RFI
សុខភាព
អន្តរជាតិ
ទល់​​ខ្យល់​ ឬ ហើម​ពោះ​ តើ​មកពី​មូលហេតុ​អ្វី ?
23, Dec 2023 , 7:00 pm        
រូបភាព
ទល់ខ្យល់ ឬ ហើមពោះ © iStock
ទល់ខ្យល់ ឬ ហើមពោះ © iStock
ដោយ៖អៀង សុខម៉ិញ
ប៉ោង​ពោះ ហើម​ពោះ ដើរ​ខ្យល់​ ជា​ប្រតិកម្ម​របស់​សរីរាង្គ​កាយ​យើង ដែល​រំខាន​ និង​គួរ​ឱ្យ​អៀន​ខ្មាស់​ណាស់ បើ​ទោះ​បី​ជា​អាការៈ​នេះ​មាន​កើត​លើ​មនុស្ស​ស្ទើរ​គ្រប់​រូប។ ហើម​ពោះ ផោម ជា​កង្វល់​របស់​មនុស្ស​ទូទៅ ពិបាក​ទាំង​និយាយ​ប្រាប់​គេ​ ពិបាក​ទាំង​និយាយ​ប្រាប់​ពេទ្យទៀត។ ហេតុ​អ្វី​ហើម​ពោះ និង​ដើរ​ខ្យល់​ខ្លាំង ? តើ​គេ​អាច​បំបាត់​អាការៈ​នេះ​បាន​ទេ ?

ការ​ដើរ​ខ្យល់​អាច​ធ្វើ​ឱ្យ​យើង​សើច​ផង​ ខ្មាស់​គេ​ផង។ ប៉ុន្តែ​ ដើរ​ខ្យល់​​ជា​អាការៈ​ធម្មជាតិ​ និ​ង​អាច​ជា​សញ្ញា​បញ្ជាក់​ថាយើង​មាន​សុខភាព​ល្អ​ទេ។ ខ្យល់​​​ក្នុង​ពោះ​វៀន​ ​ផលិត​ឡើង​ដោយ​​សារ​តែយើង​លេប​ខ្យល់​ចូល​ក្នុង​ពោះជា​រៀង​​រាល់​ថ្ងៃ និង​ដោយ​សារ​តែ​បាក់តេរី​ ដែល​រស់​នៅក្នុង​ពោះវៀនយើង ឬ​ហៅ​តាម​ភាសា​បច្ចេកទេស​ថា មីក្រូប៊ីយុត Microbiote។ បាក់តេរី​អស់​នេះ​រស់​រីករាលដាល​ដោយ​ស៊ី​សំណល់​ចំណីអាហារ​ក្នុង​ពោះ​ដែលមិន​កិន​​រលាយ​ ហើយ​បង្កបង្កើត​ជា​ឧស្ម័ន​ឡើង។ ជា​ឧស្ម័ន ប្រភេទ​អ៊ីដ្រូសែន អុកស៊ីតដឺកាបោន និង​ជួន​ ជា​មេតាន។ ឧស្ម័ន​ទាំង​អស់​នេះ នាំ​គ្នា​ទៅ​ផ្តុំ​នៅ​មាត់​ច្រក​ចេញ​ (ទ្វារធំ)។ ឱ្យ​តែ​មាន​សម្ពាធ​ខ្លាំង​បន្តិច ខ្យល់​នឹង​ធាក់​ចេញ​មក​ក្រៅ​ភ្លាម​ ឬ​ហៅ​ថា​ផោម។



 
​ជួនកាល​ការ​ដើរ​​ខ្យល់ មាន​សំឡេង​អមមក​ជាមួយទៀត។ នៅពេល​ធ្លាយ​ខ្យល់​ហើយ​មាន​សម្ពាធ​ខ្លាំង ខ្យល់​នឹង​ទៅ​អង្រួន​ស្បែក​រន្ធ​ទ្វារធំ។ គឺ​កា​រអង្រួន​ស្បែក​គូថ​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​លាន់​សំឡេង​ប្លែកៗឡើង។
 
