លទ្ធផលប្រឡងប្រជែងជ្រើសររីសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ និងកីឡា បានប្រកាសបេក្ខជនជាប់ជាស្ថាពរ១០០នាក់ហើយ នៅថ្ងៃទី៥ ខែកុម្ភៈ។ ក្នុងចំណោម១០០នាក់ មានបេក្ខនារីជាប់តែ៨រូបប៉ុណ្ណោះ។ លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកទឹកចិត្តស្ត្រីឱ្យបន្តចូលរួមប្រឡងគ្រូអប់រំកាយ និងកីឡា បន្តបន្ទាប់ទៀត បើទោះលើកនេះមានជំនួនបេក្ខនារីជាប់តិចតួចក៏ដោយ។
គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ ១២+២ ចំនួន ៧៥នាក់ និងកម្រិតបរិញ្ញាបត្រ ១២+៤ ចំនួន ២៥នាក់ បានប្រឡងជាប់ ក្របខណ្ឌឆ្នាំ២០២៣។ កម្រិត ១២+២ ទាំងចំនួន៧៥នាក់ ដែលមានស្រ្តី៧ នាក់ ត្រូវបែងចែកក្នុងខេត្តចំនួន២០ ក្នុងនោះ ទៅវិទ្យាល័យចំនួន២១ និងអនុវិទ្យល័យ ៥៤ ទីតាំង ស្របពេលកម្រិត ១២+៤ ចំនួន ២៥ នាក់ មានស្ត្រីតែ១នាក់ ត្រូវបែងចែកក្នុងខេត្តចំនួន១៣ ក្នុងនោះ ទៅវិទ្យាល័យចំនួន១៥ និងអនុវិទ្យល័យ ១០ ទីតាំង។ អ្នកជាប់ទាំង១០០ នឹងត្រូវចូលរៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រយៈពេល២ឆ្នាំ និង៤ឆ្នាំ ដោយទទួលបានបា្រក់បៀវត្ស៧០ភាគរយ មុនបែងចែកទៅតាមទីតាំងខេត្តគោលដៅចំនួន ២១។
ឆ្លើយនឹងសំណួរ ថាតើហេតុអ្វីមានស្ត្រីជាប់ក្នុងចំនួនតិចតួចពោលគឺត្រឹម៨រូប លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការប្រឡងប្រជែង ឆ្នាំ២០២៣នេះ អះអាងថាអ្វីៗពឹងលើសមត្ថភាព ដ្បិតការប្រឡងនេះទាំងក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈបានផ្តល់ឱកាសស្មើៗគ្នាសម្រាប់បេក្ខជន និងបេក្ខនារី។ ក្នុងចំណោមបេក្ខជនមានឈ្មោះប្រឡងទាំង ១៨៩២នាក់ មានស្រី ៥៨៥ នាក់។
«លទ្ធផលគឺពឹងផ្អែកលើសមត្ថភាពរៀងៗខ្លួន»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នាថ្ងៃទី៥ ខែកុម្ភៈ មុនលោកលើកទឹកចិត្តដល់ស្ត្រីបន្តប្រឹងប្រែងបន្ថែមទៀត បើទោះលើកនេះមិនជាប់ក៏ដោយ។
មួយវិញទៀត ក្នុងដំណើរការរៀបចំប្រកាសលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ដំណើរការកំណែលឿន ព្រោះចង់ឱ្យបេក្ខជនទទួលបានលទ្ធផលលឿនតាមការចង់បាន។ «មួយជំហានៗ មានការយកចិត្តទុកដាក់ថ្លឹងថ្លែង ហើយទទួលខុសត្រូវខ្ពស់ណាស់។ ដោយអនុគណៈកម្មការកែក៏យកចិត្តទុកដាក់ខ្ពស់ រួមទាំងលោកគ្រូអ្នកគ្រូ ដោយមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ»។ រដ្ឋមន្រ្តីរូបនេះបន្ថែម។
ការប្រឡងនេះ មានវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តកីឡាផ្ទាល់តែម្តង។ វិញ្ញាសាអនុវត្តកីឡា មាន៣វិញ្ញាសា រួមមានចោលដំដែក រត់ល្បឿន និងលោតចម្ងាយ ដោយលទ្ធផលចេញភ្លាមៗ ក្រោយបេក្ខជនអនុវត្តវិញ្ញាសារួច។
ចំណោមអ្នកជាប់ទាំង១០០ មានបេក្ខជពីខេត្តសៀមរាប ១៣នាក់ ខេត្តព្រៃវែង ១០នាក់, បាត់ដំបង ៩នាក់, ពោធិ៍សាត់ ៧នាក់, ត្បូងឃ្មុំ និងបន្ទាយមានជ័យ ៧នាក់។
ដោយឡែក ខេត្តក្រចេះ ៦នាក់, កំពង់ចាម និងកំពង់ធំ ៥នាក់ រីឯ ខេត្តកំពង់ឆ្នាំង និងស្វាយរៀង ៤នាក់។ ខេត្តស្ទឹងត្រែង កោះកុង កណ្ដាល និងឧត្តរមានជ័យ ចំនួន ៣នាក់។ សម្រាប់ ខេត្តព្រះវិហារ រតនគិរី កំពង់ស្ពឺ ប៉ៃលិន ព្រះសីហនុ មាន២នាក់ និងមណ្ឌលគិរី មាន ១នាក់។
ដើម្បីឱ្យកាន់តែមានសុក្រិតភាព ក្រោយប្រកាសលទ្ធផល គណៈកម្មការរៀបចំការប្រឡងប្រជែង ក៏នឹងផ្ដល់ពេល១សប្ដាហ៍ដល់បេក្ខជន ដែលចង់ស្នើពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំការប្រឡងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅដើមអាណត្តិទី៧ បន្ទាប់ពីបានដឹកនាំប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ។ ការប្រឡងប្រជែងទាំងពីរលើកនេះ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព ដោយក្នុងនោះក៏មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