ជាតិ
សង្គមជាតិ
«ផាកពិន័យហើយ ឆាតញ៉ែ»! ស្នងការនគរបាលរាជធានីភ្នំពេញ រកមុខជនបំផុសព័ត៌មាននេះ
07, Feb 2024 , 6:35 pm        
រូបភាព
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ រូបពីហ្វេសប៊ុកលោកផ្ទាល់។
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ រូបពីហ្វេសប៊ុកលោកផ្ទាល់។
ពេលនេះ សាមីខ្លួន ឈ្មោះ ម៉ូ នីកា ដែលបង្ហោះព័ត៌មានថា មន្ត្រីនគរបាលចរាចរណ៍ម្នាក់ បានផាកពិន័យលើករណីបើកបរខុសច្បាប់ហើយ ឆាតទៅសុំស្រឡាញ់ មិនទាន់ដាក់ពាក្យបណ្ដឹង ទៅលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលឈឺឆ្អាលលើករណីនេះឡើយ។


 
លោក ជួន ណារិន្ទ បង្ហាញការខកចិត្ត ចំពោះ ម៉ូ នីកា ដែលមិនព្រមដាក់ពាក្យបណ្ដឹង។ «សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែនមិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការជាមួយពូ ដើម្បីរកយុត្តិធម៌ជូនក្មួយ។ ពូពិតជាខកចិត្តណាស់ ដែលពូរង់ចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច»។ នេះជាសំណេររបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ កុម្ភៈ។
 
មូលហេតុសាមីខ្លួន ដែលបានអះអាងថាឈ្មោះ ម៉ូ នីកា មិនព្រមមកដាក់ពាក្យបណ្ដឹងនេះ បានធ្វើឱ្យលោក ជួន ណារិន្ទ យល់បានភ្លាមថា ជនសរសេរសារបង្ហោះលើហ្វេសប៊ុកពីករណីមន្ត្រីនគរបាលចរាចរណ៍ម្នាក់ បានផាកពិន័យលើករណីបើកបរខុសច្បាប់ហើយ ឆាតទៅសុំស្រឡាញ់ មិនមែនជាតួអង្គពិតប្រាកដឡើយ។
 
«ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថា ក្មួយស្រីម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ។ ខ្ញុំស្នើសុំអ្នកនិពន្ឋចេញសារភាពឲ្យទាន់ពេល ព្រោះខ្ញុំត្រូវការរកយុត្តិធ៏មនិងកិត្តិយសឲ្យអ្នករងគ្រោះពិតប្រាកដ»។ នេះជាសំណេររបស់លោក ជួន ណារិន្ទ ដែលកំពុងរកមុខជនបំផុសព័ត៌មាននេះ។


ដើមចមនៃបញ្ហានេះ កើតចេញពីករណីអនុវត្តច្បាប់ និងផាកពិន័យចរាចរណ៍ទៅលើនារី ឈ្មោះ ម៉ូ លីកា ។ នារីរូបនេះ បានសរសេរសាររៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួន បានបើកឡានជូនម្ដាយទៅកាន់មន្ទីរពេទ្យ ដោយសារម្តាយមានអាការៈថប់ដង្ហើម និងជំងឺបេះដូង កាលពីថ្ងៃទី១ កុម្ភៈ។ 
 
ធ្វើដំណើរទៅដល់ចំណុចស្តុបកាន់ពីរ រូបនាង ក៏បានបើកឡានជ្រុល និងឈប់លើគំនូស «ស» សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ អំឡុងពេលស្តុបព័ណ៌ក្រហម។ ពេលស្តុបលោតភ្លើងបៃតងវិញ រូបនាង ក៏បានជិះចូលទៅផ្លូវបឹងកក់ ស្រាប់តែមានមន្ត្រីនគរបាល៣នាក់ ផាកពិន័យលើរូបនាង។
បើតាមសំណេរដែល ម៉ូ លីកា រៀបរាប់នោះ មន្ត្រីប៉ូលិស បានសុំពិនិត្យបណ្ណបើកបរ កាតគ្រី និងឆៀកឡាន។ ក្រោយពីសួរនាំ និងពិនិត្យហើយ ឃើញថា ឆៀកឡានផុតកំណត់ ដែលត្រូវផាកពិន័យ២០ម៉ឺនរៀល ហើយឈប់លើគំនូស «ស» ត្រូវពិន័យ១៥ម៉ឺនរៀលទៀត សរុបទាំងអស់៣៥ម៉ឺនរៀល។ តែយ៉ាងណាមន្ត្រីនគរបាលទាំងនោះ បានបញ្ចុះតម្លៃសល់ត្រឹមតែ២៥ម៉ឺនរៀលទេ ក្រោយម្ចាស់ឡានឈ្មោះ ម៉ូ លីកា អះអាងថា ជិះខុសច្បាប់ដោយសារប្រញាប់ជូនម្ដាយទៅមន្ទីរពេទ្យ។

«ខ្ញុំថាពូ ខ្ញុំសុំជូនពូ ២០ដុល្លារ ទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ ។ (ប៉ូលិស) គាត់ថា បើប្រញាប់បង់(ពិន័យឈប់លើ)គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃឲ្យសល់ ២៥ម៉ឺនរៀល។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន ។ ខ្ញុំសួរខណ្ឌនៅឯណា គាត់ថានៅដូនពេញ»។ នេះបើតាម ម៉ូ លីកា សរសេរលើហ្វេសប៊ុក។
 
ក្រោយចចារលើការផាកពិន័យហើយ ក៏សម្រេចបង់ជាទឹកប្រាក់ជាង១៤ម៉ឺនរៀល (៣៦.៦៣ ដុល្លារ)។ នេះបើតាមគណនី ABA ប្រតិបត្តិការ ដែលនារីឈ្មោះ ម៉ូ លីកា បានបង្ហោះ។ រឿងផាកពិន័យបានបញ្ចប់ហើយ ក៏ឈានដល់ករណីមន្ត្រីនគរបាល ឆាតតាមតេឡេក្រាមទៅសាសងសម្តីជាមួយ ម៉ូ លីកា បន្តទៀត។

សម្តីសាសងទាំងនោះ ត្រូវបានចែកចាយព្រោងព្រាតតាមបណ្ដាញសង្គម។ មន្ត្រីនគរបាល ដែលឆាតទៅសាសងសម្តីនេះ គឺជាអ្នកផាកពិន័យលើនារី ឈ្មោះ ម៉ូ លីកា ។ ក្នុងសារឆ្លើយឆ្លងសម្តីនេះ មន្រ្តីនគរបាលចរាចរណ៍រូបនោះ បានអះអាងថា ខ្លួនមានតួនាទីជានាយរងការិយាល័យចរាចរណ៍ជើងគោក រហស្សនាម «ព្រួញ៧៧» ប្រចាំនៅគោលដៅក្តាន់២ ៕

 
 
         
 

Tag:
 ជួន ណារិន្ទ
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com