អន្តរជាតិ
ថៃបង្គាប់ឱ្យមន្ត្រី និងបុគ្គលិកធ្វើការពីផ្ទះ ដោយសារខ្យល់ក្នុងក្រុងបាងកកមានកម្រិតមិនល្អ ទិដ្ឋភាពលើដងទន្លេChao Praya និងអ័ព្ទ ក្នុងក្រុងបាងកក នៅថ្ងៃទី១៥ ខែកុម្ភៈ។ រូបភាព AFP
× អាជ្ញាធរថៃបានព្រមានថា កម្រិតខ្យល់បំពុលនៅទីក្រុងបាងកក និងខេត្តជុំវិញបានឈានដល់កម្រិត មិនល្អសម្រាប់សុខភាព នៅថ្ងៃទី១៥ ខែកុម្ភៈ។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលបានបញ្ជាឱ្យបុគ្គលិករដ្ឋក្នុង រាជធានីរបស់ខ្លួនធ្វើការពីផ្ទះរយៈពេលពីរថ្ងៃបន្ទាប់ និងជំរុញឱ្យអ្នកផ្សេងទៀតធ្វើដូចគ្នាផងដែរ ដើម្បីការពារសុខភាព។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានថា ការដុតដីចម្ការ ជាកត្តាចម្បង នៅពីក្រោយអ័ព្ទដ៏ខ្លាំង ហើយប្រហែលមួយភាគបួននៃការបំពុលគឺ មកពីយាន យន្តដែលជាកត្តាមួយដែលថៃអាចគ្រប់គ្រងបាន។ ការបំពុលខ្យល់នៅថៃជាទូទៅ គឺបណ្តាល មកពីការរួមផ្សំគ្នានៃការដុតចម្ការសម្រាប់ការធ្វើកសិកម្ម ការបំពុលឧស្សាហកម្ម និង ចរាចរណ៍ខ្លាំង ហើយអ័ព្ទផ្សែងបានគ្របដណ្តប់លើមេឃនៃទីក្រុងបាងកកតែម្ដង។
គេហទំព័រតាមដានគុណភាពខ្យល់របស់ស្វីស IQAir លើកឡើងថា កម្រិតនៃភាគល្អិតដែល ស្រូបចូលបានក្នុងទីក្រុងគឺខ្ពស់ជាងកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ១៥ ដង ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលបំពុលបំផុតទី ៨ លើពិភពលោក បើគិត ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ។
«វាកាន់តែអាក្រក់ទៅៗ ដោយសារមានផ្សែងអ័ព្ទច្រើនពេក។ ខ្ញុំមានអារម្មណ៍រមាស់ភ្នែក ដោយសារមានធូលីច្រើន ហើយការដកដង្ហើមក៏មិនស្រួលដែរ»។ អ្នករត់ម៉ូតូឌុបលោក Kornpong Poprakun វ័យ៥៧ ឆ្នាំបានសម្គាល់បែបនេះ។
នៅក្នុងការព្យាយាមទប់ស្កាត់ការបំពុលពីចរាចរណ៍ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រាប់បុគ្គលិកនៅទីភ្នាក់ងាររបស់រដ្ឋបាលឱ្យធ្វើការពីផ្ទះ ហើយផ្ដល់យោបល់ឱ្យ បុគ្គលិកផ្សេងទៀតក៏គួរតែធ្វើដូចគ្នាដែរ។ លោកបញ្ជាក់ថា តំបន់ខ្លះក្នុងទីក្រុងមានកម្រិត បំពុលខ្លាំង ហើយអាជ្ញាធរបានត្រៀមខ្លួនជាស្រេចក្នុងការគ្រប់គ្រងស្ថានការណ៍។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កសិករក្នុងការទប់ស្កាត់ការដុតចម្ការ និង កញ្ចប់សម្រាប់រថយន្តអគ្គិសនីដែលមានតម្លៃថោក ខណៈពេលដែលសមាជិកសភាថៃកំពុង ពិចារណាលើយុទ្ធនាការខ្យល់អាកាសបរិសុទ្ធសម្រាប់ការដឹកជញ្ជូន អាជីវកម្ម និងកសិកម្ម ដើម្បីកាត់បន្ថយការបំពុលកាន់តែទូលំទូលាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com