ជាតិ
រដ្ឋគ្រោង​ចាយ​ជាង១លាន​ដុល្លារ​លើ​ការសិក្សា និងផ្សព្វផ្សាយទេសចរណ៍ក្រៅ​ប្រទេសក្នុង​ឆ្នាំ២០២៤
05, Jan 2024 , 9:29 pm        
រូបភាព
ដោយ: រួបរួម
កញ្ចប់​ថវិកាចំនួន​ ៤ ៣៧២,៥​លាន​រៀល (ជាង​១លាន​ដុល្លារអាម៉េរិក) នឹង​ត្រៀម​សម្រាប់​ការ​ចំណាយ​របស់​ក្រសួងទេសចរណ៍​លើ​ការ​សិក្សា​ និងផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅ​ប្រទេស។ នេះ​បើតាម​នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។

 
ការ​សិក្សា​ និងផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅ​ប្រទេស ស្ថិតក្នុង​កម្ម​វិធីទី២​នៃ​គម្រោង​ចំណាយរបស់​ក្រសួង​ទេសចរណ៍ ដែល​ផ្តោ​តលើការអភិវឌ្ឍទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ។ គម្រោង​ចំណាយ​ឆ្នាំ​២០២៤ នេះ កើ​ត​លើស​ឆ្នាំមុន​ចំនួន​៤០០​លាន​រៀល (គម្រោង​ឆ្នាំ២០២៣ គឺ​៣ ៩៧២,៥លាន​រៀល)។
 
គម្រោង​ចំណាយ​សរុប​សម្រាប់​ក្រសួង​ទេសចរណ៍​នៅ​ឆ្នាំ២០២៤ នេះ គឺមាន​ចំនួន ៩២ ១៣១លាន​រៀល (ជិត​២២,​៥លាន​ដុល្លារអាម៉េរិក) ដោយ​ផ្តោ​តលើ​កម្មវិធី​សំខាន់​ៗ ចំនួន​៣។ កម្មវិធីទី១ លើ​ការ​គ្រប់គ្រង​ឧស្សាហកម្ម​ទេចរណ៍ ដោយមានកញ្ចប់ថវិកា ៧ ៦១៦,២លាន​រៀល ដែល​រួម​មាន​ការពង្រឹងពង្រឹងគុណភាពឧស្សាហកម្មនិងសេវាកម្មទេសចរណ៍ “សេវាមួយស្ដង់ដារមួយ”, ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ “បុគ្គលិកមួយ ជំនាញមួយ”, ជំរុញទេសចរណ៍ក្នុងស្រុក និងការយល់ដឹងសាធារណៈ, ជំរុញចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”, គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និង​ពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងការប្រឡងប្រណាំងនៅរាជធានី-ខេត្ត។
 
កម្មវិធីទី២ ផ្តោតលើ​ការអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគម្រោង​ថវិកា ១១ ០៩៥,៨លាន​រៀល ដែល​រួមមាន ផែនការ ការអភិវឌ្ឍផលិតផល និងវិនិយោគទេសចរណ៍, ពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទេសចរណ៍ អនុកម្មវិធីទី៣៖ ការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស, ពង្រឹងគុណភាពប្រព័ន្ធស្ថិតិទេសចរណ៍ និងការសិក្សាស្រាវជ្រាវរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការគ្រប់គ្រងស្ថិតិទេសចរណ៍, ផែនការ ការអភិវឌ្ឍផលិតផល និងវិនិយោគទេសចរណ៍ រាជធានី-ខេត្ត ។
 
កម្មវិធីទី៣ ក្នុងកញ្ចប់ថវិកា ៧៣ ៤១៩លាន​រៀល សំដៅ​ដល់​សេវាគាំទ្រដំណើរការទូទៅរបស់ស្ថាប័ន ក្នុងនោះ រួមមាន បង្កើនប្រសិទ្ធភាព និងគុណភាពសេវារដ្ឋបាលសាធារណៈ សម្រួលការធ្វើដំណើរការដឹកជញ្ជូន និងសន្តិសុខ សុវត្ថិភាពទេសចរណ៍, ការគ្រប់គ្រងនិងអភិវឌ្ឍន៍សមត្ថភាពមន្តី្រ, ការគ្រប់គ្រងគណនេយ្យនិងហិរញ្ញវត្ថុ, ការកសាង និងអនុវត្តបទដ្ឋានគតិយុត្ត ការងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច, កិច្ចការសម្របសម្រួលអន្តរវិស័យ, ការគ្រប់គ្រងការប្រមូលចំណូលពីរមណីយដ្ឋានអង្គរ, កិច្ចការគាំទ្រទេសចរណ៍ រាជធានី-ខេត្ត៕

Tag:
 ទេសចរណ៍
  ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com