កីឡាជាតិ
ជាតិ
លោក សារៀម រក្សា៖ អ្នក​ហ្វឹកហាត់​កីឡាហោះហើរ ត្រូវស្មារតីខ្ពស់ និងគ្មាន​បញ្ហា​បេះដូង
05, Feb 2024 , 7:59 pm        
រូបភាព
កីឡាហោះហើរ គឺជាកីឡា ដែលតម្រូវឲ្យអ្នកហ្វឹកហាត់ ត្រូវមានស្មារតីខ្ពស់ និងមិនមានបញ្ហាបេះដូង ព្រោះហោះនៅរយៈកម្ពស់ខ្ពស់។ លោក សារៀម រក្សា អគ្គលេខាធិការសហព័ន្ធកីឡាហោះហើរកម្ពុជានិយាយថា បើមិនមានការប្ដេជ្ញាចិត្តខ្ពស់ទេ កីឡាករ-កីឡាការិនី នឹងមិនអាចហាត់បានឡើយ ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ អំឡុងពេលហោះហើរ។

 
លោក សារៀម រក្សា បានផ្ដល់បទសម្ភាសមកសារព័ត៌មានឌីជីថល​ថ្មីៗ តាមទូរសព្ទថា ការហោះហើរ បានអភិវឌ្ឍទៅជាកីឡា និងបង្កើតបានជាសហព័ន្ធកីឡាហោះហើរកម្ពុជា តាំងពីឆ្នាំ២០១៣ តាមរយៈលោកតេង ប៉េងស៊ាង ស្ថាបនិក និង ជាប្រធានសហព័ន្ធកីឡាហោះហើរកម្ពុជា ក្រោយការជំរុញ​ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក តេង ប៉េងស៊ាង នាំមកកីឡានេះដំបូងគ្រាន់តែហោះហើរ សម្រាប់ធ្វើការងារផ្ទាល់ខ្លួនប៉ុណ្ណោះ។ សហព័ន្ធកីឡាជាតិមួយនេះ បានបង្កើតពីឆ្នាំ២០១៣ រហូតដល់២០២៤ បាន៣អាណត្តិ ដែលមានរយៈពេល១០ឆ្នាំ ដោយលោក តេង ប៉េងស៊ាង កាន់ជាប្រធានទាំង៣អាណត្តិ។
 
បច្ចុប្បន្ន សហព័ន្ធកីឡានេះកំពុងបង្វឹកសិក្ខាកាមចំនួន ២០នាក់ ដោយក្នុងមានស្ដ្រីមួយ​នាក់។ លោក សារៀម រក្សាយល់ថា នេះ គឺជារឿងវិជ្ជមាន ដែលកីឡាមួយនេះ ទទួលបានការចាប់អារម្មណ៍ពីមហាជន។
  
លោក សារៀម រក្សា ហ្វឹកហាត់ហោះហើរ រូបពីសារៀមរក្សា

អគ្គលេខាធិការរូបនេះ បន្ថែមថា សហព័ន្ធ ពិបាកក្នុងការរក និងបណ្ដុះធនធានកីឡាករ-កីឡាការិនីព្រោះជាកីឡាដែលត្រូវការចំណាយច្រើនទៅលើឧបករណ៍ប្រើប្រាស់ដូចឆ័ត្រយោង
និងម៉ាស៊ីនហោះហើរ (Paramotor)។ ដោយឡែកចំពោះការបណ្ដុះធនធានកីឡាករ-កីឡាការិនី ក៏ជារឿងលំបាកមួយព្រោះត្រូវការអ្នកមានស្មារតី និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់
ហើយធនធានទាំងនោះ ដាច់ខាតមិនត្រូវមានជម្ងឺបេះដូច ដែលធ្វើឲ្យពួកគេខ្លាចខ្ពស់។អគ្គលេខាធិការរូបនេះ បានប្រាប់ដូច្នេះ។
  
ម៉ាស៊ីន Paramotor រូបពី សារៀម រក្សា

បើប្រៀបធៀបជាមួយកីឡាផ្សេងទៀតកីឡាហោះហើរ មិនអាចលេងដោយខ្លួនឯងបានទេព្រោះត្រូវមានការហ្វឹកហាត់ឲ្យបានត្រឹមត្រូវទាំងបច្ចេកទេសហោះហើរ និងបច្ចេកទេសចុះចត់
ដើម្បីជៀសផុតពីគ្រោះថ្នាក់។ លោក សារៀម រក្សា ពន្យល់បែបនេះ។
 
អគ្គលេខាធិការរូបនេះមានសុទិដ្ឋិនិយមថា បើទោះជាបច្ចុប្បន្នមានសិក្ខាកាមត្រឹមតែ២០នាក់ ប៉ុន្ដែនឹងមានជាបន្ដបន្ទាប់ទៀត ព្រោះសិក្ខាកាមទាំងនោះនឹងមានលទ្ធភាពអាចបណ្ដុះធនធានអត្ដពលិក​បន្ថែម៕

ការហ្វឹកហាត់កីឡាហោះហើរ រូបពីសារៀម រក្សា

ការហ្វឹកហាត់កីឡាហោះហើរ រូបពីសហព័ន្ធកីឡាហោះហើរកម្ពុជា



Tag:
 កីឡាហោះហើរ
  សារៀម រក្សា
© រក្សាសិទ្ធិដោយ thmeythmey.com