កីឡាជាតិ
ជាតិ
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សន្យាកៀរគររកអ្នកឧបត្ថម្ភ ជួយសហព័ន្ធកីឡារាំកម្ពុជា
12, Dec 2023 , 3:59 pm        
រូបភាព
រូបភាព៖ NOCC
រូបភាព៖ NOCC
លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា សំណូមពរ ថ្នាក់ដឹកនាំ វិស័យឯកជន និងក្រុមហ៊ុននានា ជួយឧបត្ថម្ភគាំទ្រសហព័ន្ធកីឡារាំកម្ពុជាដែលប្រឈមការខ្វះខាត។ តបតាមការស្នើនេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សន្យាជួយរកអ្នកឧបត្ថម្ភ ដល់ស្ថាប័នកីឡាដែលដឹកនាំដោយក្រុមស្ត្រីខ្មែរមួយនេះ ឱ្យមានការអភិវឌ្ឍន៍ ទាំងធនធានកីឡាករ-ការិនី និងគ្រូបច្ចេកទេស ស្របតាមស្តង់ដាអន្តរជាតិ។




ក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលដំបូលទូក នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១១ ខែធ្នូ លោកស្រី ញ៉ែម មរកត បានបង្ហាញពីការលំបាក និងបញ្ហាប្រឈមនានា នៅចំពោះមុខអ្នកចូលរួម ដែលសុទ្ធសឹងជាស្ត្រីមានមុខមាត់ ជាពិសេសវត្តមានលោកស្រី ពេជ ជន្ទមុន្នី ហ៊ុន ម៉ាណែត។
 
«សហព័ន្ធខ្វះខាតគ្រូបង្វឹកកីឡារាំកម្រិតខ្ពស់ពីក្រៅប្រទេសមកបង្ហាត់។ កន្លងមក ក្រសួងអប់រំ និង គណៈកម្មាធិការ Camsoc បានជួយឧបត្ថម្ភលើការចំណាយការជួលគ្រូបង្វឹក១រយៈ តែបច្ចុប្បន្នការជួលគ្រូត្រូវការចំណាយច្រើនជាងមុន ជាហេតុនាំឲ្យសហព័ន្ធ គ្មានលទ្ធភាពជួលបន្ត»។ នេះជាការលើកឡើងរបស់លោកស្រី ញ៉ែម មរកត មុនបន្ថែមថា សហព័ន្ធក៏ខ្វះលទ្ធភាពក្នុងការបញ្ជូនកីឡាករ-ការិនីទៅប្រកួតប្រជែងនៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍។


 
មួយវិញទៀត ដោយសព្វថ្ងៃកីឡាករ និងកីឡាការិនី កើនឡើងច្រើន តែទីតាំងហ្វឹកហាត់តូចចង្អៀត មិនស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡារាំអន្តរជាតិ ហេតុនេះសហព័ន្ធកីឡារាំស្នើក្រសួង អប់រំ យុវជន និងកីឡា ផ្តល់ទីតាំងសមស្រប ដើម្បីហ្វឹកហាត់។
 
អ្នកស្រីប្រធានសហព័ន្ធ បានសំណូមពរ ដល់ថ្នាក់ដឹកនាំ លោកស្រីជាភរិយារដ្ឋមន្ត្រីដែលចូលរួមក្នុងការប្រកួតនេះ រួមជាមួយវិស័យឯកជន ក្រុមហ៊ុននានា មេត្តារួមជួយឧបត្ថម្ភគាំទ្រ ដល់សហព័ន្ធកីឡារាំកម្ពុជា។
  


តបតាមការស្នើនេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ដែលបានចូលរួមជាអធិបតីកម្មវិធីបិទកីឡារាំថ្នាក់ជាតិឆ្នាំ២០២៣ សន្យាជួយកៀរគររកអ្នកឧបត្ថម្ភ ជួយដល់សហព័ន្ធកីឡារាំកម្ពុជាមួយនេះ។
 
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងក្នុងកម្មវិធីបិទនោះថា៖«ខ្ញុំសូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធ គណៈកម្មាធិការជាតិអូឡាំពិក វិស័យឯកជន អង្គការដៃគូរ សូមជួយគាំទ្រ ថវិកា សម្ភារបច្ចេកទេស ទីកន្លែងហ្វឹកហាត់សមស្របដល់ សហព័ន្ធកីឡារាំកម្ពុជាដែលដឹកនាំដោយក្រុមស្ត្រី ដើម្បីបន្តបេសកម្មអភិវឌ្ឍន៏វិស័យកីឡារាំ ទាំងធនធានកីឡាករ កីឡាការិនី និងគ្រូបច្ចេកទេស ឲ្យកាន់តែរីកចម្រើនស្របតាមស្តង់ដាអន្តរជាតិ»។ 
  


សហព័ន្ធកីឡារាំកម្ពុជា ដែលបង្កើតឡើងដំបូងនៅឆ្នាំ២០០៩ បានឈានដល់អណត្តិទី៤ហើយ (២០២១-២០២៥) ដោយសព្វថ្ងៃមានគណៈកម្មាធិការប្រតិបត្តិ១៥រូប និងមានគ្រូបង្វឹកបរទេសមួយរូបមកពីអូស្ត្រាលី រួមជាមួយគ្រូជម្រើសជាតិ៣រូប និងគ្រូបង្វឹកក្នុងសហព័ន្ធ៣រូប។ កីឡាករ-ការិនី ដែលកំពុងហ្វឹកហាត់មានចំនួន៥៥រូប ដែលមកពី៦ក្លិប ក្នុងនោះមានអាយុចាប់ពី៥ឆ្នាំដល់ជាង២០ឆ្នាំ។
 
នៅឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បាន ប្រមូលផ្តុំកីឡាករ កីឡាការីនីជម្រើសជាតិ ចំនួន១៤នាក់ ក្នុងនោះកីឡាករ៧រូប ហ្វឹកហាត់វិញ្ញាសា Latin Dance និង Standard Dance និងវិញ្ញាសា Breaking Dance ដើម្បីត្រៀមចូលរួមប្រកួតកីឡារាំនៅអន្តរជាតិ។ 
 
សូមបញ្ជាក់ថា កីឡារាំអន្តរជាតិមានដើមកំណើតមកពីទ្វីបអឺរ៉ុប និងអាម៉េរិកឡាទីន ដែលមានចង្វាក់រាំ Latin Dance មានប្រាំចង្វាក់ Cha Cha Cha, Jive, Rumba, Sumba និង Paso Double និង ចង្វាក់រាំ Standard Dance ដែលមានប្រាំចង្វាក់ Waltz, Viennese Waltz, Tango, Quickstep និង Foxtrot៕
 




Tag:
 កីឡារាំ
 ញ៉ែម មរកត
  ពេជ ជន្ទមុន្នី
© រក្សាសិទ្ធិដោយ thmeythmey.com