កីឡាហោះហើរ គឺជាកីឡា ដែលតម្រូវឲ្យអ្នកហ្វឹកហាត់ ត្រូវមានស្មារតីខ្ពស់ និងមិនមានបញ្ហាបេះដូង ព្រោះហោះនៅរយៈកម្ពស់ខ្ពស់។ លោក សារៀម រក្សា អគ្គលេខាធិការសហព័ន្ធកីឡាហោះហើរកម្ពុជានិយាយថា បើមិនមានការប្ដេជ្ញាចិត្តខ្ពស់ទេ កីឡាករ-កីឡាការិនី នឹងមិនអាចហាត់បានឡើយ ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ អំឡុងពេលហោះហើរ។
លោក សារៀម រក្សា បានផ្ដល់បទសម្ភាសមកសារព័ត៌មានឌីជីថលថ្មីៗ តាមទូរសព្ទថា ការហោះហើរ បានអភិវឌ្ឍទៅជាកីឡា និងបង្កើតបានជាសហព័ន្ធកីឡាហោះហើរកម្ពុជា តាំងពីឆ្នាំ២០១៣ តាមរយៈលោកតេង ប៉េងស៊ាង ស្ថាបនិក និង ជាប្រធានសហព័ន្ធកីឡាហោះហើរកម្ពុជា ក្រោយការជំរុញពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក តេង ប៉េងស៊ាង នាំមកកីឡានេះដំបូងគ្រាន់តែហោះហើរ សម្រាប់ធ្វើការងារផ្ទាល់ខ្លួនប៉ុណ្ណោះ។ សហព័ន្ធកីឡាជាតិមួយនេះ បានបង្កើតពីឆ្នាំ២០១៣ រហូតដល់២០២៤ បាន៣អាណត្តិ ដែលមានរយៈពេល១០ឆ្នាំ ដោយលោក តេង ប៉េងស៊ាង កាន់ជាប្រធានទាំង៣អាណត្តិ។
បច្ចុប្បន្ន សហព័ន្ធកីឡានេះកំពុងបង្វឹកសិក្ខាកាមចំនួន ២០នាក់ ដោយក្នុងមានស្ដ្រីមួយនាក់។ លោក សារៀម រក្សាយល់ថា នេះ គឺជារឿងវិជ្ជមាន ដែលកីឡាមួយនេះ ទទួលបានការចាប់អារម្មណ៍ពីមហាជន។
លោក សារៀម រក្សា ហ្វឹកហាត់ហោះហើរ រូបពីសារៀមរក្សា
អគ្គលេខាធិការរូបនេះ បន្ថែមថា សហព័ន្ធ ពិបាកក្នុងការរក និងបណ្ដុះធនធានកីឡាករ-កីឡាការិនីព្រោះជាកីឡាដែលត្រូវការចំណាយច្រើនទៅលើឧបករណ៍ប្រើប្រាស់ដូចឆ័ត្រយោង
និងម៉ាស៊ីនហោះហើរ (Paramotor)។ ដោយឡែកចំពោះការបណ្ដុះធនធានកីឡាករ-កីឡាការិនី ក៏ជារឿងលំបាកមួយព្រោះត្រូវការអ្នកមានស្មារតី និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់
ហើយធនធានទាំងនោះ ដាច់ខាតមិនត្រូវមានជម្ងឺបេះដូច ដែលធ្វើឲ្យពួកគេខ្លាចខ្ពស់។អគ្គលេខាធិការរូបនេះ បានប្រាប់ដូច្នេះ។
ម៉ាស៊ីន Paramotor រូបពី សារៀម រក្សា
បើប្រៀបធៀបជាមួយកីឡាផ្សេងទៀតកីឡាហោះហើរ មិនអាចលេងដោយខ្លួនឯងបានទេព្រោះត្រូវមានការហ្វឹកហាត់ឲ្យបានត្រឹមត្រូវទាំងបច្ចេកទេសហោះហើរ និងបច្ចេកទេសចុះចត់
ដើម្បីជៀសផុតពីគ្រោះថ្នាក់។ លោក សារៀម រក្សា ពន្យល់បែបនេះ។
អគ្គលេខាធិការរូបនេះមានសុទិដ្ឋិនិយមថា បើទោះជាបច្ចុប្បន្នមានសិក្ខាកាមត្រឹមតែ២០នាក់ ប៉ុន្ដែនឹងមានជាបន្ដបន្ទាប់ទៀត ព្រោះសិក្ខាកាមទាំងនោះនឹងមានលទ្ធភាពអាចបណ្ដុះធនធានអត្ដពលិកបន្ថែម៕
ការហ្វឹកហាត់កីឡាហោះហើរ រូបពីសារៀម រក្សា
ការហ្វឹកហាត់កីឡាហោះហើរ រូបពីសហព័ន្ធកីឡាហោះហើរកម្ពុជា