេសចូល​រួម​ ដូច្នេះ​មាន​ន័យ​ថា​ មាន​អ្នក​ច្នៃ​ម៉ូត​១៦​នាក់​។ គេ​ឱ្យអ្នក​​ដើរ​ម៉ូត​ទាំង​១៦​ប្រទេស​ហ្នឹង​ ដើរ​ពី​ក្រោម​ឡើង​មក​លើ​ឆាក​​។ ប៉ុន្តែ​ខ្ញុំ​ថាអត់ ដោយ​សារតែ​ម៉ូត​របស់​ខ្ញុំ​ ដក​ស្រង់​ចេញ​ពី​ “​ស្ត្រី​ភាព​ជា​អ្នក​ដឹក​នាំ​” ហើយ​បាន​ដក​ស្រង់​ចេញ​ពី​អប្សរា​អង្គរ​។ ពាក្យថាអប្សរា​គឺ​ទេព​អប្សរ គឺ​យាង​ចុះ​ពី​ឋាន​សួគ៌ ដូច្នេះ​មិន​អាច​ឡើង​ពី​ក្រោម​ឆាក​បាន​ទេ»​។

លោក ម៉ែន សីហា ហៅ​ Oliva Kong
 
សូម​បញ្ជាក់​ថា ការ​ដើរ​ម៉ូត​ក្នុង​កម្ម​វិធី Milan Fashion Week នៅ​ប្រទេស​អ៊ីតាលី កាល​ពី​អំឡុង​ខែ​កញ្ញា​កន្លង​ទៅ មាន​១៦ប្រទេស ហើយ​មាន​តែ​កម្ពុជា​មួយ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ពាន គឺ​ពាន​ Top Fashion Designer​។ 
 
ឈុតសម្លៀក​បំពាក់​​របស់​​លោក ម៉ែន​ សីហា ហៅ Oliva kong មាន​ឈ្មោះ​ថា “​ស្រ្តី​​ភាព​ជា​អ្នក​ដឹក​នាំ” ដែល​មាន​២០​ឈុត​។ ឈុត​ទាំង​នោះ​ ១០​ឈុត​បែបសម័យ​សុទ្ធ និង​១០​ឈុត​ទៀត​ បែប​សហសម័យ​ ដែល​បញ្ចូល​ក្បាច់​ពី​ប្រាសាទ​អង្គរ​វត្ត​ និង​ការ​ប៉ាក់​ឌិន​បែប​បុរាណខ្មែរ​​។ ម៉ូត​សក់​​អប្សរា​ចំនួន​១០​ម៉ូត បាន​ស្រង់​ពី​ប្រាសាទ​អង្គរ​វត្ត​ ដើម្បី​ដាក់​បញ្ចូល ​​ជា​មួយ​ឈុត​សម្លៀក​បំពាក់​ទាំង​នោះ​។ អ្វី​ដែល​ធ្វើ​ឱ្យ​ឈុត​របស់​លោក សីហា ​លេច​ធ្លោ​ខ្លាំង​ក្នុង​ក្រសែ​ភ្នែក​ជន​បរទេស​ ពិសេស​គណៈ​កម្មការ គឺ​ម៉ូត​សក់​អប្សរា​​ និង​ការ​ប៉ាក់​ឌិន​ដោយ​ដៃ បង្ហាញពី​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​៕​

Tag:
 សិល្បៈ
  ការ​ច្នៃ​ម៉ូត​
  ជីវិត​
 
© រក្សាសិទ្ធិដោយ thmeythmey.com