ដោយ៖អៀង សុខម៉ិញ
ប៉ោងពោះ ហើមពោះ ដើរខ្យល់ ជាប្រតិកម្មរបស់សរីរាង្គកាយយើង ដែលរំខាន និងគួរឱ្យអៀនខ្មាស់ណាស់ បើទោះបីជាអាការៈនេះមានកើតលើមនុស្សស្ទើរគ្រប់រូប។ ហើមពោះ ផោម ជាកង្វល់របស់មនុស្សទូទៅ ពិបាកទាំងនិយាយប្រាប់គេ ពិបាកទាំងនិយាយប្រាប់ពេទ្យទៀត។ ហេតុអ្វីហើមពោះ និងដើរខ្យល់ខ្លាំង ? តើគេអាចបំបាត់អាការៈនេះបានទេ ?
ការដើរខ្យល់អាចធ្វើឱ្យយើងសើចផង ខ្មាស់គេផង។ ប៉ុន្តែ ដើរខ្យល់ជាអាការៈធម្មជាតិ និងអាចជាសញ្ញាបញ្ជាក់ថាយើងមានសុខភាពល្អទេ។ ខ្យល់ក្នុងពោះវៀន ផលិតឡើងដោយសារតែយើងលេបខ្យល់ចូលក្នុងពោះជារៀងរាល់ថ្ងៃ និងដោយសារតែបាក់តេរី ដែលរស់នៅក្នុងពោះវៀនយើង ឬហៅតាមភាសាបច្ចេកទេសថា មីក្រូប៊ីយុត Microbiote។ បាក់តេរីអស់នេះរស់រីករាលដាលដោយស៊ីសំណល់ចំណីអាហារក្នុងពោះដែលមិនកិនរលាយ ហើយបង្កបង្កើតជាឧស្ម័នឡើង។ ជាឧស្ម័ន ប្រភេទអ៊ីដ្រូសែន អុកស៊ីតដឺកាបោន និងជួន ជាមេតាន។ ឧស្ម័នទាំងអស់នេះ នាំគ្នាទៅផ្តុំនៅមាត់ច្រកចេញ (ទ្វារធំ)។ ឱ្យតែមានសម្ពាធខ្លាំងបន្តិច ខ្យល់នឹងធាក់ចេញមកក្រៅភ្លាម ឬហៅថាផោម។
ជួនកាលការដើរខ្យល់ មានសំឡេងអមមកជាមួយទៀត។ នៅពេលធ្លាយខ្យល់ហើយមានសម្ពាធខ្លាំង ខ្យល់នឹងទៅអង្រួនស្បែករន្ធទ្វារធំ។ គឺការអង្រួនស្បែកគូថនោះហើយដែលធ្វើឱ្យមានលាន់សំឡេងប្លែកៗឡើង។
មនុស្សម្នាក់ៗបញ្ចេញខ្យល់ ជាមធ្យម ១០ទៅ២០ដង ក្នុងមួយថ្ងៃ ពោលគឺស្មើនឹងប្រមាណកន្លះទៅមួយមួយលីត្រកន្លះខ្យល់ ក្នុងមួយថ្ងៃ។ តើមធ្យមភាគរបស់អ្នកនៅចន្លោះណា ? សូមវាល់វែងរាប់ខ្លួនឯងចុះ។ គ្រាន់តែត្រូវជ្រាបបន្ថែមទៀតថា របបអាហារក៏កត្តាសំខាន់ មួយចូលរួមចំណែកខ្លាំងធ្វើឱ្យ ហើមពោះ មានចរន្តខ្យល់នេះដែរ។
អាហារដែលសម្រួលការហើមពោះ
គ្រូពេទ្យជំនាញក្រពះពោះវៀន ចំណីអាហារ អ្នកស្រាវជ្រាវ បានយល់ព្រមព្រៀងទាំងអស់ក្នុងការដាក់ចំណាត់ថ្នាក់ឱ្យចំណីអាហារ ដែលធ្វើមានខ្យល់ក្នុងពោះ។ ស្ពៃជាប់ចំណាត់ថ្នាក់លើគេ ហើយសណ្តែកជាប់លេខខ្ពស់ជាងគេ។ ចំពោះផ្លែឈើវិញ ផ្លែឈេរី (ព្រីង) ផ្លែសឺរី សុទ្ធតែជាប់ចំណាត់ថ្នាក់ហើយ តែជាប់លេខខ្ពស់ជាងគេគឺផ្លែប៉ោម។ ផ្លែឈើទាំងអស់នេះ មានកំរិតជាតិfructoseខ្ពស់ ដែលជាជាតិស្ករពិបាកបញ្ជ្រាប។ ការទំពារស្ករកៅស៊ូ និងទទួលទានទឹកមានជាតិហ្កាស ច្រើនពេកក៏ធ្វើឱ្យមានខ្យល់ក្នុងពោះច្រើនដែរ។
ហេតុអ្វីមានក្លិន ?