មនុស្ស​ម្នាក់ៗ​បញ្ចេញ​ខ្យល់​ ជាមធ្យម​ ១០​ទៅ​២០​ដង​ ក្នុង​មួយ​ថ្ងៃ ពោល​គឺ​ស្មើ​នឹង​ប្រមាណ​កន្លះ​ទៅ​មួយមួយ​លីត្រ​កន្លះ​ខ្យល់ ក្នុង​មួយ​ថ្ងៃ។ តើ​មធ្យមភាគ​របស់​អ្នក​​នៅ​ចន្លោះ​ណា ? សូម​វាល់​វែង​រាប់​ខ្លួន​ឯង​ចុះ។ គ្រាន់តែ​ត្រូវ​ជ្រាប​បន្ថែម​ទៀត​ថា របប​អាហារ​​ក៏​កត្តា​សំខាន់​ មួយ​ចូល​រួម​ចំណែក​ខ្លាំងធ្វើ​ឱ្យ​ ហើម​ពោះ​ មាន​​ចរន្ត​ខ្យល់​នេះ​ដែរ។
 
អាហារ​ដែល​សម្រួល​ការ​ហើម​ពោះ

គ្រូពេទ្យ​ជំនាញ​ក្រពះ​ពោះវៀន ចំណីអាហារ​ អ្នក​ស្រាវជ្រាវ បាន​យល់​ព្រមព្រៀង​ទាំងអស់​ក្នុង​ការដាក់​ចំណាត់​ថ្នាក់​ឱ្យ​ចំណីអាហារ​ ដែល​ធ្វើ​មាន​ខ្យល់​ក្នុង​ពោះ។ ស្ពៃ​ជាប់​ចំណាត់​ថ្នាក់​លើ​គេ ហើយ​សណ្តែក​ជាប់​លេខ​ខ្ពស់​ជាង​គេ។ ចំពោះ​ផ្លែ​ឈើ​វិញ ផ្លែ​ឈេរី (ព្រីង) ផ្លែសឺរី សុទ្ធ​តែ​ជាប់​ចំណាត់​ថ្នាក់​ហើយ​ តែ​ជាប់​លេខ​ខ្ពស់​ជាង​គេ​គឺ​ផ្លែប៉ោម។  ផ្លែឈើ​ទាំង​អស់​នេះ មាន​កំរិត​ជាតិ​fructoseខ្ពស់ ដែល​ជា​ជាតិ​ស្ករ​ពិបាក​បញ្ជ្រាប។ ការ​ទំពារ​ស្ករ​កៅស៊ូ និង​ទទួល​ទាន​ទឹក​មាន​ជាតិ​ហ្កាស​ ច្រើន​ពេក​ក៏​ធ្វើ​ឱ្យ​មាន​ខ្យល់​ក្នុង​ពោះ​ច្រើន​ដែរ។
 
ហេតុអ្វី​មាន​ក្លិន ?

ដើរ​ខ្យល់​ជា​អាការៈ​ធម្មជាតិ​មែន​ហើយ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពេល​ខ្លះ​វា​មាន​ក្លិន​មិន​ល្អ​សោះនោះ ?! ក្លិន​ខ្យល់​ប្រែប្រួល​ទៅ​តាម​ប្រភេទ​អាហារ​ដែល​យើង​បាន​ទទួល​ទាន​ចូល​ទៅ​ និង​អាស្រ័យ​ទៅ​លើ​បាក់​តេរី ដែល​ជា​អ្នក​ផ្អាប់​អាហារ​នោះ​ទៀត។ ការ​វិភាគ​ដក​ពិសោធន៍​លើ​សត្វ​​បាន​បង្ហាញ​ថា បាក់តេរី​នៅក្នុង​ពោះ​មិន​ដូច​គ្នា​ទេ។ បាក់តេរី​នៅ​ពោះវៀន​ខាង​ឆ្វេង​ផ្សេង បាក់តេរី​នៅពោះវៀន​ខាង​ស្តាំផ្សឹង។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ហ្វាយប័រ ដូច​ជា​សណ្តែក​ ឬ​អាហារ​ពពួក​ជាតិ​ស្ករ​ខ្លះ​ បង្ក​ឱ្យ​មាន​ឧស្ម័ន​(ខ្យល់​)​ច្រើន​នៅ​ពោះ​វៀន​ផ្នែក​ខាង​ស្តាំ និង​ច្រើន​តែ​ឱ្យ​ក្លិន​មិន​សូវ​ល្អ​នៅ​ពេល​ចេញ​ក្រៅ។ នេះ​ជា​ការ​ធម្មតា។
 
