ជាតិ
ក្រសួងវប្បធម៌ ចាត់ទុកចំណាត់ការអភិបាល និងស្នងការខេត្តក្រចេះ លើមេប៉ុស្ដិ៍ឃុំស្រែចារ ជាគំរូល្អ
24, Nov 2023 , 4:15 pm        
រូបភាព
រូបពីផេកហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប
រូបពីផេកហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប
ភ្នំពេញ៖ លោក ហាប់ ទូច រដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ ថ្លែងអំណរគុណ ចំពោះ​លោកអភិបាលខេត្តក្រចេះ និង​លោកស្នងការនគរបាលខេត្ត រួម​ទាំង​សមត្ថកិច្ចពាក់ព័ន្ធ ចំពោះវិធានការ​ឆាប់រហ័ស លើ​ករណីវិវាទរវាង មេប៉ុស្ដិ៍ឃុំស្រែចារ ជាមួយក្រុមល្ខោន នាយប្រិមប្រិយ​ស្រីម៉ៅ កាល​ពីពេលកន្លងទៅ។ លោកថា នេះជាកិច្ចសហការ​ដ៏ល្អ ចូលរួមដល់កិច្ចការអភិរក្ស និងលើកកម្ពស់ សិល្បៈវប្បធម៌ ដ៏ផូរផង់របស់​ជាតិ​។



រដ្ឋមន្ទ្រីស្ដីទី ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ លោក ហាប់ ទូច បាន​បញ្ជាក់​ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័ស របស់លោកអភិបាលខេត្ត ក៏ដូចជាស្នងការនគរបាលខេត្ត ចំពោះ​ព្រឹត្តិការណ៍ ដែលបានកើតឡើង​ នៅឃុំស្រែចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ​ លើករណី​លោកមេប៉ុស្ដិ៍ឃុំស្រែចារ បាន​ចុះ​ទៅហាមឃាត់ការលេងល្ខោន​ នៅក្នុង​វត្តអូរលុង។ លោក ហាប់ ទូច ថា​សកម្មភាព​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការគាំទ្រ​របស់​ថ្នាក់​ដឹក​នាំខេត្ត ចំពោះសកម្មភាពសម្ដែង​សិល្បៈ​ទស្សនីយភាព ដែលជាផ្នែកមួយដ៏​សំខាន់ នៃប្រពៃណីជាតិ ដោយរាជរដ្ឋាភិបាល តែងតែផ្ដល់ការគាំទ្រ។
 
រដ្ឋមន្ត្រីស្ដីទី ថាវិធានការនេះ ជាគំរូសហការគាំទ្រសម្រាប់បណ្ដាខេត្តផ្សេងៗទៀត ក្នុងការចូលរួមបង្កលក្ខណៈងាយស្រួល ដល់​ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដែងថ្នាក់ជាតិ ក្នុងការរៀបចំការសម្ដែងតាមទីសាធារណៈនានា នៅទូទាំងប្រទេស។
 
សូមបញ្ជាក់ថា កាលពីថ្ងៃ​ទី​២៣ ខែវិច្ឆិកា ម្សិលមិញ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាន​ចេញសេចក្ដីបំភ្លឺព័ត៌​មាន​ នៅលើ​ទំព័រហ្វេសប៊ុក ស្នងការនគរបាល​ខេត្តក្រចេះ ថា​ក្រុម​ប្រឹក្សាវិន័យ បានសម្រេច​ដាក់ពិន័យ​លោកមេប៉ុស្ដិ៍ឃុំស្រែចារ ដោយផ្អាកការងារជាបណ្ដោះ​អាសន្ន និង​ទៅ​បង្ហាញ​មុខ នៅការិយាល័យបុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើ​ការ។  ការពិន័យនេះ ក្រោយ​លោក​នាយកប៉ុស្ដិ៍នគរបាល​ស្រែចារ ​បាន​ទៅឃាត់​​ ការសម្ដែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន នៅវត្តអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
 
ស្នងការដ្ឋាននគរបាល​ខេត្តក្រចេះ បាន​សូម​ការអភ័យទោស ចំពោះកំហុសឆ្គងរបស់​មន្ត្រី នៃស្នងការដ្ឋាន​នគរបាលខេត្ត។ ស្នងការដ្ឋាននគរបាល​ខេត្តក្រចេះ អះអាងថា ខ្លួន​ទទួល​រាល់​កិច្ចសហការ ផ្ដល់មតិរិះគន់ដើម្បីស្ថាបនានានា ពី​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញផ្សព្វផ្សាយព័ត៌​មាន​សង្គម​។
 
សូមបញ្ជាក់ថា ក្រុម​សិល្បៈ​ល្ខោន​បាសាក់  នាយប្រិមប្រិយ​ស្រីម៉ៅ បាន​បង្កើត​ឡើងជាផ្លូវការ នៅឆ្នាំ២០១៥ ដែល​មាន​ទីតាំងច្បាស់​លាស់​ និង​មាន​ការទទួលស្គាល់ពីសំណាក់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។ មកទល់ពេលនេះ ក្រុមសិល្បៈនេះ បាននឹងកំពុងបន្តផ្ដល់សេវាកម្ម ផ្ទាំងទស្សនីយភាព ល្ខោនបាសាក់ នៅតាមបណ្ដាខេត្តក្រុងនានា៕
 

Tag:
 សិល្បៈ​
  វប្បធម៌​
  ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
  ខេត្តក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com