ជាតិ
ក្រសួងអប់រំ ដាក់ឱ្យអនុវត្តជាផ្លូវការសាលាបឋមសិក្សាគំរូ ដែលជាការតម្រង់ទិសក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់
×
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដាសាលាបឋមសិក្សាគំរូ និងការដាក់ឱ្យប្រើប្រាស់ឯកសារស្តីពីការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ឆ្នាំទី១ កាលពីថ្ងៃទី១២ មករា។ បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ ការដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូនេះ គឺជាការតម្រង់ទិសមួយក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
កាលពីថ្ងៃទី១២ ខែមករា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Gwynneth Wong នាយិកាអង្គការភ្លែនអន្តរជាតិកម្ពុជា រួមទាំងតំណាងអង្គការដៃគូអភិវឌ្ឍ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដាសាលាបឋមសិក្សាគំរូ និងការដាក់ឱ្យប្រើប្រាស់ឯកសារស្តីពីការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ឆ្នាំទី១។
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដាសាលាបឋមសិក្សាគំរូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូនាពេលនេះ គឺជាការតម្រង់ទិសមួយក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ បើតាមរដ្ឋមន្រ្តីអប់រំ កំណែទម្រង់វិស័យអប់រំ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ក្នុងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព។
ក្រៅពីប្រកាសដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀន ក្រសួងអប់រំ ក៏បានដាក់ឱ្យប្រើប្រាស់ ឯកសារការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សាផងដែរ។ ខ្លឹមសារលើទំព័រហ្វេសប៊ុកក្រសួងអប់រំ សរសេរថា ឯកសារនេះ ជាឯកសារជំនួយស្មារតីដ៏មានសារៈសំខាន់សម្រាប់គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធ យល់ដឹងអំពីការអភិវឌ្ឍ និងការលូតលាស់របស់កុមារទៅតាមដំណាក់កាល និងការជួយអប់រំគាំទ្រគ្រប់ផ្នែក ទាំងរាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ បំណិនមូលដ្ឋាន ចិត្តសង្គម និងអារម្មណ៍។
ដោយឡែក សៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ឆ្នាំទី១ ត្រូវបានរៀបចំឡើងដោយបន្ស៊ីគ្នា ជាមួយកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងសៀវភៅសិក្សាគោលភាសាខ្មែរ អាន-សរសេរ ថ្នាក់ទី១ និងទី២ សម្រាប់គាំទ្រដល់សិស្សដែលចូលរៀនយឺត ឬកុមារចំណាកស្រុកតាមឪពុកម្តាយទៅក្រៅប្រទេស។
ជាមួយគ្នានេះ ការជួយឱ្យកុមារដែលចូលរៀនយឺត បានចូលរៀនត្រឹមត្រូវតាមកម្រិតអាយុដោយអនុវត្តកម្មវិធីថ្នាក់ពន្លឿន នឹងផ្តល់បរិយាកាសរីករាយសម្រាប់ការសិក្សាររបស់កុមារ ការរួមចំណែកកាត់បន្ថយការរៀនត្រួតថ្នាក់ និងការបោះបង់ការសិក្សា។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា៕
Tag:
អប់រំ
សាលាបឋមសិក្សាគំរូ
© រក្សាសិទ្ធិដោយ thmeythmey.com