ផ្ទុយ​ទៅ​វិញ ការ​ទទួល​ទាន​អាហារ​សម្បូរ​ជាតិ​សាច់ សាច់​ផ្អាប់​ប្រៃ នឹង​បង្ក​ឱ្យ​មាន​ខ្យល់​នៅ​ផ្នែក​ខាង​ឆ្វេង​ពោះ​វៀន​ ហើយ​ខ្យល់​នេះ​មាន​ក្លិន​ស្អុយ​ខ្លាំង​ ព្រោះ​ជា​ខ្យល់​ដែល​មាន​ធាតុ​Sulfure d’hydrogène ​អ៊ីដ្រូហ្សែន។
 
​ក្លិន​ខ្យល់​គឺ​អាស្រ័យ​ទៅ​របប​អាហារ​មែន​ហើយ​តែ​នៅ​មាន​កត្តា​សំខាន់​មួយ​ចូល​រួម​ចំណែក​ដែរ គឺ​​ប្រភេទ​នៃ​បាក់តេរីធម្មជាតិ​​ក្នុង​ពោះ​វៀន​  flore intestinale ដែល​មាន​ខុស​គ្នា​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។
 
ថ្នាំ​ធ្យូង​ជួយ​ទម្លាយ​​ខ្យល់ ?
នៅពេល​មាន​អាការៈ​ហើម​ពោះភ្លាម គ្រប់​គ្នា​តែង​គិត​ស្វែង​រក​ថ្នាំ​មក​ព្យាបាល។ ថ្នាំ​ដែល​គេស្គាល់ និង​ប្រើ​ទូទៅ​ជាង​គេ គឺ​ថ្នាំធ្យូង។ ជា​ថ្នាំ​ធម្មជាតិ មាន​ប្រើ​តាំង​ពី​សម័យ​ដូនតា​យូរ​មក​ហើយ។ ថ្នាំ​ធ្យូង​ធម្មជាតិ​ដែល​ផលិត​ចេញ​ពី​សំបកដូង សំបក​​រុក្ខជាតិ អាច​ស្រូប​ខ្យល់​បាន​ដល់​ទៅ ១០០​ដង​នៃ​ទំហំ​ថ្នាំ ប៉ុន្តែ​សូម​ប្រយ័ត្ន ថ្នាំ​ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​អ្នក​ពី​ជំងឺ​ផង តែ​ក៏​អាច​បំពុល​អ្នក​វិញ​បាន​ដែរ។ សូម​ស្តាប់​ប្រសាសន៍​របស់​អ្នក​ស្រី​ឱសថការី Catherine Debelmas ពន្យល់​លម្អិត អំពី​គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​ថ្នាំ​ធ្យូង ៖
 
“ថ្នាំ​ធ្យូង​ធម្មជាតិ មាន​ប្រសិទ្ធភាព​ដំបូង គឺ​ស្រូបបឺត​ជាតិ​ហ្កាស។ អ៊ីចឹង​ហើយ​បាន​ជាគេ​ប្រើ​វា​ក្នុង​ពេល​ករណី​ហើម​ពោះ ​ឬទល់​ខ្យល់។ ទីពីរ​វា​អាច​ស្រូប​ជាតិ​ទឹក ហេតុ​ដូច្នេះ​គេ​អាច​ប្រើ​ថ្នាំ​នេះ​ក្នុង​ករណី​រាករូស និង​ចុងក្រោយ​វា​អាច​ស្រូប​ជាតិ​ពុល ទើប​គេ​អាច​ប្រើ​វា​នៅ​ពេល​អាការៈរលាក​​​ពោះ​វៀន​ បង្ក​ឡើង​ដោយ​បាក់តេរី​។ ថ្នាំធ្យូង​មាន​ច្រើន​ទម្រង់ ខ្លះ​ជា​ថ្នាំគ្រាប់រលាយ​ក្នុង​ទឹក ពិបាក​លេប​បន្តិច​ ជា​ថ្នាំ​ស្រោប​ ខ្លះ​ជា​កាស៊ុល។ ​​ថ្នាំធ្យូង មាន​គុណប្រយោជន៍មួយ​ គឺ​​ជាតិ​ធ្យូង មិន​រលាយ​ទៅ​ក្នុង​ឈាមទេ វា​នៅ​រក្សា​ទម្រង់​ក្នុងប្រដាប់​រំលាយ​​អាហារ​។ តែការ​មិន​រលាយ​ទៅ​ក្នុង​ឈាម អាច​បង្ក​ផលវិបាក​ និង​គុណវិបត្តិ​ផ្សេង​ទៀត។ គ្រប់​ថ្នាំ​លេប សុទ្ធ​តែ​រលាយជ្រាប​ទៅ​ក្នុង​ឈាម ដើម្បី​បញ្ចេញ​ប្រសិទ្ធភាព​ថ្នាំ។ ឯ​​ថ្នាំ​ធ្យូង​មិន​រលាយ មិន​ជ្រាប  តែ​​ជា​អ្នក​ស្រូប​ បឺត​ខ្យល់​ ស្រូប​ជាតិ​ទឹក ស្រូប​ជាតិ​ពុល ... ស្រូប​គ្រប់​ជាតិ​ទាំង​អស់ រាប់​ទាំង​​ជាតិ​ថ្នាំ​ដែល​​លេបចូល​​ទៅ​ទន្ទឹម​ពេល​ជាមួយ​គ្នា​ផង។ ដូច្នេះ​ សម្រាប់​អ្នក​លេប​ថ្នាំព្យាបាល​ជំងឺ​ជា​ប្រចាំ ដូច​ជា​ថ្នាំ​លើស​ឈាម ថ្នាំ​ទឹក​នោម​ផ្អែម ថ្នាំ​បេះ​ដូង ឬ​ថ្នាំគ្រាប់​ពន្យារ​កំណើត សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន កុំ​លេប​ថ្នាំ​ព្យាបាល​អ្វី​ផ្សេង​​ទន្ទឹម​នឹង​ថ្នាំធ្យូង​ឱ្យ​សោះ។ សូម​កុំ​រក្សា​គម្លាត​ឱ្យ​​បាន​យ៉ាង​ហោច​ណាស់​ពីរ​ម៉ោង​។ បើ​លេប​ទន្ទឹម​គ្នាជាមួយ​​ថ្នាំ​ធ្យូង ​ថ្នាំ​ពន្យារ​​កំណើតនឹង​​គ្មាន​​ប្រសិទ្ធភាពទេ។”
 
