ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រភេទអាហារទាំងនេះ អ្នកកើតជំងឺទឹកនោមផ្អែមកុំឲ្យសោះ
09, Feb 2024 , 6:59 am        
រូបភាព
របប​អាហារ​ មានឥទ្ធិពលខ្លាំង លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការ​ទទួលទាន​អាហារ​តាមតែ​ចិត្ត ​មិនល្អ​សោះឡើយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។ ថ្ងៃនេះ យើង​​នឹង​បង្ហាញ​ឱ្យ​ដឹង​ ពី​អាហារ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ចៀសវាង ៖

 
១. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កាបូ​អ៊ី​ដ្រា​ត
ការ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ ដែល​សម្បូរ​​កាបូ​អ៊ី​ដ្រា​ត​ ជា​គន្លឹះ​ចម្បង​មួយ​ដែល​អ្នក​គួរ​អនុវត្ត​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។ បរិមាណ​នៃ​កាបូ​អ៊ី​ដ្រា​ត​ច្រើន​ពេក ​ធ្វើ​ឱ្យ​កោសិកា​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន បង្ក​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា​ក៏ដោយ មិនមែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​តែ​ម្ដង​ឡើយ​ ក៏​ព្រោះ​រាង​កាយ​នូវ​ត្រូវការ​វា​! អ្វី​ដែល​សំខាន់ គឺ​ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​។
 
២. អាហារ​ចៀន​បំពង
អាហារ​ចៀន ឬ​បំពង​ភាគច្រើន គឺ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​។ ដូច្នេះ​​ជា​ការ​ប្រសើរ​ ចូរ​ជ្រើសរើស​វិធី​ចម្អិន​ផ្សេង​ទៀត​ ដូច​ជា​ស្ងោ អាំង ឬ​ចំហុយ​ជំនួស​វិញ​។ ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​អាហារ​ចៀន ឬ​បំពង​មិន​បាន ​ចូរ​ជ្រើសរើស​ប្រើប្រាស់​ខ្លាញ់​ល្អ​ ដូច​ជា​ប្រេង​អូ​លីវ​។
 
៣. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត
ប្រសិនបើ​អ្នក​គិត​ថា​ ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត ​មិន​អាច​ជះ​ឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ ​ចូរ​គិត​ម្ដងទៀត​! តាម​ពិត​ទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​ អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ​គួរ​ឱ្យ​កត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត ​ជះ​ឥទ្ធិពល​លើ​សុខភាព​ពោះវៀន ​ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។
 
៤. បា​យស
បា​យស ​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឆាប់រហ័ស ​ដោយសារ​វា​មាន​ផ្ទុក​ជាតិ សរ​សៃ​តិច ប៉ុន្តែ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ ដែល​រាង​កាយ​បំ​លែង​ទៅ​ជា​ជាតិ​ស្ករ​ខ្ពស់​។​ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​កាត់​បន្ថយ​បា​យស ហើយ​ព្យាយាម​ទទួលទាន​បាយ​អង្ករសម្រូប​ជំនួស​វិញ ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​សរ​សៃ​ខ្ពស់​។ ជាតិ​ស​រសៃ ​អាច​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ ឱ្យ​មាន​ស្ថិរ​ភាព​។
 
៥. ផ្លែ​ឈើ​ក្រៀម ឬ​ដំណាប់​ផ្លែ​ឈើ
ពិត​ណាស់​ ផ្លែ​ឈើគឺ​ល្អ​សម្រាប់​សុខភាព​ ដោយ​វា​មាន​ផ្ទុក​​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់​ៗ​។ ទោះជា​យ៉ាងណា​ អ្នក​ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម ព្រមទាំង​អ្នកជំងឺ​ទឹកនោមផ្អែម​ គួរ​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​ផ្លែ​ឈើ ក៏​ព្រោះ​ផ្លែ​ឈើ​មួយ​ចំនួន​ធំ មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ពិសេសគឺ​ផ្លែ​ឈើ​ក្រៀម ឬ​ដំណាប់​ផ្លែ​ឈើ​តែ​ម្ដង​។
 
៦. អាហារ​កញ្ចប់
អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២ ឬ​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ គួរ​ជៀស​ឱ្យ​ផុត​ ពី​ការ​ទទួលទាន​អាហារ​កញ្ចប់​។ អាហារ​ប្រភេទ​នេះ ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ពិបាក​​សម្រក​ទម្ងន់​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​មាន​ផ្ទុក​សម្បូរ​​ដោយ​ជាតិ​ខ្លាញ់​មិនល្អ​ ដែល​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ហើយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​ បង្ក​ទៅ​ជា​បញ្ហា​សុខភាព​គួរ​ឱ្យ​​បារម្ភ​។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​ទទួលទាន​អាហារ​កញ្ចប់​ច្រើន​ ក៏​បង្ក​ការ​រលាក​ផ្សេង​ៗ​ក្នុង​រាង​កាយ ​ដែល​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com