ដើរខ្យល់ជាអាការៈធម្មជាតិមែនហើយ ប៉ុន្តែហេតុអ្វីបានជាពេលខ្លះវាមានក្លិនមិនល្អសោះនោះ ?! ក្លិនខ្យល់ប្រែប្រួលទៅតាមប្រភេទអាហារដែលយើងបានទទួលទានចូលទៅ និងអាស្រ័យទៅលើបាក់តេរី ដែលជាអ្នកផ្អាប់អាហារនោះទៀត។ ការវិភាគដកពិសោធន៍លើសត្វបានបង្ហាញថា បាក់តេរីនៅក្នុងពោះមិនដូចគ្នាទេ។ បាក់តេរីនៅពោះវៀនខាងឆ្វេងផ្សេង បាក់តេរីនៅពោះវៀនខាងស្តាំផ្សឹង។ អាហារដែលសម្បូរជាតិសរសៃ ហ្វាយប័រ ដូចជាសណ្តែក ឬអាហារពពួកជាតិស្ករខ្លះ បង្កឱ្យមានឧស្ម័ន(ខ្យល់)ច្រើននៅពោះវៀនផ្នែកខាងស្តាំ និងច្រើនតែឱ្យក្លិនមិនសូវល្អនៅពេលចេញក្រៅ។ នេះជាការធម្មតា។
ផ្ទុយទៅវិញ ការទទួលទានអាហារសម្បូរជាតិសាច់ សាច់ផ្អាប់ប្រៃ នឹងបង្កឱ្យមានខ្យល់នៅផ្នែកខាងឆ្វេងពោះវៀន ហើយខ្យល់នេះមានក្លិនស្អុយខ្លាំង ព្រោះជាខ្យល់ដែលមានធាតុSulfure d’hydrogène អ៊ីដ្រូហ្សែន។
ក្លិនខ្យល់គឺអាស្រ័យទៅរបបអាហារមែនហើយតែនៅមានកត្តាសំខាន់មួយចូលរួមចំណែកដែរ គឺប្រភេទនៃបាក់តេរីធម្មជាតិក្នុងពោះវៀន flore intestinale ដែលមានខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ថ្នាំធ្យូងជួយទម្លាយខ្យល់ ?
នៅពេលមានអាការៈហើមពោះភ្លាម គ្រប់គ្នាតែងគិតស្វែងរកថ្នាំមកព្យាបាល។ ថ្នាំដែលគេស្គាល់ និងប្រើទូទៅជាងគេ គឺថ្នាំធ្យូង។ ជាថ្នាំធម្មជាតិ មានប្រើតាំងពីសម័យដូនតាយូរមកហើយ។ ថ្នាំធ្យូងធម្មជាតិដែលផលិតចេញពីសំបកដូង សំបករុក្ខជាតិ អាចស្រូបខ្យល់បានដល់ទៅ ១០០ដងនៃទំហំថ្នាំ ប៉ុន្តែសូមប្រយ័ត្ន ថ្នាំជាអាវុធមុខពីរ អាចព្យាបាលអ្នកពីជំងឺផង តែក៏អាចបំពុលអ្នកវិញបានដែរ។ សូមស្តាប់ប្រសាសន៍របស់អ្នកស្រីឱសថការី Catherine Debelmas ពន្យល់លម្អិត អំពីគុណសម្បត្តិនិងគុណវិបត្តិនៃថ្នាំធ្យូង ៖
“ថ្នាំធ្យូងធម្មជាតិ មានប្រសិទ្ធភាពដំបូង គឺស្រូបបឺតជាតិហ្កាស។ អ៊ីចឹងហើយបានជាគេប្រើវាក្នុងពេលករណីហើមពោះ ឬទល់ខ្យល់។ ទីពីរវាអាចស្រូបជាតិទឹក ហេតុដូច្នេះគេអាចប្រើថ្នាំនេះក្នុងករណីរាករូស និងចុងក្រោយវាអាចស្រូបជាតិពុល ទើបគេអាចប្រើវានៅពេលអាការៈរលាកពោះវៀន បង្កឡើងដោយបាក់តេរី។ ថ្នាំធ្យូងមានច្រើនទម្រង់ ខ្លះជាថ្នាំគ្រាប់រលាយក្នុងទឹក ពិបាកលេបបន្តិច ជាថ្នាំស្រោប ខ្លះជាកាស៊ុល។ ថ្នាំធ្យូង មានគុណប្រយោជន៍មួយ គឺជាតិធ្យូង មិនរលាយទៅក្នុងឈាមទេ វានៅរក្សាទម្រង់ក្នុងប្រដាប់រំលាយអាហារ។ តែការមិនរលាយទៅក្នុងឈាម អាចបង្កផលវិបាក និងគុណវិបត្តិផ្សេងទៀត។ គ្រប់ថ្នាំលេប សុទ្ធតែរលាយជ្រាបទៅក្នុងឈាម ដើម្បីបញ្ចេញប្រសិទ្ធភាពថ្នាំ។ ឯថ្នាំធ្យូងមិនរលាយ មិនជ្រាប តែជាអ្នកស្រូប បឺតខ្យល់ ស្រូបជាតិទឹក ស្រូបជាតិពុល ... ស្រូបគ្រប់ជាតិទាំងអស់ រាប់ទាំងជាតិថ្នាំដែលលេបចូលទៅទន្ទឹមពេលជាមួយគ្នាផង។ ដូច្នេះ សម្រាប់អ្នកលេបថ្នាំព្យាបាលជំងឺជាប្រចាំ ដូចជាថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ថ្នាំបេះដូង ឬថ្នាំគ្រាប់ពន្យារកំណើត សូមប្រុងប្រយ័ត្នឱ្យមែនទែន កុំលេបថ្នាំព្យាបាលអ្វីផ្សេងទន្ទឹមនឹងថ្នាំធ្យូងឱ្យសោះ។ សូមកុំរក្សាគម្លាតឱ្យបានយ៉ាងហោចណាស់ពីរម៉ោង។ បើលេបទន្ទឹមគ្នាជាមួយថ្នាំធ្យូង ថ្នាំពន្យារកំណើតនឹងគ្មានប្រសិទ្ធភាពទេ។”
លោកអ្នកអាចរកថ្នាំលេបបណ្តោះអាសន្ន នៅតាមឱសថស្ថានបាន ប៉ុន្តែយកល្អ បើអ្នកហើមពោះ មានអាការៈកូរ ចុកឆ្អល់ ទល់លាមកឬរាករូស ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក្រពះពោះវៀននិងថ្លើម។ មានតែគ្រូពេទ្យទេ ដែលអាចវិភាគរកមូលហេតុនៃអាការៈហើមពោះបាន។
ក្នុងករណីខ្លះទៀត បើអ្នកមិនទាន់ចង់ទៅពិគ្រោះជាមួយគ្រូពេទ្យ សូមសាកល្បងប្តូរផ្លាស់ទម្លាប់ក្នុងការរស់នៅ និងរបបអាហារ។ ប្តូរពីការចូលចិត្តញ៉ាំជាបន្លែពពួកស្ពៃ មកជាបន្លៃត្រប់ ពីផ្លៃប៉ោម មកផ្លែចេក ទទួលទានអាហារយឺតៗទំពារមួយៗឱ្យម៉ត់ល្អមុននឹងលេប កុំទុកឱ្យរាន់ខ្លាំងបានរត់ទៅបត់ជើងតូចឬបត់ជើងធំ។ ធ្វើកីឡា ហាត់ប្រាណ ជាការបញ្ចេញសកម្មភាពដែលល្អសម្រាប់ពោះវៀន និងដែលជួយបំបាត់អាការៈហើមពោះបាន។ កាលពីឆ្នាំ២០០៦ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រអេស្ប៉ាញ បានបង្ហាញការធ្វើកីឡាល្មមៗ ដូចជាធាក់កង់ អាចជួយកាត់កាត់បន្ថយបរិមាណ ខ្យល់ក្នុងពោះវៀនតូច បានដល់ពាក់កណ្តាលឯណោះ៕