ជាតិ
សង្គមជាតិ
ព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត? របាំបុរាណខ្មែរមាន១០៨ក្បាច់? អ្នកគ្រូលីសារភាពកំហុស
31, Jan 2024 , 3:47 pm        
រូបភាព
កាលពីថ្ងៃទី៣០ ខែមករា ស្ត្រីឈ្មោះ អេន ចរិយា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកោះហៅឱ្យ​បំភ្លឺពាក់ព័ន្ធនឹងសកម្មភាព​របស់ខ្លួន
កាលពីថ្ងៃទី៣០ ខែមករា ស្ត្រីឈ្មោះ អេន ចរិយា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកោះហៅឱ្យ​បំភ្លឺពាក់ព័ន្ធនឹងសកម្មភាព​របស់ខ្លួន
ដោយ: រួបរួម
ម្ចាស់គណនីហ្វេសប៊ុកមួយរូបឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី បានសារភាពទទួលស្គាល់កំហុសខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្ទ្រទេវី រួមទាំងការផ្សព្វផ្សាយរូបភាពខ្លឹមសារមិនត្រឹមត្រូវអំពីទំនៀមទម្លាប់ប្រពៃណីជាតិ។



អត្ថបទទាក់ទង


កាលពីថ្ងៃទី៣០ ខែមករា ស្ត្រីឈ្មោះ អេន ចរិយា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កោះហៅ ក្រោយមានកិច្ចសុំអន្តរាគមន៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សមត្ថកិច្ចបានឱ្យស្ត្រីរូបនេះ បំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ស្ត្រីដែលមានរហស្សនាមថា អ្នកគ្រូលី រងការរិះគន់ថា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត។

ការប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ថា បានចូលសណ្ឋិតក្នុងខ្លួន គឺគ្មានមូលដ្ឋានច្បាស់លាស់ ហើយការប្រើប្រាស់សម្លៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា មាន១០៨ក្បាច់ គឺខុសពីការពិត។ ទាំងនេះគឺជាការទទួលស្គាល់កំហុសរបស់ស្ត្រីឈ្មោះ អេន ចរិយា។

ក្រោយពីទទួលបានការអប់រំណែនាំ អ្នកគ្រូលី បានធានាចំពោះមុខសមត្ថកិច្ច និងមន្រ្តីតំណាងក្រសួងវប្បធម៌ ដោយបានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរបញ្ឈប់សកម្មភាពខុសឆ្គងទាំងនោះ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ពលរដ្ឋខ្មែរ និងរដ្ឋាភិបាលចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

«សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា»។ នេះជាការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕


© រក្សាសិទ្ធិដោយ thmeythmey.com