លោកអ្នក​អាច​រក​ថ្នាំ​លេប​បណ្តោះ​អាសន្ន​ នៅ​តាម​ឱសថស្ថាន​បាន ប៉ុន្តែ​យកល្អ ​​បើ​អ្នក​ហើម​ពោះ មាន​អាការៈ​កូរ ចុក​ឆ្អល់ ទល់​លាមក​ឬ​រាករូស ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ជំនាញ​ក្រពះ​ពោះវៀន​និង​ថ្លើម​។ មាន​តែ​គ្រូពេទ្យ​ទេ ដែល​អាច​វិភាគ​រក​មូល​ហេតុ​នៃ​អាការៈ​ហើម​ពោះ​បាន​។
 
ក្នុង​ករណី​ខ្លះ​ទៀត បើ​អ្នក​មិន​ទាន់​ចង់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សូម​សាកល្បង​ប្តូរ​ផ្លាស់​ទម្លាប់​ក្នុងការ​រស់​នៅ និង​របប​អាហារ។ ប្តូរ​ពី​ការចូល​ចិត្ត​ញ៉ាំ​​ជា​បន្លែ​ពពួក​ស្ពៃ មក​ជា​បន្លៃ​ត្រប់ ពី​ផ្លៃប៉ោម មក​ផ្លែ​ចេក ទទួល​ទាន​អាហារ​យឺតៗ​ទំពារ​មួយៗ​ឱ្យ​ម៉ត់ល្អ​មុន​នឹង​លេប កុំ​ទុក​ឱ្យ​រាន់​ខ្លាំង​បាន​រត់​ទៅ​បត់​ជើង​តូច​ឬ​បត់​ជើង​ធំ។ ​ធ្វើ​កីឡា​ ហាត់​ប្រាណ​ ជា​ការ​បញ្ចេញ​សកម្មភាព​ដែល​ល្អ​សម្រាប់​ពោះ​វៀន​ និង​ដែលជួយ​​បំបាត់​អាការៈ​​ហើម​ពោះបាន។​ កាលពី​ឆ្នាំ​២០០៦ ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​អេស្ប៉ាញ​ បាន​បង្ហាញ​ការ​ធ្វើ​កីឡា​ល្មមៗ ដូច​ជា​ធាក់កង់​ អាច​ជួយ​កាត់​កាត់​បន្ថយ​បរិមាណ ខ្យល់​ក្នុង​ពោះ​វៀន​តូច​ បាន​ដល់​ពាក់​កណ្តាលឯណោះ៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com