ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត ប្រាប់ក្រសួងពាណិជ្ជកម្មត្រៀមចរចាសុំការអនុគ្រោះពន្ធថ្មី ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ធ្នូ
× ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត ប្រាប់ក្រសួងពាណិជ្ជកម្មឱ្យត្រៀមខ្លួនចរចាសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះពន្ធបន្ថែម Generalized Scheme of Preferences Plus (GSP Plus)។ ការចរចាសុំប្រព័ន្ធអនុគ្រោះនេះ គឺដើម្បីរក្សាលំនឹងទីផ្សារ ផលិតកម្មក្នុងស្រុក និងដើម្បីទាក់ទាញវិនិយោគិន ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ធ្នូ សម្តេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម នម្មិល ត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសនៅក្រោមក្របខ័ណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោក និងក្របខ័ណ្ឌតំបន់មកលើសេដ្ឋកិច្ចកម្ពុជា។
សម្តេច បានបញ្ជាក់ថា កម្ពុជា គឺអាចចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឱ្យក្រសួងពាណិជ្ជកម្ម ត្រូវតៀមខ្លួនចរចាសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះពន្ធបន្ថែម GSP Plus ដើម្បីរក្សាលំនឹងទីផ្សារ ផលិតកម្មក្នុងស្រុក និងដើម្បីទាក់ទាញវិនិយោគិន និងត្រូវសិក្សាពីផលប៉ះពាល់ពីការបាត់បង់ភាពអនុគ្រោះ (Preference Erosion) រួមទាំងការបាត់បង់ព្រឹត្តិកម្មពិសេស និងអនុគ្រោះដោយឡែក (Special and Differential Treatment) បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
«ការអភិវឌ្ឍន៍ប្រទេសរបស់យើង គឺមុខពីរ។ កាលយើងនៅក្រគេជួយយើងឱ្យរឹងដៃរឹងជើង។ ដល់ពេលយើងរឹងដៃរឹងជើង គេត្រូវឱ្យយើងរៀនរស់ដោយខ្លួនឯង ជាការចាំបាច់ដែលយើងត្រូវធ្វើ។ ព្រោះយើងមិនអាចដេកដួលលើគេរហូតបានទេ យើងមិនអាចដោយសារគេឱ្យយើងនូវលក្ខខណ្ឌល្អ យើងមិនខំអភិវឌ្ឍខ្លួនឯងទេ។ បើមិនចឹង យើងមិនអាចក្លាយជាប្រទេសមានជីវភាពកម្រិតខ្ពស់បានទេ បើសិនយើងនៅតែផ្តេកផ្តួល»។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត ដោយបានបន្ថែម ៖ « ភាពរឹងមាំ ទាល់តែយើងប្រឹងខ្លួនឯង។ ប៉ុន្តែការត្រៀមលក្ខណៈ គឺយើងត្រូវធ្វើ ដើម្បីធ្វើយ៉ាងណាឱ្យអន្តរការណ៍នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបានល្អ និងពង្រឹងសមត្ថភាពខ្លួនឯង»។ សម្តេចបានបញ្ជាក់ថា ការត្រៀមលក្ខណៈនេះ គឺជាកិច្ចការសំខាន់ ដែលក្រសួងពាណិជ្ជកម្មត្រូវអនុវត្ត។
ប្រព័ន្ធអនុគ្រោះ GSP Plus ជាប្រព័ន្ធដែលសហភាពអឺរ៉ុប ឬសហរដ្ឋអាម៉េរិក ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍នូវការលើកទឹកចិត្តពិសេស ដើម្បីបន្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។ មកទល់ឆ្នាំ២០២៣នេះ សហភាពអឺរ៉ុបបានផ្តល់នូវប្រព័ន្ធអនុគ្រោះ GSP Plus ដល់ប្រទេសម៉ុងហ្គោលី ហ្វីលីពីន ស្រីលង្កា ប៉ាគីស្ថាន ម៉ុងហ្គោលី កៀហ្ស៊ីស៊ីនស្ថាន បូលីវី និងប្រទេសកាប់វែ (Cape Verde)។
បើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែមកនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូនានាក្នុងពិភពលោក គឺសម្រេចបាន៤៣,៥២ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញសម្រេចបាន ២១ពាន់លានដុល្លារ កើនជាង៤ភាគរយ ខណៈនាំចូលធ្លាក់ចុះ២០ភាគរយ ដែលមានទំហំទឹកប្រាក់២២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា្កកាលឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com