អន្តរជាតិ
ថៃបង្គាប់ឱ្យមន្ត្រី និងបុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ ដោយសារខ្យល់ក្នុងក្រុងបាងកកមានកម្រិតមិនល្អ
16, Feb 2024 , 11:09 am        
រូបភាព
ទិដ្ឋភាពលើដងទន្លេChao Praya និងអ័ព្ទ ក្នុងក្រុងបាងកក នៅថ្ងៃទី១៥ ខែកុម្ភៈ។ រូបភាព AFP
ទិដ្ឋភាពលើដងទន្លេChao Praya និងអ័ព្ទ ក្នុងក្រុងបាងកក នៅថ្ងៃទី១៥ ខែកុម្ភៈ។ រូបភាព AFP
អាជ្ញាធរថៃបានព្រមានថា កម្រិតខ្យល់បំពុលនៅទីក្រុងបាងកក និងខេត្តជុំវិញបានឈានដល់កម្រិត មិនល្អសម្រាប់សុខភាព នៅថ្ងៃទី១៥ ខែកុម្ភៈ។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលបានបញ្ជាឱ្យបុគ្គលិករដ្ឋក្នុង រាជធានីរបស់ខ្លួនធ្វើការពីផ្ទះរយៈពេលពីរថ្ងៃបន្ទាប់ និងជំរុញឱ្យអ្នកផ្សេងទៀតធ្វើដូចគ្នាផងដែរ ដើម្បីការពារសុខភាព។

 
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានថា ការដុតដីចម្ការ ជាកត្តាចម្បង នៅពីក្រោយអ័ព្ទដ៏ខ្លាំង ហើយប្រហែលមួយភាគបួននៃការបំពុលគឺ មកពីយាន យន្តដែលជាកត្តាមួយដែលថៃអាចគ្រប់គ្រងបាន។ ការបំពុលខ្យល់នៅថៃជាទូទៅ គឺបណ្តាល មកពីការរួមផ្សំគ្នានៃការដុតចម្ការសម្រាប់ការធ្វើកសិកម្ម ការបំពុលឧស្សាហកម្ម និង ចរាចរណ៍ខ្លាំង ហើយអ័ព្ទផ្សែងបានគ្របដណ្តប់លើមេឃនៃទីក្រុងបាងកកតែម្ដង។
 
គេហទំព័រតាមដានគុណភាពខ្យល់របស់ស្វីស IQAir លើកឡើងថា កម្រិតនៃភាគល្អិតដែល ស្រូបចូលបានក្នុងទីក្រុងគឺខ្ពស់ជាងកម្រិតដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ១៥ ដង ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលបំពុលបំផុតទី ៨ លើពិភពលោក បើគិត ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ។
 
«វាកាន់តែអាក្រក់ទៅៗ ដោយសារមានផ្សែងអ័ព្ទច្រើនពេក។ ខ្ញុំមានអារម្មណ៍រមាស់ភ្នែក ដោយសារមានធូលីច្រើន ហើយការដកដង្ហើមក៏មិនស្រួលដែរ»។ អ្នករត់ម៉ូតូឌុបលោក Kornpong Poprakun វ័យ៥៧ ឆ្នាំបានសម្គាល់បែបនេះ។
 
នៅក្នុងការព្យាយាមទប់ស្កាត់ការបំពុលពីចរាចរណ៍ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រាប់បុគ្គលិកនៅទីភ្នាក់ងាររបស់រដ្ឋបាលឱ្យធ្វើការពីផ្ទះ ហើយផ្ដល់យោបល់ឱ្យ បុគ្គលិកផ្សេងទៀតក៏គួរតែធ្វើដូចគ្នាដែរ។ លោក​បញ្ជាក់ថា តំបន់​ខ្លះ​ក្នុង​ទីក្រុង​មាន​កម្រិត​ បំពុល​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍។
 
គួរបញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់កសិករក្នុងការទប់ស្កាត់ការដុតចម្ការ និង កញ្ចប់សម្រាប់រថយន្តអគ្គិសនីដែលមានតម្លៃថោក ខណៈពេលដែលសមាជិកសភាថៃកំពុង ពិចារណាលើយុទ្ធនាការខ្យល់អាកាសបរិសុទ្ធសម្រាប់ការដឹកជញ្ជូន អាជីវកម្ម និងកសិកម្ម ដើម្បីកាត់បន្ថយការបំពុលកាន់តែទូលំទូលាយ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com