ជាតិ
ក្រសួង​អប់រំ ដាក់ឱ្យអនុវត្តជាផ្លូវការសាលាបឋមសិក្សាគំរូ ដែលជាការតម្រង់ទិសក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់
13, Jan 2024 , 7:09 pm        
រូបភាព
 
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន​ បាន​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដាសាលាបឋមសិក្សាគំរូ និងការដាក់ឱ្យប្រើប្រាស់ឯកសារស្តីពីការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ឆ្នាំទី១ កាលពី​ថ្ងៃទី​១២ មករា​។ បើតាម​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ការដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូនេះ គឺជាការតម្រង់ទិសមួយក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។​

កាល​ពី​ថ្ងៃទី១២ ខែមករា លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​លោកស្រី Gwynneth Wong នាយិកាអង្គការភ្លែនអន្តរជាតិកម្ពុជា រួម​ទាំង​តំណាងអង្គការដៃគូអភិវឌ្ឍ បានចូលរួម​ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដាសាលាបឋមសិក្សាគំរូ និងការដាក់ឱ្យប្រើប្រាស់ឯកសារស្តីពីការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ឆ្នាំទី១។ 
 


ពិធី​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដាសាលាបឋមសិក្សាគំរូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍ថា ការ​ដាក់​ឱ្យ​អនុវត្ត​ស្តង់ដាសាលាបឋមសិក្សាគំរូនាពេលនេះ គឺ​ជាការ​តម្រង់ទិសមួយ​ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ស្រប​តាមចក្ខុវិស័យអភិវឌ្ឍជាតិ និង​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ បើតាម​រដ្ឋមន្រ្តី​អប់រំ កំណែទម្រង់វិស័យអប់រំ ត្រូវ​បាន​​រដ្ឋាភិបាល​កម្ពុជាចាត់ទុកវិស័យអប់រំជាវិស័យ​អាទិភាពទី១ ក្នុង​ការអភិវឌ្ឍ​មូលធនមនុស្សប្រកបដោយគុណភាព។​ 
 


ក្រៅ​ពី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ស្ដង់ដាសាលារៀន ក្រសួង​អប់រំ ក៏​បានដាក់ឱ្យប្រើប្រាស់ ឯកសារ​ការ​អភិវឌ្ឍ​កុមារផ្សារ​ភ្ជាប់​នឹង​ការអប់រំបឋមសិក្សាផងដែរ។ ខ្លឹម​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​អប់រំ សរសេរថា​ ឯកសារ​នេះ ជា​ឯកសារ​ជំនួយ​ស្មារតីដ៏​មានសារៈសំខាន់សម្រាប់គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និង​អ្នកពាក់ព័ន្ធ យល់​ដឹង​អំពី​ការ​អភិវឌ្ឍ និង​ការ​លូតលាស់​របស់​កុមារទៅ​តាមដំណាក់កាល និង​ការជួយអប់រំគាំទ្រគ្រប់ផ្នែក ទាំងរាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ បំណិន​មូលដ្ឋាន ចិត្ត​សង្គម និង​អារម្មណ៍។ 
 
ដោយ​ឡែក សៀវភៅពន្លឿនការ​សិក្សាភាសាខ្មែរថ្នាក់ឆ្នាំទី១ ត្រូវបានរៀបចំឡើងដោយបន្ស៊ីគ្នា ជាមួយកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងសៀវភៅសិក្សាគោលភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី១ និងទី២ សម្រាប់គាំទ្រដល់សិស្សដែលចូលរៀនយឺត ឬកុមារចំណាកស្រុកតាមឪពុកម្តាយទៅក្រៅប្រទេស។



ជាមួយ​គ្នានេះ ការជួយឱ្យកុមារដែលចូលរៀនយឺត បានចូលរៀនត្រឹមត្រូវតាមកម្រិតអាយុដោយអនុវត្តកម្មវិធីថ្នាក់ពន្លឿន នឹង​ផ្តល់បរិយាកាសរីករាយសម្រាប់ការសិក្សាររបស់កុមារ ការរួមចំណែកកាត់បន្ថយការរៀនត្រួតថ្នាក់ និងការបោះបង់ការសិក្សា។ នេះ​បើតាម​ទំព័រហ្វេសប៊ុក​ក្រសួង​អប់រំ យុវជន និង​កីឡា​៕ 
 

Tag:
 អប់រំ
  សាលា​បឋម​សិក្សា​គំរូ
© រក្សាសិទ្ធិដោយ thmeythmey.com