របបអាហារ មានឥទ្ធិពលខ្លាំង លើកម្រិតជាតិស្ករក្នុងឈាម។ ការទទួលទានអាហារតាមតែចិត្ត មិនល្អសោះឡើយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ ថ្ងៃនេះ យើងនឹងបង្ហាញឱ្យដឹង ពីអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរចៀសវាង ៖
១. អាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត
ការកាត់បន្ថយការទទួលទានអាហារ ដែលសម្បូរកាបូអ៊ីដ្រាត ជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្ត ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ បរិមាណនៃកាបូអ៊ីដ្រាតច្រើនពេក ធ្វើឱ្យកោសិកាធន់នឹងអាំងស៊ុយលីន បង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ មិនមែនមានន័យថា អ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយ ក៏ព្រោះរាងកាយនូវត្រូវការវា! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយការទទួលទាន។
២. អាហារចៀនបំពង
អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ។ ដូច្នេះជាការប្រសើរ ចូរជ្រើសរើសវិធីចម្អិនផ្សេងទៀត ដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបាន ចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អ ដូចជាប្រេងអូលីវ។
៣. ភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត
ប្រសិនបើអ្នកគិតថា ភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិត មិនអាចជះឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះ ចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិត អាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម គួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិត ជះឥទ្ធិពលលើសុខភាពពោះវៀន ដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។
៤. បាយស
បាយស ធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឆាប់រហ័ស ដោយសារវាមានផ្ទុកជាតិ សរសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាត ដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញ ក៏ព្រោះវាមានផ្ទុកជាតិសរសៃខ្ពស់។ ជាតិសរសៃ អាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ឱ្យមានស្ថិរភាព។
៥. ផ្លែឈើក្រៀម ឬដំណាប់ផ្លែឈើ
ពិតណាស់ ផ្លែឈើគឺល្អសម្រាប់សុខភាព ដោយវាមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ ទោះជាយ៉ាងណា អ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាជាតិស្ករខ្ពស់ក្នុងឈាម ព្រមទាំងអ្នកជំងឺទឹកនោមផ្អែម គួរកម្រិតបរិមាណនៃការទទួលទានផ្លែឈើ ក៏ព្រោះផ្លែឈើមួយចំនួនធំ មានផ្ទុកជាតិស្ករខ្ពស់ ពិសេសគឺផ្លែឈើក្រៀម ឬដំណាប់ផ្លែឈើតែម្ដង។
៦. អាហារកញ្ចប់
អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរជៀសឱ្យផុត ពីការទទួលទានអាហារកញ្ចប់។ អាហារប្រភេទនេះ មិនត្រឹមតែធ្វើឱ្យអ្នកពិបាកសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរដោយជាតិខ្លាញ់មិនល្អ ដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាម បង្កទៅជាបញ្ហាសុខភាពគួរឱ្យបារម្ភ។ លើសពីនេះទៅទៀត ការទទួលទានអាហារកញ្ចប់ច្រើន ក៏បង្កការរលាកផ្សេងៗក្នុងរាងកាយ ដែលអាចនាំឲ្យកើតមានជំងឺទឹកនោមផ្អែម៕