កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ានី លើកទឹកចិត្តស្រ្តី បន្តចូលរួមប្រឡងគ្រូអប់រំកាយ និងកីឡា
06, Feb 2024 , 10:49 am        
រូបភាព
រូបភាព៖ក្រសួងមុខងារសាធារណៈ
រូបភាព៖ក្រសួងមុខងារសាធារណៈ
លទ្ធផលប្រឡងប្រជែងជ្រើសររីសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ និងកីឡា បានប្រកាសបេក្ខជនជាប់ជាស្ថាពរ១០០នាក់ហើយ នៅថ្ងៃទី៥ ខែកុម្ភៈ។ ក្នុងចំណោម១០០នាក់ មានបេក្ខនារីជាប់តែ៨រូបប៉ុណ្ណោះ។ លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកទឹកចិត្តស្ត្រីឱ្យបន្តចូលរួមប្រឡងគ្រូអប់រំកាយ និងកីឡា បន្តបន្ទាប់ទៀត បើទោះលើកនេះមានជំនួនបេក្ខនារីជាប់តិចតួចក៏ដោយ។



គ្រូ​បង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេសអប់រំកាយ ១២+២ ចំនួន ៧៥នាក់ និង​កម្រិត​បរិញ្ញាបត្រ​ ១២+៤ ចំនួន ២៥នាក់ បានប្រឡងជាប់ ក្របខណ្ឌ​ឆ្នាំ​២០២៣​។ កម្រិត ១២+២ ទាំងចំនួន៧៥នាក់ ដែលមានស្រ្តី៧ នាក់ ត្រូវបែងចែកក្នុងខេត្តចំនួន២០ ក្នុងនោះ ទៅវិទ្យាល័យចំនួន២១ និងអនុវិទ្យល័យ ៥៤ ទីតាំង ស្របពេលកម្រិត ១២+៤ ចំនួន ២៥ នាក់ មានស្ត្រីតែ១នាក់ ត្រូវបែងចែកក្នុងខេត្តចំនួន១៣ ក្នុងនោះ ទៅវិទ្យាល័យចំនួន១៥ និងអនុវិទ្យល័យ ១០ ទីតាំង។ អ្នកជាប់ទាំង១០០ នឹងត្រូវចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រយៈពេល២ឆ្នាំ និង៤ឆ្នាំ ដោយទទួលបានបា្រក់បៀវត្ស៧០ភាគរយ មុនបែងចែកទៅតាមទីតាំងខេត្តគោលដៅចំនួន ២១។ 
 
​ឆ្លើយនឹងសំណួរ ថាតើហេតុអ្វីមានស្ត្រីជាប់ក្នុងចំនួនតិចតួចពោលគឺត្រឹម៨រូប លោក ហ៊ុន ម៉ា​នី ដែលជាប្រធានគណៈកម្មការប្រឡងប្រជែង ឆ្នាំ២០២៣នេះ អះអាងថាអ្វីៗពឹងលើសមត្ថភាព ដ្បិតការប្រឡងនេះទាំងក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈបានផ្តល់ឱកាសស្មើៗគ្នាសម្រាប់បេក្ខជន និងបេក្ខនារី។ ក្នុងចំណោមបេក្ខជនមានឈ្មោះប្រឡងទាំង ១៨៩២នាក់ មានស្រី ៥៨៥ នាក់។
  


«លទ្ធផលគឺពឹងផ្អែកលើសមត្ថភាពរៀងៗខ្លួន»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ក្នុង​សន្និ​សីទ​សារព័ត៌មាន​ស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នា​ថ្ងៃទី៥ ខែកុម្ភៈ​ មុនលោកលើកទឹកចិត្តដល់ស្ត្រីបន្តប្រឹងប្រែងបន្ថែមទៀត បើទោះលើកនេះមិនជាប់ក៏ដោយ។
 
មួយវិញទៀត ក្នុងដំណើរការរៀបចំប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដំណើរការកំណែលឿន ព្រោះចង់ឱ្យបេក្ខជនទទួលបានលទ្ធផលលឿនតាមការចង់បាន។ «មួយជំហានៗ មានការយកចិត្តទុកដាក់ថ្លឹងថ្លែង ហើយទទួលខុសត្រូវខ្ពស់ណាស់។ ដោយអនុគណៈកម្មការកែក៏យកចិត្តទុកដាក់ខ្ពស់ រួមទាំងលោកគ្រូអ្នកគ្រូ ដោយមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ»។ រដ្ឋមន្រ្តីរូបនេះបន្ថែម។



ការប្រឡងនេះ មានវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តកីឡាផ្ទាល់តែម្តង។ វិញ្ញាសាអនុវត្តកីឡា មាន៣វិញ្ញាសា រួមមានចោលដំដែក រត់ល្បឿន និងលោតចម្ងាយ ដោយលទ្ធផលចេញភ្លាមៗ ក្រោយបេក្ខជនអនុវត្តវិញ្ញាសារួច។ 
 
ចំណោមអ្នកជាប់ទាំង១០០ មានបេក្ខជពីខេត្តសៀមរាប​ ១៣នាក់ ខេត្តព្រៃវែង ១០នាក់, បាត់ដំបង ៩នាក់, ពោធិ៍សាត់ ៧នាក់, ត្បូងឃ្មុំ និង​បន្ទាយមានជ័យ ៧នាក់​។
ដោយឡែក ខេត្ត​ក្រចេះ ៦នាក់, កំពង់ចាម និង​កំពង់ធំ ៥នាក់ រីឯ ខេត្ត​កំពង់ឆ្នាំង និង​​ស្វាយរៀង​​ ៤នាក់។​ ខេត្ត​ស្ទឹង​ត្រែង កោះកុង កណ្ដាល និង​ឧត្តរ​មាន​ជ័យ ចំនួន ៣នាក់។ សម្រាប់ ខេត្ត​ព្រះវិហារ រតនគិរី កំពង់ស្ពឺ ប៉ៃលិន ​ព្រះសីហនុ មាន២នាក់ និង​មណ្ឌលគិរី មាន ១នាក់។
  


ដើម្បីឱ្យកាន់តែមានសុក្រិតភាព ក្រោយប្រកាសលទ្ធផល គណៈកម្មការរៀបចំការប្រឡងប្រជែង ក៏នឹងផ្ដល់ពេល១សប្ដាហ៍ដល់បេក្ខជន ដែលចង់ស្នើពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនផងដែរ។ 

សូមបញ្ជាក់ថា ​នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រសួង​មុខងារសាធារណៈ ដឹកនាំ​រៀបចំ​ការប្រឡង​ជ្រើសរើស ​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា នៅ​ដើម​អាណត្តិ​ទី​៧​ បន្ទាប់ពីបានដឹកនាំប្រឡងជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ។ ​ការប្រឡងប្រជែងទាំងពីរលើកនេះ ឈរលើ​គោលការណ៍​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យាប​ន្ន ប្រសិទ្ធភាព ដោយក្នុងនោះក៏មាន​ការចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​៕

Tag:
 ហ៊ុន ម៉ានី
  ប្រឡងគ្រូអប់រំកាយ និងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com