ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត ប្រាប់ក្រសួងពាណិជ្ជកម្មត្រៀមចរចាសុំការអនុគ្រោះពន្ធថ្មី ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច​
24, Dec 2023 , 8:20 pm        
រូបភាព
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ធ្នូ
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ធ្នូ
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត ប្រាប់ក្រសួងពាណិជ្ជកម្មឱ្យត្រៀមខ្លួនចរចាសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះពន្ធបន្ថែម Generalized Scheme of Preferences Plus  (GSP Plus)។ ការចរចាសុំប្រព័ន្ធអនុគ្រោះនេះ គឺដើម្បីរក្សាលំនឹងទីផ្សារ​ ផលិតកម្មក្នុងស្រុក និងដើម្បីទាក់ទាញវិនិយោគិន ក្រោយកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

 

ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ធ្នូ សម្តេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម នម្មិល ត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសនៅក្រោមក្របខ័ណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោក  និងក្របខ័ណ្ឌតំបន់មកលើសេដ្ឋកិច្ចកម្ពុជា។​ 
 
សម្តេច បានបញ្ជាក់ថា កម្ពុជា គឺអាចចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៧។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឱ្យក្រសួងពាណិជ្ជកម្ម ត្រូវតៀមខ្លួនចរចាសុំភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះពន្ធបន្ថែម GSP Plus ដើម្បីរក្សាលំនឹងទីផ្សារ​ ផលិតកម្មក្នុងស្រុក និងដើម្បីទាក់ទាញវិនិយោគិន និងត្រូវសិក្សាពីផលប៉ះពាល់ពីការបាត់បង់ភាពអនុគ្រោះ (Preference  Erosion) រួមទាំងការបាត់បង់ព្រឹត្តិកម្មពិសេស និងអនុគ្រោះដោយឡែក (Special and Differential  Treatment) បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ 
 
«ការអភិវឌ្ឍន៍ប្រទេសរបស់យើង គឺមុខពីរ។ កាលយើងនៅក្រគេជួយយើងឱ្យរឹងដៃរឹងជើង។ ដល់ពេលយើងរឹងដៃរឹងជើង គេត្រូវឱ្យយើងរៀនរស់ដោយខ្លួនឯង ជាការចាំបាច់ដែលយើងត្រូវធ្វើ។ ព្រោះយើងមិនអាចដេកដួលលើគេរហូតបានទេ យើងមិនអាចដោយសារគេឱ្យយើងនូវលក្ខខណ្ឌល្អ យើងមិនខំអភិវឌ្ឍខ្លួនឯងទេ។ បើមិនចឹង យើងមិនអាចក្លាយជាប្រទេសមានជីវភាពកម្រិតខ្ពស់បានទេ បើសិនយើងនៅតែផ្តេកផ្តួល»។ នេះជាការលើកឡើងរបស់ សម្តេ​ច ហ៊ុន ម៉ាណែត ដោយបានបន្ថែម ៖ « ភាពរឹងមាំ ទាល់តែយើងប្រឹងខ្លួនឯង។ ប៉ុន្តែការត្រៀមលក្ខណៈ គឺយើងត្រូវធ្វើ ដើម្បីធ្វើយ៉ាងណាឱ្យអន្តរការណ៍នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបានល្អ និងពង្រឹងសមត្ថភាពខ្លួនឯង»។  សម្តេច​បានបញ្ជាក់ថា ការត្រៀមលក្ខណៈនេះ គឺជាកិច្ចការសំខាន់ ដែលក្រសួងពាណិជ្ជកម្មត្រូវអនុវត្ត។ 
 
ប្រព័ន្ធអនុគ្រោះ GSP Plus ជាប្រព័ន្ធដែលសហភាពអឺរ៉ុប  ឬសហរដ្ឋអាម៉េរិក ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍នូវការលើកទឹកចិត្តពិសេស ដើម្បីបន្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។ មកទល់ឆ្នាំ២០២៣នេះ សហភាពអឺរ៉ុបបានផ្តល់នូវប្រព័ន្ធអនុគ្រោះ GSP Plus ដល់ប្រទេស​ម៉ុងហ្គោលី  ហ្វីលីពីន​ ស្រីលង្កា ប៉ាគីស្ថាន ម៉ុងហ្គោលី កៀហ្ស៊ីស៊ីនស្ថាន បូលីវី  និងប្រទេសកាប់វែ (Cape Verde)។ 
 
បើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែមកនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូនានាក្នុងពិភពលោក គឺសម្រេចបាន៤៣,៥២ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញសម្រេចបាន ២១ពាន់លានដុល្លារ កើនជាង៤ភាគរយ ខណៈនាំចូលធ្លាក់ចុះ២០ភាគរយ ដែលមានទំហំទឹកប្រាក់២២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា្កកាលឆ្នាំ២០២២៕ 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com